កម្ពុជា​បដិសេធ​ជា​ផ្លូវការ​មិន​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ថាក់ស៊ីន

2009-11-11

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ថា កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​មិន​ធ្វើ​បត្យាប័ន​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) តាម​លិខិត​ពី​រដ្ឋាភិបាល​ក្រុង​បាងកក​ដែល​ផ្ញើ​មក​កម្ពុជា​នៅ​ថ្ងៃ​១១ វិច្ឆិកា។

AFP Photo

១០-វិច្ឆិកា-០៩: អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ស្ដាំ] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ខ្មែរ លោក ហ៊ុន សែន នៅ​គេហដ្ឋាន​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ទុក​ឲ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ស្រប​ពេល​ដែល​លោក ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​យោធា កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ថៃ​បាន​ផ្ញើ​សំណុំ​លិខិត​ជា​ផ្លូវការ​ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​ការ​បញ្ជូន​ខ្លួន​លោក ថាក់ស៊ីន ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក​វិញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ វិច្ឆិកា ឆ្នាំ​២០០៩ ទៅ​តាម​អ្វី​ដែល​កម្ពុជា​ធ្លាប់​មាន​កិច្ចព្រមព្រៀង​ជាមួយ​ថៃ​ក្នុង​ការ​ធ្វើ​បត្យាប័ន។

ប៉ុន្តែ​លិខិត​ស្នើ​សុំ​របស់​ថៃ​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី​ខ្មែរ​ថ្លែង​ទាត់​ចោល​ចំពោះ​មុខ​លោក ថាក់ស៊ីន ក្នុង​ឱកាស​ជំនួប​ជា​លក្ខណៈ​គ្រួសារ​រវាង​លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន នៅ​ភូមិគ្រឹះ​របស់​លោក​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ពុធ ទី​១១ វិច្ឆិកា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្ងៃ​នេះ​គេ​បាន​បញ្ជូន​លិខិត​សុំ​ធ្វើ​បត្យាប័ន ឯកឧត្ដម ថាក់ស៊ីន ត្រឡប់​ទៅ​ថៃ​វិញ កម្ពុជា​ឥឡូវ​ហ្នឹង​ក៏​ប្រហែល​ជា​បាន​លិខិត​ហ្នឹង​ហើយ គិត​ថា​បញ្ជូន​ត្រឡប់​ទៅ​វិញ​នូវ​លិខិត​បដិសេធ របស់​យើង​អំពី​ការ​មិន​បញ្ជូន»

ថ្លែង​បែប​នេះ​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ហើយ​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ពុធ​ទី​១១ វិច្ឆិកា។

ជាមួយ​គ្នា​នេះ​ដែរ​លោក ថាក់ស៊ីន ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នកសែត​ដែល​សួរ​ថា តើ​លោក​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ណា​ដែរ​ទេ នៅ​ពេល​ដែល​មាន​លិខិត​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ស្នើ​ឲ្យ​ធ្វើ​បត្យាប័ន​រូប​លោក​ពី​ប្រទេស​កម្ពុជា​នោះ?

លោក​បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ ព្រោះ​នៅ​ប្រទេស​ផ្សេងៗ ដែល​មិន​មាន​កិច្ច​ព្រមព្រៀង​បត្យាប័ន ក៏​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​បាន​ផ្ញើ​លិខិត​ឲ្យ​បញ្ជូន​ខ្លួន​លោក​នៅ​ពេល​ដែល​លោក​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ណា​មួយ​នោះ។

លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បាន​បញ្ជាក់​ដូច្នេះ ៖ "ខ្ញុំ​រំពឹង​ថា គេ​នឹង​ធ្វើ​ដូច្នេះ ពីព្រោះ​គេ​តាម​ប្រមាញ់​ខ្ញុំ​ទៅ​តាម​ប្រទេស​ដែល​ខ្ញុំ​មាន​កិច្ច​ព្រមព្រៀង ក៏​គេ​បញ្ជូន​ទៅ​ដែរ..."

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​ក្រុង​បាងកក​វិញ ដោយ​មិន​ទទួល​យក​ការ​ស្នើ​សុំ​ឲ្យ​ធ្វើ​បត្យាប័ន​លោក ថាក់ស៊ីន នោះ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​ទាត់​ចោល​នេះ លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​រំលោភ​ច្បាប់​អន្តរជាតិ។

តាម​កាសែត​ថៃ The Nation បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​ថៃ នឹង​ដាក់​សំណើ​សុំ​បត្យាប័ន​លោក ថាក់ស៊ីន ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​ខាង​មុខ។

លោក ថាក់ស៊ីន បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ វិចិ្ឆកា តាម​យន្តហោះ​ផ្ទាល់​ខ្លួន ក្នុង​នាម​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ទីប្រឹក្សា​ផ្ទាល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មេ​ទ័ព​ខ្មែរ៖ ការ​ប៉ះ​ទង្គិច​គ្នា​នឹង​ចៀស​មិន​រួច​បើ​ថៃ​នៅតែ​ប៉ុនប៉ង​ឈ្លានពាន

មេ​ដឹកនាំ​ខ្មែរ​រិះគន់​ធ្ងន់ៗ​ចំពោះ​នាយក​រដ្ឋមន្ត្រី​ថៃ

ខ្មែរ​បដិសេធ​ថា​មិន​បាន​បញ្ជូន​មន្រ្តី​ទៅ​ចរចា​ជាមួយ​ថៃ​នៅ​ប្រាសាទ​តាមាន់

ស្ថានការណ៍​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​​ថ្ងៃ​​៨ កុម្ភៈ

សភាពការណ៍​ទូទៅ​នៅ​តំបន់​ព្រំដែន​ភាគ​ពាយ័ព្យ

ស្ថានការណ៍​យោធា​នៅ​តំបន់​ប្រាសាទ​តាមាន់

ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​តាមាន់​

ហ៊ុន​សែន៖ កម្ពុជា​នឹង​បើក​ច្រក​ព្រំដែន​បើ​សភាពការណ៍​ដូច​មុន​ថ្ងៃ​១៥ កក្កដា

មន្ត្រី​ជាន់​ខ្ពស់៖ កម្ពុជា​មិន​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ថាក់ស៊ីន​ទេ

អាជ្ញាធរ​រឹត​បន្តឹង​សន្តិសុខ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ