កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​អះអាង​ថា ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ពុំ​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ពី​រដ្ឋាភិបាល​ថៃ ស្នើ​សុំ​ដោះ​លែង​ជន​សង្ស័យ​ជាប់​ចោទ​បទ​ចារកម្ម​ដែល​​សមត្ថកិច្ច​កម្ពុជា បាន​ចោទ​ប្រកាន់។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៨ វិច្ឆិកា​នេះ​ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី​១៨ ខែ​វិច្ឆិកា ក្រសួង​ការ​បរទេស​កម្ពុជា នៅ​មិន​ទាន់​ទទួល​បាន​លិខិត​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ថៃ ស្នើ​ដល់​កម្ពុជា ធ្វើការ​ដោះ​លែង​ជន​សង្ស័យ​ចារកម្ម​ដែល​តុលាការ​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា ក្រសួង​ការ​បរទេស​កម្ពុជា បាន​ទទួល​ត្រឹម​តែ​លិខិត​ស្នើ​សួរ​សុខ​ទុក្ខ​ជន​សង្ស័យ​ចារកម្ម​ថៃ​ក្នុង​ពន្ធនាគារ​តែ​ប៉ុណ្ណោះ ហើយ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​រួច​ហើយ​ដែរ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​អត់​បាន​ដឹង​រឿង​បញ្ហា​សុំ​ការ​ដោះ​លែង​ទេ យើង​ដឹង​តែ​ថា យើង​អនុញ្ញាត​ឲ្យ​មន្រ្តី​ទូត​ជាន់​ខ្ពស់​របស់​ថៃ​នៅ​កម្ពុជា បាន​សួរ​សុខ​ទុក្ខ​ជន​សង្ស័យ​នោះ​ហើយ។ រឿង​បញ្ហា​សុំ​ដោះ​លែង​ខ្ញុំ​អត់​បាន​ទទួល អត់​បាន​ដឹង​ឮ​អី​ទេ​ជា​ផ្លូវការ ហើយ​រឿង​បញ្ហា​ដោះ​លែង មិន​ដោះ​លែង ឥឡូវ​នៅ​ក្នុង​ដៃ​តុលាការ តុលាការ​កំពុង​ធ្វើការ​ស៊ើប​អង្កេត»

លោក កុយ គួង បន្ត​ថា រដ្ឋាភិបាល​ថៃ​គ្មាន​ហេតុផល​ណា​មួយ​ដែល​មក​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ដោះ​លែង​ជន​សង្ស័យ​ចារកម្ម​នេះ​ឡើយ ព្រោះ​ថា ជន​សង្ស័យ​ជា​ចារកម្ម​ថៃ​រូប​នេះ តុលាការ​នៅ​មិន​ទាន់​ជំនុំ​ជម្រះ​ក្តី​ប្រកាស​សាលក្រម​ថា មាន​ទោស​ឬ​គ្មាន​ទោស​នៅ​ឡើយ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​ចារកម្ម​ថៃ ដែល​សមត្ថកិច្ច​ធ្វើ​ការ​ចោទ​ប្រកាន់​បច្ចុប្បន្ន​បាន​និង​កំពុង​​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

បុរស​ថៃ​ឈ្មោះ ស៊ីវ៉ារ៉ាក់ ចាក់ធីពង់ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុម​ជំនាញ​ផ្លូវ​អាកាស​នៅ​កម្ពុជា បាន​ត្រូវ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​វិច្ឆិកា ពី​បទ​ចោទ​ប្រកាន់​ថា ផ្តល់​​ទៅ​ឲ្យ​ស្ថានទូត​ថៃ​នូវ​តារាង​កម្មវិធី​ហោះ​ហើរ​លម្អិត​របស់​អតីត​ នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ក្នុង​ដំណើរ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា៕