ចមប្រសិទ្ធ៖ វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ លោក ចម ប្រសិទ្ធ បាន​ផ្តល់​នូវ​ការ​ទុក​ចិត្ត​ថា វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​កាល​ពី​ឆ្នាំ​២០០៩ នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​ដែល​បាន​ជំរុញ​ឲ្យ​រោងចក្រ​រាប់រយ​នៅ​កម្ពុជា​បាន​បិទ​ទ្វារ ហើយ​កម្មករ​រាប់​ម៉ឺន​នាក់​បាន​អស់​ការងារ​នោះ។

លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា តាម​តួលេខ​ស្តី​ពី​ការ​នាំ​ចេញ​របស់​កម្ពុជា ដែល​ទើប​នឹង​សរុប​រួច​កាល​ពី​ថ្ងៃ​ទី​១២ មីនា កន្លង​មក​នេះ កម្ពុជា​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​១៩% ខុស​ពី​ការ​ប៉ាន់​ស្មាន​របស់​ខ្លួន​ដែល​ថា ការ​ធ្លាក់​ចុះ​នោះ​នឹង​មាន​ចន្លោះ​ពី​២២ ទៅ ២៤%។ ប្រៀបធៀប​ក្នុង​ខែ​មករា ឆ្នាំ​មុន​និង​ឆ្នាំ​នេះ​ឃើញ​ថា មាន​ការ​កើន​ឡើង​វិញ​ប្រមាណ​៥​ទៅ​៦%។ ទឹក​ប្រាក់​ដែល​បាន​ពី​ការ​នាំ​ចេញ​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​នេះ មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ។

លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «និយាយ​រួម គឺ​ឆ្នាំ​នេះ​ចាប់​ផ្ដើម​ចូល​ខែ​មករា យើង​ឃើញ​សញ្ញា​វិជ្ជមាន​មក​វិញ​ហើយ យើង​ឃើញ​កើន​បាន​៥-៦% បើ​ប្រៀប​ធ្រៀប​ទៅ​នឹង​ខែ​មករា​ឆ្នាំ​កន្លង​ទៅ។ ការ​ព្យាករណ៍​របស់​យើង​មុន​ថា ក្រោយ​វិបត្តិ​សេដ្ឋកិច្ច ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​យើង​អាច​ធ្លាក់​រហូត​ដល់​២២-​២៤% ប៉ុន្តែ​តួលេខ​ខ្ញុំ​ទើប​បាន​ម្សិលមិញ​បូក​សរុប​ស្រួល​បួល​ទៅ គឺ​ថ្លាក់​តែ​១៩%​ទេ ឆ្នាំ​២០០៩ ហើយ​ឥឡូវ​ចាប់​ផ្ដើម​ពី​ខែ​មករា ២០១០ គឺ​ចាប់​ផ្ដើ​កើន​ឡើង​វិញ អ៊ីចឹង​យើង​សង្ឃឹម​ថា វិស័យ​កាត់ដេរ​រស់​ឡើង​វិញ​បាន​ហើយ​នៅ​កម្ពុជា»

ទោះ​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច​ខ្មែរ​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​មិន​ទាន់​អាច​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។ ប្រទេស​នេះ​ត្រូវការ​ការ​បណ្តាក់​ទុន​វិនិយោគ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ពិសេស​ទាក់ទង​នឹង​វិស័យ​កសិឧស្សាហកម្ម​និង​ការ​ទាក់ទាញ​ផ្នែក​ទេសចរ​ផង​ដែរ៕