មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលធ្ងន់ធ្ងរៗថា កម្ពុជាមិនទទួលយក និងមិនបង្កើតឲ្យមានកិច្ចព្រមព្រៀងចុះបញ្ជីរួមគ្នា ស្នើដោយភាគីថៃ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់រណបជុំវិញប្រាសាទព្រះវិហារជាដាច់ខាត។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលដូច្នេះ គឺបន្ទាប់ពីបណ្ដាញសារព័ត៌មានថៃ បានដកស្រង់សម្ដីលោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajeva) នាយករដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះបានអះអាងថា កម្ពុជាអាចបញ្ចប់ជម្លោះព្រំដែនជាមួយថៃបាន លុះត្រាមានការព្រមព្រៀងចុះបញ្ជីរួមគ្នាលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់រណបជុំវិញប្រាសាទព្រះវិហាររួចមក។
ទោះយ៉ាងនេះក្តី លោក ផៃ ស៊ីផាន បានចាត់ទុកការអះអាងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃថា មានមហិច្ឆតាអាក្រក់ ឈ្លានពានមកលើទឹកដីកម្ពុជា។
លោក ផៃ ស៊ីផាន បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាប្រាសាទព្រះវិហារ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៤ ខែសីហា ដូច្នេះ ៖ «អានេះជាកលល្បិចពិសពុលនៃមហិច្ឆតាឈ្លានពាន និងចង់លេបទឹកដីខ្មែរតែប៉ុណ្ណោះ។ ដូច្នេះកម្ពុជា បានប្រាប់ពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់ គឺមិនទទួល ហើយមិនចង់ឮពាក្យគ្រប់គ្រងរួម ឬការចុះបញ្ជីរួម ដែលជាកលល្បិចពិសពុលនោះទេ។ អានេះជាកលល្បិចមហិច្ឆតាវាតទីនិយម ឬលេបទឹកដីរបស់យើងទេ។ អាបញ្ហាដែលបានលើកឡើងហ្នឹង គេបានលើកតាំងពីឆ្នាំ២០០៧»។
បន្ទាប់ពីបរាជ័យក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៤ នៅប្រទេសប្រេស៊ីល ដែលទើបបញ្ចប់នៅទី៣ ខែសីហា ឆ្នាំ២០១០ រួចមក លោក កាស៊ីត ភិរម្យ និងលោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយករដ្ឋមន្ដ្រីថៃ បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃថា កម្ពុជា អាចបញ្ចប់បញ្ហាជាមួយថៃបាន លុះត្រាតែប្រទេសទាំងពីរបង្កើតឲ្យមានកិច្ចព្រមព្រៀងចុះបញ្ជីរួមគ្នាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់រណបជុំវិញប្រាសាទព្រះវិហារ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលថៃ ដែលទាមទារគ្រប់គ្រង និងអភិវឌ្ឍតំបន់រណបជុំវិញប្រាសាទព្រះវិហារថា ធ្វើឡើងខុសច្បាប់។
លោក រ៉ុង ឈុន មានប្រសាសន៍ថា ៖ «ការអះអាងរបស់នាយករដ្ឋមន្ត្រីសៀម ជាការរំលោភទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជាសាលក្រមតុលាការអន្តរជាតិ ទីក្រុងឡាអេ ឆ្នាំ១៩៦២ ហើយជាការរំលោភទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧។ តំបន់ប្រាសាទព្រះវិហារជាទឹកដីរបស់ខ្មែរ ហើយបើសៀមទាមទារឲ្យចុះកិច្ចព្រមព្រៀងរួម អាហ្នឹងវាជាការរំលោភអធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជាយើងហើយ»។
បន្ថែមលើនេះ លោក ផៃ ស៊ីផាន បានផ្ដល់អនុសាសន៍ទៅមេដឹកនាំរដ្ឋាភិបាលថៃថា ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ឲ្យមានប្រសិទ្ធភាព មេដឹកនាំថៃ គួរទុកពេលវេលាឲ្យគណៈកម្មាធិការចម្រុះព្រំដែនគោកប្រទេសទាំងពីរ បន្តសកម្មភាពបោះបង្គោលព្រំដែនឲ្យចប់ជាស្ថាពរ ដើម្បីបង្ហាញឲ្យឃើញភាពច្បាស់លាស់ព្រំដែនរវាងប្រទេសទាំងពីរ៕
