IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​វាយតម្លៃ​ថា ឆ្នាំ​នេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​ដែល​គេ​រំពឹង​ទុក​ពី​មុន​មក ក្នុង​ខណៈ​ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

ទីភ្នាក់​ព័ត៌មាន AFP បាន​ស្រង់​ប្រសាសន៍​លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែល​មក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ​ដើម្បី​វាយ​តម្លៃ​ការ​អភិវឌ្ឍ​ថា មុន​នេះ IMF ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​ខ្មែរ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ក្រោម​សូន្យ​ដល់​-០,៥%​នោះ តែ​ឥឡូវ​មើល​ឃើញ​ថា ធ្លាក់​ចុះ​ដល់​-២,៧៥% ក្នុង​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច​ដំណើរការ​មិន​ដូច​ការ​រំពឹង​ទុក​មក​នោះ។

លោក​ថា កត្តា​ចម្បង​នៃ​សេដ្ឋកិច្ច​ខ្មែរ​មាន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដេរ​ស្រាប់​ទៅ​សហរដ្ឋ​អាមេរិក​ការ​ចំណាយ​របស់​ភ្ញៀវ​បរទេស​និង​ការ​វិនិយោគ​ទុន​បរទេស​លើ​ផ្នែក​សំណង់​ធំៗ​បាន​ត្រូវ​ថយ​ចុះ​ខ្លាំង។

ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា ការ​វិនិយោគ​លើ​ផ្នែក​ផ្លូវ​ថ្នល់​ជនបទ​និង​ខាង​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​ត្រូវ​រំពឹង​ថា នឹង​បង្កើន​ផលិតផល​កសិកម្ម​៥%​នៅ​ឆ្នាំ​នេះ។

ព័ត៌មាន​បន្ត​ថា ទោះ​បី​ជា​ប៉ុន្មាន​ឆ្នាំ​មុន​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​នេះ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ជាង​១០%​ក្តី ក៏​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រ​បំផុត​ក្នុង​ពិភពលោក។

អត្រា​មនុស្ស​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​និង​ប្រាក់​ចំណូល​ទាប។ គឺ​អ្នក​មាន​ការងារ​ធ្វើ​ប្រមាណ​៣៥%​ក្នុង​ចំណោម​មនុស្ស​១៤​លាន​នាក់​រស់នៅ​ដោយ​មាន​ប្រាក់​ចំណូល​៥០​សេន​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ៕