ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ថា រដ្ឋាភិបាលថៃដែលព្រមទទួលយកសាលក្រមតុលាការអន្តរជាតិរួចហើយ គួរតែចេញមុខប្រាប់ថាមិនមានតំបន់ដែលត្រូវទាមទារនៅទីនោះទៀតទេ។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ៖ «មករំលោភចូលដីគេហើយ មកថា យើងដាក់ទ័ពក្នុងទឹកដីវាខុសច្បាប់ វាអត់ត្រូវ។ អ្វីដែលថៃអះអាងហ្នឹងជាការទាមទារឯកតោភាគីខុសច្បាប់តែប៉ុណ្ណោះ។ បើសិនជារាជរដ្ឋាភិបាលថៃមិនមានវិធានការឲ្យបានជាក់លាក់នៅក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនទេ នៅតែចិញ្ចឹមមហិច្ឆតាចង់បានទឹកដីយើង អាហ្នឹងពិបាកដែរ»។
លោកបន្តថា តុលាការអន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦២ បានសម្រេចសាលក្រមរួចហើយថា ខ្សែបន្ទាត់ព្រំដែនជួរភ្នំដងរ៉ែកដែលមានលើផែនទីតំបន់ប្រាសាទព្រះវិហារ គឺជាព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលគ្មានតំបន់ស តំបន់ត្រួតស៊ីគ្នា និងតំបន់ដែលទាមទារអ្វីទៀតទេ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា អ្វីដែលថៃមួយក្រុមអះអាងនិងតវ៉ាឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ គឺជាការទាមទារឯកតោភាគីនិងខុសច្បាប់តែប៉ុណ្ណោះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលខ្មែរបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃសៅរ៍ ក្រុមសម្ព័ន្ធមិត្តដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ថៃមានគ្នាប្រមាណ៣០នាក់បានលើកគ្នាទៅធ្វើការតវ៉ាជិតកន្លែងប្រជុំអាស៊ាននៅទីក្រុងហ៊ួហិន ដោយបានទាមទារឲ្យប្រទេសខ្មែរដកកងទ័ពចេញតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលទាហានថៃនៅតែព្យាយាមចូលកាន់កាប់ខុសច្បាប់បណ្តាលឲ្យកើតជម្លោះនៅឡើយនោះ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកងយោធាខ្មែរជុំវិញតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា បើទោះបីជាមានព័ត៌មានថា ថៃមួយក្រុមបានធ្វើបាតុកម្មទាមទារឲ្យដកកងទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏ស្ថានការណ៍យោធានៅតំបន់នោះមានសភាពស្ងប់ស្ងាត់ជាធម្មតាទេ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានថ្លែងថា ៖ «ធ្វើអីធ្វើទៅ ទឹកដីគេស្រេចតែគេ អាហ្នឹងរឿងរបស់គេ តែក្នុងតំបន់ដែលកងទ័ពទទួលខុសត្រូវ អាហ្នឹងរឿងផ្សេង ព្រោះយើងនៅតែប្រកាន់ខ្ជាប់នូវបទបញ្ជារបស់សម្ដេចនាយកតែប៉ុណ្ណឹងទេ។ តែមកក្នុងព្រំខណ្ឌដែលយើងបានកំណត់ហើយ អាហ្នឹងយើងដាក់ហើយ»។
លោក ស្រី ឌឹក បានព្រមានថា ការទាមទារបែបនោះគឺគេមានសិទ្ធិដែលអាចធ្វើបាននៅក្នុងទឹកដីរបស់ពួកគេ ប៉ុន្តែសូមកុំព្យាយាមចូលមកក្នុងតំបន់ដែលកងទ័ពខ្មែរកាន់កាប់ឲ្យសោះ។
បញ្ហាជម្លោះព្រំដែនខ្មែរថៃបានកើតឡើងចាប់តាំងពីថៃបានបញ្ជូនកងទ័ពរាប់រយនាក់ចូលមកក្នុងទឹកដីខ្មែរ ក្នុងវត្តកែវសិខាគិរីស្វរៈ ជិតតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨កន្លងមក។
មន្ត្រីគណៈកម្មការដោះស្រាយបញ្ហាព្រំដែនខ្មែរបានមានប្រសាសន៍ថា ការព្រមព្រៀងគ្នារវាងកម្ពុជា-ថៃក្នុងការឈានទៅរកការបោះបង្គោលលើចំណុចព្រំដែនអាទិភាពនៅជិតតំបន់ប្រាសាទព្រះវិហារឆាប់ៗនោះ ត្រូវបានពន្យារពេលទៅទៀត មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់ទេ៕
