កម្ពុជា​នឹង​មិន​លើក​យក​បញ្ហា​ព្រំដែន​ទៅ​ដោះស្រាយ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន

2009-10-18

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ឲ្យ​ដឹង​ថា មិន​មាន​គម្រោង​ណា​មួយ​ក្នុង​ការ​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​និង​ប្រាសាទ​ព្រះវិហារ​ដើម្បី​ទៅ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​អាស៊ាន​ក្នុង​ទីក្រុង​ហួហិន​នៃ​ប្រទេស​ថៃ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថៃ្ង​២៣​-​២៥ តុលា​ខាង​មុខ​នេះ​ទេ។

AFP Photo

ទាហាន​ខ្មែរ​កាន់​គ្រាប់​បេ-៤០ (ខាង​ស្ដាំ) ខណៈ​ដែល​ទាហាន​ថៃ (ខាង​ឆ្វេង) កំពុង​អង្គុយ​​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​៧ តុលា ២០០៨។

ប្រមុខ​ការទូត​ប្រទេស​កម្ពុជា​បាន​បន្ទោស​ថា ភាគី​ថៃ​បាន​បញ្ជូន​សារ​ក្នុង​សភាព​ច្របូក​ច្របល់។

លោក ហោ ណំាហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថៃ្ង​សៅរ៍ ទី​១៧ ខែ​តុលា ថា ៖ «សម្ដេច​នឹង​សុំ​ឲ្យ​គេ​គោរព​នូវ​ពាក្យ​សម្ដី​ដែល​យើង​បាន​ឯកភាព​គ្នា​កុំ​ឲ្យ​លើក​បញ្ហា​នេះ​ទៅ​អន្តរជាតិ ដោះស្រាយ​ទ្វេ​ភាគី។ សម្ដេច​នឹង​មិន​ស្នើ​ឲ្យ​អាស៊ាន​ពិភាក្សា​រក​ខុស​រក​ត្រូវ​បញ្ហា​នេះ​ទេ។ អ៊ីចឹង​គ្រាន់​លើក​ដើម្បី​រំឭក​ឲ្យ​ថៃ​គោរព​នូវ​ពាក្យ​សន្យា»

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​កម្ពុជា​នេះ​បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​អគ្គលេខាធិការ​របស់​អាស៊ាន​ជា​ជនជាតិ​ថៃ​ផងដែរ​នោះ បាន​និយាយ​ថា បើ​សិន​ណា​ប្រទេស​អាស៊ាន​ណា​មួយ​យល់​ថា ជម្លោះ​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា​ប៉ះពាល់​ដល់​រូបភាព​អាស៊ាន ដូច្នេះ​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ចំនួន​៨​ទៀត​អាច​នឹង​លើក​យក​បញ្ហា​នេះ​មក​ដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ​នេះ។

កាល​ពី​ថៃ្ង​ទី​១៣ ខែ​តុលា​ថ្មីៗ​នេះ លោក កាស៊ីត ភីរុមយ៉ា (Kasi Piromya) រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​បាន​ផ្ញើ​កំណត់​ការទូត​មួយ​មក​កម្ពុជា​បំភ្លឺ​ថា កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដកស្រង់​សម្ដី​របស់​លោក​ខុស កាល​ពី​ថៃ្ង​ទី​៨ ខែ​តុលា​ថ្មីៗ​នេះ ដែល​បាន​ចុះ​ផ្សាយ​ថា លោក​ស្នើ​សុំ​ឲ្យ​ជម្លោះ​រវាង​ថៃ​និង​កម្ពុជា​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ដាក់​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ថៃ្ង​ទី​២៣ ដល់​ថៃ្ង​ទី​២៥ ខែ​តុលា​ខាង​មុខ​នេះ។

លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​យើង​ឃើញ​ថា ដំណឹង​ពី​ខាង​ថៃ​មក​មាន​ភាព​ច្របូក​ច្របល់​បន្តិច។ ទី​១ នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ីត បាន​និយាយ​បន្ត​បន្ទាប់​ថា ការ​ដោះស្រាយ​ទ្វេ​ភាគី​មិន​យក​បញ្ហា​ហ្នឹង​ទៅ​ដាក់​អន្តរជាតិ​ទេ»

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​ក្នុង​រង្វង់​អន្តរជាតិ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ជា​ចាំបាច់​ណាស់​ដែល​ប្រទេស​កម្ពុជា​ត្រូវតែ​យក​បញ្ហា​ហ្នឹង​ទៅ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ឬ​ក៏​យក​ទៅ​ដោះស្រាយ​នៅ​វេទិកា​ផ្សេងៗ​នៅ​អង្គការ​សហ​ប្រជាជាតិ»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គេ​បាន​រំពឹង​ទុក​ថា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ដែល​នឹង​ចាប់ផ្ដើម​ប្រព្រឹត្ត​ទៅ​នៅ​ថៃ្ង​ទី​២៣ រហូត​ដល់​ថៃ្ង​ទី​២៥ ខែ​តុលា​ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុង​ហួហិន ប្រទេស​ថៃ។

សូម​ជម្រាប​ថា ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក ដោយ​អង្គការ​យូណេស្កូ (UNESCO) នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា កាល​ពី​ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ កង​ទ័ព​ថៃ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា បាន​ចូល​មក​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ជា​ច្រើន​លើក​និង​ច្រើន​កន្លែង នៅ​តាម​បណ្តោយ​ព្រំដែន​ខែ្មរ​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ចំនួន​៤​លើក​បណ្តាល​ឲ្យ​ស្លាប់​និង​រង​របួស​កងទ័ព​ទាំង​សងខាង​មួយចំនួន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង