កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា​ពហុ​សាសន៍​ឆ្នាំ​២០១០

ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សមយុទ្ធ​យោធា ឬ​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​ពហុសាសន៍​ទ្រង់​ទ្រាយ​ធំ​នៅ​ឆ្នាំ​២០១០ ដែល​​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មក​ពី​ប្រទេស​ជាង​២០​នៅ​លើ​ពិភពលោក​ចូលរួម។

0:00 / 0:00

លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ផែនការ​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​សន្តិភាព​ពហុ​សាសន៍​ឆ្នាំ​២០១០ ដែល​ក្នុង​នោះ​លំហាត់​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នេះ វិញ្ញាសា​ចំនួន​៦​ត្រូវ​យក​មក​ហ្វឹកហ្វឺន ដូច​ជា​ការ​សិក្សា​ពី​ផែន​ទី​សង្គ្រាម​និង​លំហាត់​ដោះ​មីន​ជាដើម។

លោក​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ទីលាន​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GPOI 2010 នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ នា​ទី​បញ្ជា​ការដ្ឋាន​កង​រថក្រោះ​ខេត្ត​កំពង់ស្ពឺ។

លោក ទៀ បាញ់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខាង​បច្ចេកទេស ខ្ញុំ​គ្រាន់​តែ​និយាយ​ត្រួសៗ​ថា វា​អាច​មាន​ពី​៦​ទៅ​៧​លំហាត់​ដែល​គេ​បាន​រៀបចំ​នៅ​ទី​នេះ។ និយាម​ដំបូង​អាច​មាន​តែ​៦ តែ​យើង​នៅ​ទី​នេះ ខាង​យើង​ហ្នឹង​អាច​បន្ថែម​មួយ​ទៀត គឺ​ជំនាញ​ខាង​ដោះ​មីន»

លោក ទៀ បាញ់ បន្ត​ថា លំហាត់​ហ្វឹកហ្វឺន​លើក​ទី​១​នៅ​កម្ពុជា​នេះ នឹង​មាន​កម្លាំង​ប្រដាប់​អាវុធ​ពី​គ្រប់​ប្រទេស​ទំនង​ជា​មិន​តិច​ជាង​២.០០០​នាក់​នោះ​ទេ​ចូល​រួម ដែល​ទទួល​បាន​ការ​សហការ​ឧបត្ថម្ភ​បច្ចេកទេស សម្ភារៈ​និង​ថវិកា​របស់​កងទ័ព​សហរដ្ឋ​អាមេរិក សម្រាប់​ការងារ​រក្សា​សន្តិភាព​នេះ។

លោកស្រី ខារ៉ល រ៉ដលី (Carol A. Rodley) ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ថា ការ​បើក​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពហុ​សាសន៍​នៅ​ឆ្នាំ​២០១០ នៅ​កម្ពុជា ឬ​ឲ្យ​ឈ្មោះ​ថា​«ឆ្មាំអង្គរ» គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាមេរិក​និង​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​គោលដៅ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

លោកស្រី ខារ៉ល រ៉ដលី បន្ត​ឲ្យ​ដឹង​ថា លំហាត់​ហ្វឹកហ្វឺន​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១០ ក្រៅ​អំពី​ហ្វឹកហ្វឺន​ថែ​រក្សា​សន្តិភាព កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ដែល​មាន​សមាសភាព​មក​ពី​ច្រើន​ប្រទេស នឹង​រួម​គ្នា​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម ពង្រឹង​សន្តិសុខ​ព្រំដែន សន្តិសុខ​ដែន​សមុទ្រ និង​ដើរ​តួនាទី​សកម្ម​ក្នុង​ដំណើរការ​ត្រួត​ពិនិត្យ​ជា​យុទ្ធ​សាស្ត្រ​ឡើង​វិញ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ផង​ដែរ។

តាម​លោកស្រី ខារ៉ល រ៉ដលី លំហាត់​សមយុទ្ធ​យោធា​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០ ដែល​មាន​ឈ្មោះ​ថា​«ឆ្មាំអង្គរ» អាច​មាន​ការ​​ចូល​រួម​រហូត​ដល់​២៣​ប្រទេស​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ជា​សកលក ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GPOI ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​​​ខ្លួន​ទៅ​ចូល​រួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពហុ​សាសន៍​នៅ​ប្រទេស​ម៉ុងហ្គោលី ប្រទេស​បង់ក្លាដេស និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជា​ច្រើន​លើក​មក​ហើយ ដែល​ពេល​នេះ​កម្ពុជា ត្រូវ​បាន​លើក​ទឹក​ចិត្ត​និង​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បើក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្តង​នៅ​ឆ្នាំ​២០១០ ខាង​មុខ៕