ទីភ្នាក់ព័ត៌មាន AFP បានស្រង់ប្រសាសន៍លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែលមកធ្វើទស្សនកិច្ចស្រុកខ្មែរដើម្បីវាយតម្លៃការអភិវឌ្ឍថា មុននេះ IMF ទស្សន៍ទាយថា សេដ្ឋកិច្ចខ្មែរឆ្នាំនេះធ្លាក់ចុះក្រោមសូន្យដល់-០,៥%នោះ តែឥឡូវមើលឃើញថា ធ្លាក់ចុះដល់-២,៧៥% ក្នុងពេលដែលផ្នែកខ្លះនៃសេដ្ឋកិច្ចដំណើរការមិនដូចការរំពឹងទុកមកនោះ។
លោកថា កត្តាចម្បងនៃសេដ្ឋកិច្ចខ្មែរមានការនាំចេញសម្លៀកបំពាក់ដេរស្រាប់ទៅសហរដ្ឋអាមេរិកការចំណាយរបស់ភ្ញៀវបរទេសនិងការវិនិយោគទុនបរទេសលើផ្នែកសំណង់ធំៗបានត្រូវថយចុះខ្លាំង។
ក៏ប៉ុន្តែលោកបន្ថែមថា ការវិនិយោគលើផ្នែកផ្លូវថ្នល់ជនបទនិងខាងប្រព័ន្ធធារាសាស្ត្របានត្រូវរំពឹងថា នឹងបង្កើនផលិតផលកសិកម្ម៥%នៅឆ្នាំនេះ។
ព័ត៌មានបន្តថា ទោះបីជាប៉ុន្មានឆ្នាំមុនវិបត្តិសេដ្ឋកិច្ចសកលលោកនេះអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានជាង១០%ក្តី ក៏កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្របំផុតក្នុងពិភពលោក។
អត្រាមនុស្សអត់ការងារធ្វើមានកម្រិតខ្ពស់និងប្រាក់ចំណូលទាប។ គឺអ្នកមានការងារធ្វើប្រមាណ៣៥%ក្នុងចំណោមមនុស្ស១៤លាននាក់រស់នៅដោយមានប្រាក់ចំណូល៥០សេនប្រាក់ដុល្លារអាមេរិកក្នុងមួយថ្ងៃ៕
