កម្ពុជា​គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​១​ឆ្នាំ​នៃ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

ប្រជាពលរដ្ឋ​ខែ្មរ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​ដឹង​ថា នឹង​ចូលរួម​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​៧ កក្កដា សប្តាហ៍​ខាង​មុខ​នេះ ដើម្បី​រំឭក​អបអរ​សាទរ​ខួប​មួយ​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក។

0:00 / 0:00

លោក ម៉ាន់ ឈឿន ជា​អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «យើង​រៀប​ហ្នឹង​រៀប​យក​ល្អ​តែម្ដង ជា​កិត្តិយស​របស់​យើង មោទនភាព​ជាតិ​របស់​យើង​ផង ហើយ​យើង​នឹង​ធ្វើ​ពិធី​បួងសួង​មួយ​ដ៏​ធំ​ទៀត​ដើម្បី​ឲ្យ​ទស​បារមី​ឬ​ក៏​បុព្វបុរស​យើង​គាត់​សណ្ឋិត​មក ឲ្យ​ព្រលឹង​ខ្មែរ​យើង​រស់​ឡើង​វិញ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ថែម​ទៀត»

ប្រភព​បាន​ឲ្យ​ដឹង​ថា ពិធី​ដ៏​ធំ​នោះ​គេ​នឹង​ប្រារព្ធ​នៅ​ឯ​រមណីយដ្ឋាន​វត្តភ្នំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​គេ​រំពឹង​ទុក​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ខែ្មរ​ជា​ច្រើន​ពាន់​នាក់​ចូលរួម​ហើយ​ក៏​មាន​ការប្រគុំ​តន្រ្តី​ផងដែរ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​អំពី​ការពង្រឹង​សន្តិសុខ​សម្រាប់​ពិធី​នោះ​ដូច្នេះ​ថា ៖ «យើង​ត្រូវតែ​រឹត​បន្តឹង​សន្តិសុខ​ហើយ ធានា​សុវត្ថិភាព​ជូន​ថ្ងៃ​ហ្នឹង យើង​ត្រៀម​កម្លាំង​ដើម្បី​ការពារ​សុវត្ថិភាព»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​សប្តាហ៍​មុន​នេះ​ក៏​បាន​ប្រកាស​សុំ​ឲ្យ​វាយ​ជួង​បន្លឺ​នៅ​គ្រប់​សាលា​រៀន ហើយ​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​ទូង​ស្គរ​នៅ​វេលា​ម៉ោង​១១​ព្រឹក ចំ​ថៃ្ង​ទី​៧ ខែ​កក្កដា ដើម្បី​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិភណ្ឌ​ពិភពលោក​នោះ។

ព្រះសង្ឃ យឿង សឹង ជា​ព្រះ​ចៅ​អធិការ​នៃ​វត្ត​សាមគ្គីរង្សី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ពុទ្ធ​ដីកា​ថា ព្រះ​អង្គ​នឹង​ចូលរួម​ទូង​ស្គរ​នៅ​វត្ត​របស់​ព្រះអង្គ​និង​សូត្រ​ធម៌​ផងដែរ។

ព្រះតេជគុណ យឿង សឹង បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ទោះ​បី​ខ្មែរ​កម្ពុជា​ក្រោម​មិន​ទទួល​បាន​ថា​ជា​ខ្មែរ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​អាត្មា​មាន​មោទនភាព​តើ! យើង​ចូលរួម​អបអរ​សាទរ​មិន​ជា​បញ្ហា​អី​ទេ»

លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «រឿង​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ បញ្ហា​ព្រំដែន​នៅតែ​កើត​មាន​ឡើង យើង​ត្រូវតែ​ពង្រឹង​ការការពារ​ព្រំដែន​ឲ្យ​បាន​ខ្លាំងក្លា​ឲ្យ​មែនទែន​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ពី​បរទេស»

ប្រាសាទ​ព្រះវិហារ​ដែល​ប្រទេស​កម្ពុជា​បាន​ឈ្នះ​ក្តី​ជាមួយ​នឹង​ប្រទេស​ថៃ​នៅ​ឯ​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ កាលពី​ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២​កន្លង​ទៅ​នោះ ត្រូវ​បាន​គណៈកម្មការ​បេតិភណ្ឌ​ពិភពលោក​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​កាលពី​ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង​កេបិច ប្រទេស​កាណាដា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​ថៃ​នៅតែ​ប៉ុនប៉ង​ជា​បន្ត​បន្ទាប់​ឲ្យ​អង្គការ UNESCO សើររើ​ដក​ប្រាសាទ​ព្រះវិហារ​នេះ​ចេញ​ពី​បញ្ជី​បេតិភណ្ឌ​ពិភពលោក​នោះ​វិញ ក៏​ប៉ុន្តែ​កាលពី​ថៃ្ង​ទី​២០ ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្ដែង​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ដោយ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​កាលពី​ថៃ្ង​ទី​២៥ ខែ​មិថុនា ថា ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​អេស្ប៉ាញ គឺ​សំណើ​របស់​ថៃ​ត្រូវ​បាន​អង្គការ UNESCO បដិសេធ​ចោល៕