មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីប្រទេសកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់មួយក្រុម មានសមាជិកចំនួន ១០រូប ដឹកនាំដោយលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ទៅចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅក្នុងប្រទេសប្រេស៊ីល (Brazil ) នៅចុងខែកក្កដានេះ។
កិច្ចប្រជុំនោះគឺចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ខាងមុខនេះ ដែលមានតំណាងប្រទេសចំនួន ១៨០ នឹងចូលរួមប្រជុំ ផ្ដោតលើការថែរក្សា និងអភិរក្សបេតិកភណ្ឌពិភពលោក។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានតាមដានស្ថានការណ៍នៅក្នុងប្រទេសថៃ បានពណ៌នាថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានថ្លែងតាមទូរទស្សន៍ថៃ និងវិទ្យុថៃ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះថា ទី១ លោកគោរពតាមសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ រឿងប្រាសាទព្រះវិហារឆ្នាំ១៩៦២ ប៉ុន្តែលោករក្សាសិទ្ធិតវ៉ា។ ទី២ លោកបដិសេធផែនទីនៃឧបសម្ព័ន្ធ១ ដែលតុលាការនោះបានប្រើប្រាស់ក្នុងការកាត់ក្ដីនៅពេលនោះ។ ទី៣ លោកអនុវត្តតាមកិច្ចព្រមព្រៀងគ្នាទ្វេភាគី រវាងកម្ពុជា-ថៃ លើអនុស្សរណៈឆ្នាំ២០០០ ស្ដីពីព្រំដែនប្រទេសទាំងពីរ ប៉ុន្តែថៃ ត្រូវការចរចាតាមរដ្ឋធម្មនុញ្ញ និងដាក់ចូលក្នុងសភាថៃ។ ទី៤ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) ជំទាស់រាល់ការបោះបង្គោលព្រំដែនកម្ពុជា-ថៃ និងការសាងសង់នានារបស់កម្ពុជា នៅតាមតំបន់ព្រំដែន និងទី៥ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានប្រគល់តួនាទីឲ្យរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ទៅជំទាស់នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសប្រេស៊ីល ដើម្បីមិនឲ្យផែនការរបស់កម្ពុជា ប្រកបដោយជោគជ័យក្នុងអភិវឌ្ឍនានានៅតំបន់ប្រាសាទព្រះវិហារ។
លោក ទិត សុធា ទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ «នេះជាចេតនាបង្កហេតុ ដែលអាចនឹងនាំឲ្យមានសភាពតានតឹងរវាងកម្ពុជា-ថៃ និងធ្លាក់ក្នុងសភាពគ្រោះថ្នាក់បាន ហើយរដ្ឋាភិបាលថៃ គឺមិនអាចបដិសេធនូវមូលដ្ឋានគតិយុត្តិដ៏រឹងមាំ ដែលមានតម្លៃនីត្យានុកូលភាពជាលក្ខណៈអន្តរជាតិបានទេ»។
ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន ដែលតែងតែតាមដានស្ថានការណ៍ជម្លោះថៃ និងកម្ពុជាកន្លងមក បានមានប្រសាសន៍ថា ការតវ៉ារបស់មេដឹកនាំថៃនេះ លោកយល់ថា គេមិនបានគិតអំពីកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិទេ ប៉ុន្តែគេគិតអំពីរឿងប្រជាប្រិយភាពក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ។
លោក សុក សំអឿន មានប្រសាសន៍ដូច្នេះ ៖ «បើសិនជា លោក អាភីស៊ិត បដិសេធផែនទីហ្នឹងក៏វាហួសពេលដែរ ពីព្រោះផែនទីហ្នឹងតាំងពីឆ្នាំ១៩០៧។ អាជ្ញាយុកាលវា ៥០ឆ្នាំ ទើបអាចតវ៉ាបាន ហើយបើលើស ៥០ឆ្នាំ ទៅតវ៉ាផែនទីហ្នឹងម៉េច ហើយភ្ញាក់ផ្អើលតវ៉ាផែនទីហ្នឹងម៉េចកើត?»។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ នៅក្នុងកិច្ចប្រជុំនៅទីក្រុងកេបិក ប្រទេសកាណាដា។ ជាងមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ប្រទេសថៃ បានបញ្ជូនកងទ័ពជាច្រើនពាន់នាក់មកឈ្លានពានកម្ពុជា នៅត្រង់តំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ។
ឯកសារសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជា បាននិយាយថា តុលាការអន្តរជាតិ ក្រុងទ្បាអេ ប្រទេសហុល្លង់ បានកាត់សេចក្ដីឲ្យកម្ពុជា ឈ្នះក្ដីជាមួយថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ប្រទេសថៃ តែងតែបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីតវ៉ាជំទាស់ ប៉ុន្តែមិនបានសម្រេចកន្លងមក៕
