កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន​តាម​សំណើ​ថៃ​ក្នុង​ករណី ថាក់ស៊ីន

2009-10-24

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នូវ​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​២៣ តុលា ថា​នឹង​មិន​ធ្វើ​បត្យាប័ន​តាម​សំណើ​ជា​យថា​ហេតុ​របស់​ថៃ​ទេ​ក្នុង​ករណី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន សម្រេច​ចិត្ត​មក​ស្នាក់​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

AFP/TANG CHHIN SOTHY

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] និយាយ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ផ្លូវការ​មួយ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ភាគី​កម្ពុជា​មាន​សិទ្ធិ​នៅ​ក្នុង​បញ្ហា​នេះ ហើយ​ការ​ទទួល​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) មិន​មាន​អ្វី​បំផ្លាញ​ទៅ​ដល់​ចំណង​ការទូត​រវាង​ខ្មែរ​និង​ថៃ​ឡើយ ដោយសារ​តែ​ការ​ទទួល​ស្វាគមន៍​នោះ​នឹង​ធ្វើ​ឡើង​តាម​លក្ខណៈ​គុណធម៌​ក្នុង​នាម​មិត្ត​ភ័ក្តិ​ចាស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «ក៏​ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជំហរ​ច្បាស់​ក្នុង​ការ​បកស្រាយ​នូវ​បត្យាប័ន​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី ក៏​ដូច​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យ រក្សា​សិទ្ធិ​ក្នុង​ការ​សម្រេច​តាម​អ្វី​ដែល​បាន​និយាយ​គ្នា​ថា ថាក់ស៊ីន ដែល​ត្រូវ​ទម្លាក់​ចោល​តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ហ្នឹង នឹង​អាច​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ​ឬ​ក៏​អាច​ស្នាក់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​កិត្តិយស ហើយ​ចំណុច​ទី​២​ហ្នឹង គឺ​ប្រសាសន៍​របស់​សម្ដេច​តេជោ លោក​គ្រាន់​តែ​ប្រើប្រាស់​គុណធម៌ ការ​គោរព​នូវ​មិត្តភាព... ហើយ​ខ្ញុំ​ជឿ​ថា មិន​មែន​ជា​អរិភាព​ទេ​រវាង​កម្ពុជា​និង​ថៃ»

សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​និយាយ​ប្រាប់​កាសែត​ថៃ​ក្នុង​ន័យ​ចង់​នាំ​ខ្លួន លោក ថាក់ស៊ីន ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ថា​គេ​នឹង​ធ្វើ​បត្យាប័ន​ជាមួយ​កម្ពុជា បើ​សិន​ជា​លោក ថាក់ស៊ីន ទទួល​យក​សំណើ​របស់​លោក ហ៊ុន សែន។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បកស្រាយ​អំពី​បត្យាប័ន​ខ្មែរ​ថៃ​ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​រាជ​ក្រម​ចុះ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៩ បាន​ចែង​ថា ភាគី​ទទួល​សំណើ​មាន​មូលដ្ឋាន​បដិសេធ​ដាច់ខាត​ក្នុង​ការ​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ដូច​ជា ក្នុង​ករណី​បទ​ល្មើស​នយោបាយ និង​ក្នុង​ករណី​ភាគី​ទទួល​សំណើ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​សន្មត់​ថា សំណើ​បត្យាប័ន​ធ្វើ​ឡើង​ដោយ​ភាគី​ដាក់​សំណើ​គឺ​មាន​គោល​បំណង​ប្រើ​នីតិ​វិធី​ព្រហ្មទណ្ឌ​ប្រឆាំង​ឬ​អនុវត្ត​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​ចោទ​ប្តឹង។

សេចក្ដី​ថ្លែង​ការណ៍​បាន​និយាយ​ទៀត​ថា ដោយ​យោង​ទៅ​តាម​ចំណុច​ទាំង​ពីរ​នេះ​ដែល​ភាគី​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ចំពោះ​ការ​ធ្វើ​បត្យាប័ន​នោះ​ក្នុង​ករណី​លោក ថាក់ស៊ីន។

ជុំវិញ​ការ​ទទួល​ស្វាគមន៍​លោក ថាក់ស៊ីន អ្នក​នយោបាយ​ខ្មែរ​និង​ក្រុម​សង្គម​ស៊ីវិល​វិញ​បាន​អត្ថាធិប្បាយ​ថា គេ​បារម្ភ​ខ្លាច​តែ​កម្ពុជា​ត្រូវ​គេ​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ដែល​មិន​រក្សា​ជំហរ​អព្យាក្រឹត​របស់​ខ្លួន នៅ​គ្រា​ដែល​ប្រទេស​ថៃ​កំពុង​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ស្រាប់។

ហ៊ុន សែន៖ ថាក់ស៊ីន អាច​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច បើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា

ទាក់ទិន​នឹង​ករណី​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដដែល​នោះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ឆ្នាំ​២០០៩​នេះ បាន​ថ្លែង​ថា លោក​នឹង​ប្រគល់​តំណែង​ថ្មី​មួយ​ដល់​លោក ថាក់ស៊ីន ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច ប្រសិន​បើ​លោក ថាក់ស៊ីន សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្នុង​គ្រា​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ហួហ៊ីន ប្រទេស​ថៃ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​រវាង​មេ​ដឹកនាំ​ប្រទេស​សមាជិក​សមាគម​អាស៊ាន។

ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយ​បន្ត​ឲ្យ​ដឹង​បន្ថែម​ថា ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​មាន​ភាព​តានតឹង​ស្មុគស្មាញ​តាំង​ពី​ឆ្នាំ​២០០៨​មក ដោយ​មាន​បញ្ហា​ទំនាស់​ព្រំដែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តាន​តឹង​ខ្លាំង ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ​មក នៅ​បន្ទាប់​ពី​ពេល​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​អញ្ជើញ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ឲ្យ​មក​ស្នាក់​នៅ​ក្នុង​ដែន​ដី​នៃ​ប្រទេស​កម្ពុជា​នោះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ហ៊ុន​សែន​សរសើរ​ពី​វីរភាព​របស់​កងទ័ព​វៀតណាម​ក្នុង​ការ​ជួយ​រំដោះ​កម្ពុជា

នាយករដ្ឋមន្រ្តី៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខ្លះ​​ធ្វើ​សកម្មភាព​ដូច​បក្ស​នយោបាយ

កម្ពុជា​បដិសេធ​ព័ត៌មាន​ថា​បុត្រី​ហ៊ុនសែន​មាន​គម្រោង​គ្រប់គ្រង​ក្រុមហ៊ុន​CATS

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

តំណាង​បក្ស​សមរង្ស៊ី​នៅ​អាមេរិក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​សភា​ខ្មែរ

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី