របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងថា ការធ្លាក់ចុះរបស់សេដ្ឋកិច្ចកម្ពុជាដោយសារការនាំចេញវិស័យផលិតផលកាត់ដេរទៅអាមេរិកមានការធ្លាក់ចុះ២៦%, ចំនួនទេសចរមកទស្សនាប្រទេសកម្ពុជាមានការធ្លាក់ចុះ ហើយគម្រោងសាងសង់នានាមានការធ្លាក់ចុះ១ភាគ៤ផងដែរ បើប្រៀបធៀបនឹងឆ្នាំកន្លងទៅក្នុងរយៈពេល៦ខែដើមឆ្នាំដូចគ្នា។
ទោះបីជា GDPពិតរបស់កម្ពុជាមានការធ្លាក់ចុះ-២%នៅឆ្នាំ២០០៩ក្តី ក៏ប៉ុន្តែធនាគារពិភពលោកបានព្យាករណ៍ថា នៅឆ្នាំ២០១០ GDPប្រទេសកម្ពុជាមានសញ្ញាចាប់ផ្តើមងើបឡើងវិញ ហើយGDPពិតអាចឡើងដល់៤%នៅឆ្នាំ២០១០នោះ។
លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ឬគណៈកម្មការទី២នៃរដ្ឋសភា មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចពិភពលោកបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ។
លោក ជាម យៀប បានឯកភាពទៅនឹងរបាយកាណ៍របស់ធនាគារពិភពលោកដែលនិយាយពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០០៩នេះ។ ប៉ុន្តែលោករំពឹងថា ការធ្លាក់ចុះនៃGDPរបស់កម្ពុជានេះនឹងងើបឡើងវិញបានឆាប់រហ័សក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ២០១០ខាងមុខ។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «ជារួមទៅខ្ញុំឃើញថា ខ្ញុំយល់ស្របមួយជ្រុងជាមួយការវាយតម្លៃរបស់ World Bank (ធនាគារពិភពលោក) ដែលបានលើកឡើង ក៏ប៉ុន្តែគ្រាន់ថា ចំពោះកម្ពុជាយើង ទោះបីយើងមានកំណើនតិចតួចនៅក្នុងថវិកាជាតិឆ្នាំ២០១០យ៉ាងណាក៏ដោយ ក៏យើងនៅតែជួបប្រទះការលំបាកខ្លះដែរ ក្នុងនោះប្រភពចំណូលដែលយើងធ្លាប់ចូល ឃើញថា ធ្លាប់នាំដូចជាសម្លៀកបំពាក់ក៏ដូចជាស្បែកជើង វាយនភ័ណ្ឌរបស់យើងដែលចេញទៅទីផ្សារដ៏ធំ គឺសហរដ្ឋអាមេរិក ដល់អាមេរិកប៉ះពាល់អ៊ីចឹងទៅ គឺថាមានការលំបាកដល់យើងដែរ»។
ធនាគារពិភពលោកបានឲ្យដឹងថា តម្រូវការក្នុងស្រុករបស់ប្រទេសចិនបានជួយជំរុញឲ្យសេដ្ឋកិច្ចតំបន់ងើបឡើងជាថ្មី ប៉ុន្តែប្រទេសមួយចំនួនក្នុងតំបន់នៅតែបន្តធ្លាក់ចុះ ដោយប្រទេសទាំងនោះនៅតែបន្តរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកដដែល ហើយGDPរបស់គេថយចុះ ដូចជាប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ ជាដើម។ សម្រាប់ប្រទេសម៉ុងហ្គោលីនិងប្រទេសកោះមួយចំនួននៃសមុទ្រប៉ាស៊ីហ្វិក GDPមានកំណើនតែបន្តិចបន្តួចតែប៉ុណ្ណោះ៕
