កម្ពុជា​លាវ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​បង្រ្កាប​បទល្មើស​ឆ្លង​ដែន

ប្រទេស​កម្ពុជា​និង​លាវ​បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ រក្សា​សន្តិសុខ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​និង​អំពើ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ។

0:00 / 0:00

ការ​ចុះ​ហត្ថលេខា​នោះ​បាន​ធ្វើ​ទ្បើង​នៅ​ឯ​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា កាល​ពី​ថៃ្ង​ទី​១១ ខែ​មីនា ថ្មីៗ​នេះ រវាង​លោក ស ខេង ជា​ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជាមួយនឹង​សមភាគី​របស់​លោក គឺ​លោក ផងបាញ់ សេងអាថន ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​លាវ ដែល​ទើប​បាន​បញ្ចប់​ទស្សកិច្ច​រយៈពេល​៤​ថៃ្ង កាល​ពី​ថៃ្ង​អាទិត្យ ១៤ មីនា​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។

កិច្ចព្រមព្រៀង​ទ្វេ​ភាគី​លើ​កំណត់​ហេតុ​រវាង​ប្រទេស​ទាំង​ពីរ​នោះ គឺ​សម្រាប់​ឆ្នាំ​២០១០ រៀង​រាល់​មួយ​ឆ្នាំ​ម្តង ដោយ​ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម បន្ត​ជូន​ដំណឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ទាន់​ពេល​វេលា​អំពី​សកម្មភាព​ដែល​បង្ក​អស្ថិរភាព សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សង្គម​រវាង​ប្រទេស​ទាំង​ពីរ និង​បង្កើន​ការ​ត្រួត​ពិនិត្យ​អំពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់។

មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ច័ន្ទ ១៥ មីនា​នេះ​ថា ៖ «ដោយសារ​តែ​មាន​កិច្ចសហ​ប្រតិបត្តិការ​ហ្នឹង​ហើយ បាន​ជា​យើង​អាច​ជូន​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក អាច​ក្ដាប់​បាន​ជន​ល្មើស អាច​រាំង​ខ្ទប់​នូវ​ការ​ជួញដូរ​រត់​ពន្ធ​គ្រឿង​ញៀន​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ឆ្នាំ​កន្លង​មក​ហើយ។ យើង​នឹង​ពង្រឹង​និង​ពង្រីក​សហ​ប្រតិបត្តិ​ការ​ហ្នឹង​ថែម​ទៀត»

កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​ម្តង​ទៅ​ហើយ​រវាង​ភាគី​លាវ​និង​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ នៅ​ពេល​ដែល​លោក​ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លាវ។

មន្រ្តី​នគរបាល​មួយ​រូប​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង យាម​ការពារ​នៅ​ចក្រ​ព្រំដែន​កម្ពុជា-​លាវ បាន​ថែ្លង​ថា បទ​ល្មើស​ភាគ​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​និង​លាវ គឺ​ការ​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​ប្រភេទ​ឈើ​គ្រញូង ហើយ​ក្រៅ​ពី​នេះ គឺ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​ពី​តំបន់​ត្រីកោណ​មាស​ក្នុង​ប្រទេស​ភូមា ចូល​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​របៀង​នានា​ពី​ប្រទេស​លាវ។

មន្រ្តី​នគរបាល​មួយ​រូប​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បទល្មើស​ព្រៃ​ឈើ​ច្រើន។ គ្រឿង​ញៀន​នេះ​និយាយ​ទៅ​វា​ខុស​ជំនាញ​ខ្ញុំ ប៉ុន្តែ​មិន​មែន​ថា​អត់​ទេ។ បទល្មើស​ព្រៃ​ឈើ​ហ្នឹង​គឺ​នៅ​ជាប់​ព្រំ​ប្រទល់​ហ្នឹង​តែម្ដង។ តាម​ខ្ញុំ​ដឹង​ទៅ​វា​យក​ពី​លាវ​ចូល​មក​កម្ពុជា យក​ពី​ភូមា​ឆ្លង​កាត់​លាវ​ចូល​កម្ពុជា»

ប្រទេស​កម្ពុជា​និង​ប្រទេស​លាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង​៥៤១​គីឡូម៉ែត្រ នៅ​ក្នុង​នោះ​មាន​ច្រក​ព្រំដែន​ធំ​មួយ​ឈ្មោះ​ច្រក​ដុំក្រទ្ប នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ជាប់​នឹង​ប្រទេស​លាវ ព្រមទាំង​មាន​ច្រក​របៀង​តូចៗ​ជា​ច្រើន​កន្លែង​ទៀត៕