ប្រមុខការទូតប្រទេសកម្ពុជាបានបន្ទោសថា ភាគីថៃបានបញ្ជូនសារក្នុងសភាពច្របូកច្របល់។
លោក ហោ ណំាហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថៃ្ងសៅរ៍ ទី១៧ ខែតុលា ថា ៖ «សម្ដេចនឹងសុំឲ្យគេគោរពនូវពាក្យសម្ដីដែលយើងបានឯកភាពគ្នាកុំឲ្យលើកបញ្ហានេះទៅអន្តរជាតិ ដោះស្រាយទ្វេភាគី។ សម្ដេចនឹងមិនស្នើឲ្យអាស៊ានពិភាក្សារកខុសរកត្រូវបញ្ហានេះទេ។ អ៊ីចឹងគ្រាន់លើកដើម្បីរំឭកឲ្យថៃគោរពនូវពាក្យសន្យា»។
ការបញ្ជាក់ជំហរជាថ្មីរបស់កម្ពុជានេះបានធ្វើទ្បើងក្រោយពីអគ្គលេខាធិការរបស់អាស៊ានជាជនជាតិថៃផងដែរនោះ បាននិយាយថា បើសិនណាប្រទេសអាស៊ានណាមួយយល់ថា ជម្លោះព្រំដែនរវាងថៃនិងកម្ពុជាប៉ះពាល់ដល់រូបភាពអាស៊ាន ដូច្នេះរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៨ទៀតអាចនឹងលើកយកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។
កាលពីថៃ្ងទី១៣ ខែតុលាថ្មីៗនេះ លោក កាស៊ីត ភីរុមយ៉ា (Kasi Piromya) រដ្ឋមន្រ្តីក្រសួងការបរទេសថៃបានផ្ញើកំណត់ការទូតមួយមកកម្ពុជាបំភ្លឺថា កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្ដីរបស់លោកខុស កាលពីថៃ្ងទី៨ ខែតុលាថ្មីៗនេះ ដែលបានចុះផ្សាយថា លោកស្នើសុំឲ្យជម្លោះរវាងថៃនិងកម្ពុជាទាក់ទងនឹងប្រាសាទព្រះវិហារនោះដាក់នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន ថៃ្ងទី២៣ ដល់ថៃ្ងទី២៥ ខែតុលាខាងមុខនេះ។
លោក ហោ ណាំហុង ប្រមុខការទូតកម្ពុជា បានមានប្រសាសន៍ថា ៖ «ដូច្នេះយើងឃើញថា ដំណឹងពីខាងថៃមកមានភាពច្របូកច្របល់បន្តិច។ ទី១ នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត បាននិយាយបន្តបន្ទាប់ថា ការដោះស្រាយទ្វេភាគីមិនយកបញ្ហាហ្នឹងទៅដាក់អន្តរជាតិទេ»។
លោក យឹម សុវណ្ណ តំណាងរាស្រ្តខាងគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានមូលដ្ឋានច្បាប់អន្តរជាតិគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាខាងលើនេះក្នុងរង្វង់អន្តរជាតិ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «ជាចាំបាច់ណាស់ដែលប្រទេសកម្ពុជាត្រូវតែយកបញ្ហាហ្នឹងទៅដោះស្រាយក្នុងក្របខ័ណ្ឌអាស៊ាន ឬក៏យកទៅដោះស្រាយនៅវេទិកាផ្សេងៗនៅអង្គការសហប្រជាជាតិ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គេបានរំពឹងទុកថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដែលនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅថៃ្ងទី២៣ រហូតដល់ថៃ្ងទី២៥ ខែតុលាខាងមុខនេះ នៅក្នុងទីក្រុងហួហិន ប្រទេសថៃ។
សូមជម្រាបថា ចាប់តាំងពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា កាលពីថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨កន្លងទៅ កងទ័ពថៃត្រូវបានគេកត់សម្គាល់ឃើញថា បានចូលមកឈ្លានពានទឹកដីកម្ពុជាជាច្រើនលើកនិងច្រើនកន្លែង នៅតាមបណ្តោយព្រំដែនខែ្មរថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ បានបង្កឲ្យមានជម្លោះប្រដាប់អាវុធចំនួន៤លើកបណ្តាលឲ្យស្លាប់និងរងរបួសកងទ័ពទាំងសងខាងមួយចំនួន៕
