រដ្ឋាភិបាល៖ ការ​ទាមទារ​ឲ្យ​កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ខុស​ច្បាប់

2009-10-25

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​បាតុករ​ថៃ​មួយ​ក្រុម​ដែល​បាន​ធ្វើ​ការ​តវ៉ា​ឲ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ថា​ជា​អំពើ​ខុស​ច្បាប់ ដោយសារ​តែ​កង​ទាហាន​ខ្មែរ​ពុំ​មាន​វត្តមាន​ដាក់​ពង្រាយ​លើ​ទឹក​ដី​ថៃ​ដូច​ដែល​ក្រុម​បាតុករ​ថៃ​បាន​និយាយ​នោះ​ទេ។

AFP/TANG CHHIN SOTHY

ទាហាន​ខ្មែរ​ឈរ​យាម​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​៥ មេសា ២០០៩។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា ថា រដ្ឋាភិបាល​ថៃ​ដែល​ព្រម​ទទួល​យក​សាលក្រម​តុលាការ​អន្តរជាតិ​រួច​ហើយ គួរ​តែ​ចេញ​មុខ​ប្រាប់​ថា​មិន​មាន​តំបន់​ដែល​ត្រូវ​ទាមទារ​នៅ​ទី​នោះ​ទៀត​ទេ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «មក​រំលោភ​ចូល​ដី​គេ​ហើយ មក​ថា យើង​ដាក់​ទ័ព​ក្នុង​ទឹក​ដី​វា​ខុស​ច្បាប់ វា​អត់​ត្រូវ។ អ្វី​ដែល​ថៃ​អះអាង​ហ្នឹង​ជា​ការ​ទាមទារ​ឯកតោ​ភាគី​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​រាជ​រដ្ឋាភិបាល​ថៃ​មិន​មាន​វិធានការ​ឲ្យ​បាន​ជាក់លាក់​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ទេ នៅតែ​ចិញ្ចឹម​មហិច្ឆតា​ចង់​បាន​ទឹក​ដី​យើង អា​ហ្នឹង​ពិបាក​ដែរ»

លោក​បន្ត​ថា តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ បាន​សម្រេច​សាលក្រម​រួច​ហើយ​ថា ខ្សែ​បន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក​ដែល​មាន​លើ​ផែនទី​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ ដែល​គ្មាន​តំបន់​ស តំបន់​ត្រួត​ស៊ី​គ្នា និង​តំបន់​ដែល​ទាមទារ​អ្វី​ទៀត​ទេ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ថៃ​មួយ​ក្រុម​អះអាង​និង​តវ៉ា​ឲ្យ​កម្ពុជា​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​ជា​ការ​ទាមទារ​ឯកតោ​ភាគី​និង​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​សម្ព័ន្ធ​មិត្ត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ថៃ​មាន​គ្នា​ប្រមាណ​៣០​នាក់​បាន​លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ជិត​កន្លែ​ង​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ហ៊ួហិន ដោយ​បាន​ទាមទារ​ឲ្យ​ប្រទេស​ខ្មែរ​ដក​កង​ទ័ព​ចេញ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ទាហាន​ថៃ​នៅតែ​ព្យាយាម​ចូល​កាន់​កាប់​ខុស​ច្បាប់​បណ្តាល​ឲ្យ​កើត​ជម្លោះ​នៅ​ឡើយ​នោះ។

មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​កង​យោធា​ខ្មែរ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧត្តម​សេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មាន​ព័ត៌មាន​ថា ថៃ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ ក៏​ស្ថានការណ៍​យោធា​នៅ​តំបន់​នោះ​មាន​សភាព​ស្ងប់​ស្ងាត់​ជា​ធម្ម​តា​ទេ។

លោក​ឧត្តម​សេនីយ៍​ទោ ស្រី ឌឹក បាន​ថ្លែង​ថា ៖ «ធ្វើ​អី​ធ្វើ​ទៅ ទឹក​ដី​គេ​ស្រេច​តែ​គេ អា​ហ្នឹង​រឿង​របស់​គេ តែ​ក្នុង​តំបន់​ដែល​កង​ទ័ព​ទទួល​ខុស​ត្រូវ អា​ហ្នឹង​រឿង​ផ្សេង ព្រោះ​យើង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ជា​របស់​សម្ដេច​នាយក​តែ​ប៉ុណ្ណឹង​ទេ។ តែ​មក​ក្នុង​ព្រំ​ខណ្ឌ​ដែល​យើង​បាន​កំណត់​ហើយ អា​ហ្នឹង​យើង​ដាក់​ហើយ»

លោក ស្រី ឌឹក បាន​ព្រមាន​ថា ការ​ទាមទារ​បែប​នោះ​គឺ​គេ​មាន​សិទ្ធិ​ដែល​អាច​ធ្វើ​បាន​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ ប៉ុន្តែ​សូម​កុំ​ព្យាយាម​ចូល​មក​ក្នុង​តំបន់​ដែល​កង​ទ័ព​ខ្មែរ​កាន់​កាប់​ឲ្យ​សោះ។

បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​កងទ័ព​រាប់​រយ​នាក់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ក្នុង​វត្ត​កែវ​សិខា​គិរី​ស្វរៈ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ កាល​ពីថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​មក។

មន្ត្រី​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ការ​ព្រមព្រៀង​គ្នា​រវាង​កម្ពុជា​-​ថៃ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​បោះ​បង្គោល​លើ​ចំណុច​ព្រំដែន​អាទិភាព​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​ឆាប់ៗ​នោះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ទៀត មិន​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់​លាស់​ទេ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង