កម្ពុជា​បដិសេធ​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ

មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ បាន​បដិសេធ​មិន​ដក​កង​ទ័ព​កម្ពុជា​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ ទៅ​តាម​ការ​ទាមទារ​របស់​នាយករដ្ឋមន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ទេ ពីព្រោះ​កម្ពុជា​មិន​បាន​ឈ្លាន​ពាន​ដឹក​ដី​ថៃ​នោះ​ឡើយ។

0:00 / 0:00

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​សីហា បាន​ប្ដេជ្ញា​ថា កងទ័ព​កម្ពុជា នឹង​មិន​ដក​ថយ​ពី​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ ទៅ​តាម​ការ​ទាមទារ​របស់​នាយករដ្ឋមន្ត្រី​ថៃ​ទេ ហើយ​ថែម​ទាំង​ព្រមាន​តប​ទៅ​វិញ​ថា កម្ពុជា​នឹង​ធ្វើ​ការ​ប្រយុទ្ធ​​តប​ត​នឹង​កងទ័ព​ថៃ ប្រសិន​បើ​កង​ទ័ព​ថៃ ចូល​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា។

ការ​ព្រមាន​របស់​មន្ត្រី​ក្រសួង​ការពារជាតិ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajeva) ដែល​ថា អាជ្ញាធរ​ថៃ កំពុង​ព្យាយាម​ជម្លៀស​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ពីព្រោះ​កងទ័ព​កម្ពុជា បាន​រំលោភ​ចូល​ទឹក​ដី​ខ្លួន។

លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ បាន​បន្ទោស​ថា វិបត្តិ​ព្រំដែន​កើត​ឡើង​ដោយសារ​កម្ពុជា បាន​រំលោភ​ចូល​ទឹក​ដី​ខ្លួន ដូច្នេះ​ថៃ នឹង​ការពារ​ទឹកដី​របស់​ខ្លួន ដោយ​ប្រើ​មធ្យោបាយ​សន្តិវិធី។

ការ​លើក​ឡើង​របស់​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ ចំពោះ​ការ​ប្រើប្រាស់​មធ្យោបាយ​សន្តិ​វិធី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន វា​ផ្ទុយ​នឹង​ការ​ព្រមាន​របស់​ខ្លួន កាល​ពី​សប្ដាហ៍​មុន​ថា ថៃ​នឹង​ប្រើ​កម្លាំង​យោធា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា។

សារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក AP នៅ​ថ្ងៃ​អង្គារ ទី​១០ សីហា បាន​ដក​ស្រង់​សម្ដី​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ ថា ជា​ដំបូង​ថៃ នឹង​ប្រើប្រាស់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន។ ប៉ុន្តែ​ប្រសិន​បើ​កម្ពុជា ចង់​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្ពុជា និង​ថៃ កម្ពុជា​ត្រូវ​តែ​ចាក​ចេញ​ពី​ទឹក​ដី​ថៃ។

លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា កងទ័ព​កម្ពុជា នឹង​បន្ត​ឈរ​ជើង​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដើម្បី​ការពារ​បូរណភាព​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​សីហា​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា កងទ័ព​កម្ពុជា នឹង​មិន​ចល័ត​កងទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​តាំង​ទី​លំនៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ មុន​ការ​ចុះ​អនុស្សរណៈ​រវាង​កម្ពុជា និង​ថៃ នៅ​ឆ្នាំ​២០០០។

លោក ឈុំ សុជាត និង​លោក កុយ គួង មាន​ប្រសាសន៍​ដូច​គ្នា​ថា កម្ពុជា​នឹង​បន្ត​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ ទោះ​បី​ជា​ជម្លោះ​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ​ក្តី។

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​សម្ព័ន្ធ​មេត្រីភាព​រវាង​កងទ័ព និង​ក្រុមហ៊ុន​សប្បុរស​ជន ប្រយោជន៍​ដើម្បី​ជួយ​រំលែក​ការ​ចំណាយ​របស់​កម្ពុជា ក្នុង​វិស័យ​ការពារ​ជាតិ។ រដ្ឋ​សភា​កម្ពុជា បាន​អនុម័ត​ទឹក​ប្រាក់​ប្រមាណ ៥០០​លាន​ដុលា្លរ​សម្រាប់​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ​នៅ​ឆ្នាំ​២០១០។

កម្ពុជា​គ្រោង​នឹង​បង្កើត​ថវិកា​ជាតិ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ស្តីពី​ការ​ដំឡើង​ថវិកា​ក្នុង​វិស័យ​ការពារ​ជាតិ​នៅ​ឡើយ​ទេ។

មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ជាង ៤០ បាន​ចង​សម្ព័ន្ធ​មេត្រី​ជា​ផ្លូវការ​ជាមួយ​យោធា​កម្ពុជា​ហើយ។

លោក ឈុំ សុជាត ថា កងទ័ព​កម្ពុជា​ត្រូវ​ការ​សប្បុរស​ជន ដើម្បី​ជួយ​ឧបត្ថម្ភ​ដោយ​ស្ម័គ្រ​ចិត្ត ក្នុង​វិស័យ​ការពារ​ជាតិ​បន្ថែម​ទៀត។

សង្គ្រាម​ពាក្យ​សម្ដី​រវាង​កម្ពុជា និង​ថៃ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ចុង​ខែ​កក្កដា ក្រោយ​ពេល​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ ថៃ​បាន​ជំទាស់​ទៅ​នឹង​ការ​ទទួល​យក​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដោយ​ខ្លួន​ខ្លាច​កម្ពុជា ដាក់​បញ្ចូល​ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ៤,៦​គីឡូម៉ែត្រ​ការ៉េ ក្នុង​ផែនការ​គ្រប់គ្រង​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​សីហា បាន​ជូន​ដំណឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ អំពី​បំណង​របស់​ថៃ ក្នុង​ការ​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន។

ទោះ​បី​មេ​បញ្ជាការ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​សីហា បង្ហាញ​ជំហរ​មិន​ចង់​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ក៏ដោយ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ត្រៀម​ជា​ស្រេច ដើម្បី​ប្រយុទ្ធ ប្រសិន​បើ​មាន​ការ​ឈ្លានពាន​ទឹក​ដី៕