ឱសថដែលសហគ្រាសឱសថ PPM បាននាំចេញទៅក្រៅប្រទេសនោះ មានឱសថសម្រាប់ព្យាបាលរោគស្រ្តី ឱសថព្យាបាលគ្រុនក្តៅ ឱសថទម្លាក់ព្រូនកូនក្មេង ឱសថសម្រាប់ព្យាបាលជំងឺក្អក ឱសថព្យាបាលជំងឺរាករូស ឱសថព្យាបាលផ្តាសាយ រួមជាមួយនឹងឱសថសម្រាប់បំបាត់ការឈឺចុកចាប់និងឱសថជាច្រើនមុខទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថា តំណាងចែកចាយនៅក្រៅប្រទេសរបស់សហគ្រាសឱសថ PPM មានចំនួន១៣ប្រទេស ដែលរួមមានប្រទេសបារាំង ប្រទេសវៀតណាម ប្រទេសកុងហ្គោ ប្រទេសសេណេហ្កាល់ ប្រទេសម៉ាលី ប្រទេសប៉េណាំង ប្រទេសនីហ្សេ ប្រទេសកូតឌីវ័រ ប្រទេសហ្គីណេ ប្រទេសម៉ូរីតានី ប្រទេសហ្គាបុង ប្រទេសបៀរគីណាហ្វាស្កូ និងប្រទេសតូហ្គោ។
ក្រៅពីនេះសហគ្រាសផលិតឱសថ PPM បានប្រកាសគម្រោងពង្រីកទីផ្សាររបស់ខ្លួនទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេស។ ការពង្រីកទីផ្សារឱសថទៅក្រៅប្រទេសរបស់សហគ្រាសផលិតឱសថកម្ពុជា នឹងធ្វើឡើងតាមរយៈការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ អំពីគុណភាពនៃឱសថដែលផលិតដោយសហគ្រាសផលិតឱសថ PPM៕
