មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលមិនបានចាប់អារម្មណ៍អ្វីសោះឡើយទៅនឹងការលើកឡើងរបស់លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលលើកឡើងថា ប្រទេសថៃនឹងមិនធ្វើការចរចាជាមួយកម្ពុជា ប្រសិនបើលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សារបស់រដ្ឋាភិបាលនោះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកានេះ ថា ការលើកឡើងនោះជាការយល់ឃើញរបស់លោក កាស៊ីត ភិរម្យ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា កម្ពុជាគ្មានហេតុផលណាមួយដកតួនាទីលោក ថាក់ស៊ីន ចេញពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាលទៅតាមសំណើផ្ទាល់មាត់របស់លោក កាស៊ីត ភិរម្យ នោះទេ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ៖ «ការលើកឡើងហ្នឹងនេះគឺជាមនោសញ្ចេតនាផ្ទាល់ខ្លួន មិនមែនជាគោលការណ៍នយោបាយទេ»។
ទោះជាបែបណាក៏ដោយទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជាថៃរហូតមកដល់ពេលនេះ លោក ផៃ ស៊ីផាន បញ្ជាក់ឲ្យដឹងថា ស្ថានការណ៍ស្ថិតនៅទ្រឹងធម្មតា បន្ទាប់ពីប្រទេសទាំងពីរសម្រេចដកឯកអគ្គរាជទូតចេញពីប្រទេសរៀងៗខ្លួនរួចមក។ ក្រៅពីនោះស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរកំពុងមានជម្លោះ គឺស្ថានការណ៍ក៏ស្ថិតនៅធម្មតាដោយពុំមានបញ្ហាអ្វីល្អក់កកររវាងកងទ័ពប្រទេសទាំងពីរប្រឈមមុខដាក់គ្នានោះដែរ។
ជាមួយគ្នានេះដែរ លោក ផៃ ស៊ីផាន ក៏បានបន្តឲ្យដឹងពីការវិវត្តន៍ថ្មីដែលរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលកិច្ចព្រមព្រៀងស្តីពីកម្ចីឥណទានសម្រាប់កែលម្អផ្លូវជាតិលេខ៦៨ ពីក្រឡាញ់ទៅសំរោងនិងពីអូរស្មាច់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ រវាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសថៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ដែលកម្ពុជាប្រកាសលុបចោលកាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ប្រទេសទាំងពីរក៏មិនមានបញ្ហាអ្វីល្អក់កករថែមទៀតរវាងប្រទេសកម្ពុជាថៃនោះដែរ។
ប៉ុន្តែការប្រកាសលុបចោលកិច្ចព្រមព្រៀងប្រាក់កម្ចីនេះ គឺដោយសារតែកម្ពុជាអាចមានថវិកាដើម្បីកសាងផ្លូវដោយមិនបាច់ទទួលប្រាក់កម្ចីពីប្រទេសជិតខាង។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «កម្ពុជាមានសមត្ថភាព មានលុយគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍផ្លូវហ្នឹង ក៏ប៉ុន្តែមិនមែនមានន័យថា នៅក្នុងហ្នឹងជាវិបត្តិនៅខាងទំនាក់ទំនងការងារទូតរបស់កម្ពុជាថៃនោះទេ»។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវធ្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាមិនបង្ហូរឈាម នៅឆ្នាំ២០០៦ ត្រូវបានព្រះមហាក្សត្រខ្មែរប្រកាសតែងតាំងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ បន្ទាប់ពីការតែងតាំង លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកទស្សនកិច្ចកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ៕
