ក្រសួងការបរទេសកម្ពុជានៅថៃ្ងសៅរ៍នេះបានប្រតិកម្មជាផ្លូវការលើក ដំបូងដោយពាក្យសម្ដីធ្ងន់ៗថា ប្រទេសកម្ពុជាស្វាគមន៍បើសិនណាប្រទេសថៃនឹងបញ្ជូនកងកម្លំាងទ័ពជា លើកទីបីមកបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារ ហើយប្រទេសកម្ពុជាជំទាស់យ៉ាងដាច់ខាតចំពោះការប៉ុនប៉ងរបស់ប្រទេសថៃ ក្នុងការស្នើសុំឲ្យអង្គការយូណេស្កូដកប្រាសាទព្រះវិហារចេញពីបញ្ជី បេតិភណ្ឌពិភពលោកនោះ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថៃ្ងសៅរ៍នេះនៅឯក្រសួងការបរទេសក្នុងទីក្រុងភ្នំពេញថា ៖ «បញ្ហាដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះជាបញ្ហារបស់កម្ពុជាសុទ្ធសាធជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អត់មានទាក់ទងអ្វីសោះដល់ថៃ ហើយថៃនឹងបញ្ជូនគណៈប្រតិភូទៅតវ៉ាដើម្បីឲ្យគេដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនេះ។ ទំនាស់នៅព្រំដែនមានពីរដងរួចទៅហើយ បើសិនជាគេចង់បញ្ជូនកងទ័ពចូលមកកម្ពុជាលើកទី៣ម្ដងទៀត យើងសូមស្វាគមន៍»។
លោក ហោ ណាំហុង បានមានប្រសាសន៍ដោយប្រសាសន៍ធ្ងន់ៗថា ក្រុមមន្រ្តីកំពូលៗរបស់ថៃបានធ្វើអត្ថាធិប្បាយជុំវិញប្រាសាទព្រះវិហារនោះប្រៀបបានជាសម្ដីបង្កជម្លោះ មិនដឹងខ្យល់ ហើយសម្ដីនោះប្រៀបបានដូចជាកូនក្មេងមិនដឹង១០។
ស្របពេលនេះដែរ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជារដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលកម្ពុជា លោកបានដឹកនាំគណៈប្រតិភូខែ្មរជាន់ខ្ពស់មួយក្រុមនៅថៃ្ងសៅរ៍នេះដែរទៅចូលរួមប្រជុំលើកទី៣៣ នៃគណៈកម្មាធិការបេតិភណ្ឌពិភពលោកនៅក្នុងប្រទេសអេស៉្បាញ ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងទី២៣ ខែមិថុនាសប្តាហ៍ខាងមុខនេះ ដើម្បីដាក់បេក្ខភាពរបស់ប្រទេសកម្ពុជាជាសមាជិករបស់គណៈកម្មាធិការបេតិភណ្ឌពិភពលោក។
នៅមុនការចាកចេញដំណើរពីប្រទេសកម្ពុជានោះ លោក សុខ អាន បានមានប្រសាសន៍ថា ការវាយប្រហាររបស់ក្រុមមន្រ្តីជាន់ខ្ពស់ថៃមកលើអង្គការយូណេស្កូអំពីការដាក់ប្រាសាទព្រះវិហារជាបេតិភណ្ឌពិភពលោកនោះគឺជាការតវ៉ាគ្មានសមហេតុផលទ្បើយ ហើយកម្ពុជាជំទាស់ជាដាច់ខាត។
នៅមិនទាន់មានប្រតិកម្មណាមួយនៅឡើយទេពីសំណាក់អ្នកការទូតថៃប្រចាំនៅក្នុងប្រទេសកម្ពុជាជុំវិញបញ្ហាខាងលើនេះ។
គេកត់សម្គាល់ឃើញថា ប្រតិកម្មយ៉ាងខ្លាំងក្លារបស់មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជានេះបានធ្វើទ្បើងក្រោយពីលោកនាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva និងមន្រ្តីជាន់ខ្ពស់របស់ថៃមួយចំនួនទៀត ត្រូវបានកាសែតថៃឈ្មោះ The Nation និង Bangkok Post បានដកស្រង់សម្ដីនិយាយថា ប្រទេសថៃមានគម្រោងការស្នើសុំឲ្យយូណេស្កូសើរើទ្បើងវិញក្នុងការដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិភណ្ឌពិភពលោកដែលយូណេស្កូបានសម្រេចដាក់កាលពីខែកក្កដា ឆ្នាំ២០០៨កន្លងទៅ៕
