ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ឈ្នះ​ពាន​រង្វាន់​អេក្វាទ័រ

ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ដែល​ដឹក​នាំ​សហគមន៍​ថែ​រក្សា និង​អភិរក្ស​ព្រៃ​ឈើ​នៅ​កម្ពុជា ត្រូវ​បាន​គម្រោង​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) ជ្រើស​រើស​ជា​អ្នក​ឈ្នះ​ជ័យ​លាភី​ក្នុង​ការ​ទទួល​ពាន​រង្វាន់​អេក្វាទ័រ (Equator)។

0:00 / 0:00

ព្រះ​តេជគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​សង្ឃ​រុក្ខវ័ន្ត ត្រូវ​បាន​គម្រោង​អភិវឌ្ឍន៍​នៃ​អង្គការ​សហ​ប្រជាជាតិ (UNDP) បាន​ជ្រើស​រើស​ជា​អ្នក​ឈ្នះ​នៃ​ពាន​រង្វាន់​អេក្វាទ័រ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ ក្រោយ​ពី​ព្រះអង្គ​បាន​ដឹក​នាំ​សកម្មភាព​ថែ​រក្សា​ព្រៃ​ឈើ និង​សត្វ​ព្រៃ​នៅ​ខេត្ត​ឧត្តរមានជ័យ អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ​មក។

មាន​ព្រះ​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា បន្ទាប់​ពី​ការ​ជ្រើស​រើស​នោះ ព្រះ​តេជគុណ​បាន​សម្ដែង​ថា ព្រះអង្គ​មិន​នឹក​ស្មាន​ដល់​ថា ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នោះ​ឡើយ។

ព្រះ​តេជគុណ ប៊ុន សាលួត មាន​ព្រះ​ថេរ​ដីកា​ដូច្នេះ ៖ «មាន​សេចក្ដី​រំភើប​យ៉ាង​ខ្លាំង អាត្មា​គិត​ស្មាន​មិន​ដល់។ បើ​តាម​អាត្មា​ដឹង ប្រហែល​ជា​គេ​វាយ​តម្លៃ​ទៅ​លើ​ការ​លះ​បង់ លះ​បង់​កម្លាំង​កាយ លះ​បង់​ធនធាន លះ​បង់​ជីវិត​របស់​យើង។ យើង​ធ្វើ​មិន​គិត​អំពី​កម្រៃ ហើយ​មួយ​ទៀត យើង​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​យើង»

របាយការណ៍​របស់​អង្គការ UNDP ដែល​បាន​ផ្ញើ​ប្រគេន​ព្រះ​តេជគុណ ប៊ុន សាលួត គង់​នៅ​វត្ត​ប្រាសាទ​រាជា ក្នុង​ភូមិ​សំរោង ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ដើម្បី​និមន្ត​ព្រះអង្គ​ឲ្យ​ទៅ​ទទួល​យក​ពាន​រង្វាន់​អេក្វាទ័រ សម្រាប់​ឆ្នាំ​២០១០ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ខាង​មុខ បាន​បញ្ជាក់​ថា ព្រះ​តេជគុណ ប៊ុន សាលួត បាន​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​ក្នុង​ចំណោម​អ្នក​ឈ្នះ​រង្វាន់ ២៥​រូប​ទៀត ដែល​គេ​បាន​ធ្វើការ​ជ្រើស​រើស​ចេញ​ពី​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​ចំនួន​ជាង ៣០០​សហគមន៍​រួច​មក​ក្នុង​ប្រទេស​ចំនួន ៩៩​ប្រទេស នៅ​ក្នុង​ពិភពលោក។

ព្រះ​តេជគុណ ស៊ុន ថា ដែល​ជា​ព្រះសង្ឃ​ចូល​រួម​នៅ​ក្នុង​ការងារ​នេះ​ជាមួយ​ព្រះ​តេជគុណ ប៊ុន សាលួត​ដែរ មាន​ព្រះ​ថេរ​ដីកា​ដោយ​ក្តី​រំភើប​ថា ព្រះអង្គ​នឹង​បន្ត​ចូល​រួម​ការងារ​នេះ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ៖ «យើង​ដែល​បាន​ផល​មក​ហើយ ក៏​យើង​នឹង​ប្រឹងប្រែង​បន្ថែម​ក្នុង​ការ​ផ្សព្វផ្សាយ ដើម្បី​មនុស្ស​ជាតិ ដើម្បី​ប្រយោជន៍»

ព្រះ​តេជគុណ ប៊ុន សាលួត បាន​ដឹក​នាំ​ព្រះសង្ឃ​ប្រហែល ១០​អង្គ ក្នុង​ការ​បង្កើត​សហគមន៍​សង្ឃរុក្ខវ័ន្ត នៅ​ឆ្នាំ​២០០១ ក្នុង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ដើរ​ល្បាត​មើល​ព្រៃ​ឈើ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ និង​ការ​សម្លាប់​សត្វ​ព្រៃ។ ព្រះអង្គ​បាន​បំផុស​ចលនា​ឲ្យ​ដាំ​ឈើ​ឡើង​វិញ និង​បំផុស​ការ​ថែ​រក្សា​ដើម​ឈើ​ធំៗ​នៅ​ក្នុង​ព្រៃ ដោយ​ព្រះអង្គ​តែង​យក​ស្បង់​ទៅ​ព័ទ្ធ​ជុំវិញ​ដើម​ឈើ​នោះ ដោយ​រៀបចំ​សូត្រ​មន្ត​បំពាក់​ឲ្យ​ដើម​ឈើ​ធំ​នោះ​ក្លាយ​ទៅ​ជា​ដើម​ឈើ​សក្ការ​ជាដើម។

ព្រះអង្គ​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​លះបង់​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត រួម​ជាមួយ​នឹង​ធនធាន​ដែល​ព្រះអង្គ​ស្វែង​រក​បាន ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ព្រះអង្គ​ឡើយ។ បច្ចុប្បន្ន​មាន​ព្រៃ​ឈើ​ប្រហែល ១​ម៉ឺន​ហិកតា កំពុង​ស្ថិត​ក្នុង​ការ​អភិរក្ស​របស់​ព្រះអង្គ ហើយ​និង​មាន​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ កំពុង​រស់​នៅ​អាស្រ័យផល​ពី​អនុផល​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

ទឹក​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ នឹង​ត្រូវ​គេ​ប្រគេន​ព្រះអង្គ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​អេក្វាទ័រ ហើយ​និង​មាន​ទឹក​ប្រាក់ ១​ម៉ឺន​៥​ពាន់​ដុល្លារ​បន្ថែម​ទៀត ដែល​គេ​នឹង​ប្រគេន​ព្រះអង្គ​ផង​ដែរ ប្រយោជន៍​គាំទ្រ​ដល់​សកម្មភាព​ថែ​រក្សា​ព្រៃ​ឈើ​បន្ត​ទៀត។ ក្រៅ​ពី​នោះ​ទៀត សហគមន៍​សង្ឃរុក្ខវ័ន្ត ត្រូវ​បាន​គេ​សុំ​ឲ្យ​សហការ​នៅ​ក្នុង​គម្រោង​ថែ​រក្សា​ជីវសាស្ត្រ​ចម្រុះ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ៕