កម្ពុជា​ប្រតិកម្ម​ចំពោះ​សញ្ញា​កំណត់​ព្រំដែន​ខ្មែរ​ថៃ​របស់​Google Earth

ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រតិកម្ម​ចំពោះ​សញ្ញា​កំណត់​ព្រំដែន​ខ្មែរ​-​ថៃ​របស់​វ៉ឹបសាយថ៍ Google Earth ដោយ​ចាត់ទុក​ថា​ខុស​ទាំង​ស្រុង។

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នៅ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​បំភ្លឺ​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​គេហទំព័រ Google Earth ក៏​ដូច​ជា Copyrighters ដែល​បាន​បញ្ចូល​និង​ផ្សព្វផ្សាយ​តាម​គេហទំព័រ​នេះ​អំពី​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​កំណត់​នៅ​ក្នុង​ផែនទី​ដោយ​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជិត​ពាក់​កណ្តាល​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​គឺ​ខុស​ទាំង​ស្រុង និង​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​យ៉ាង​ធ្ងន់ធ្ងរ។

ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​សូម​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ បាន​ប្រើប្រាស់​ផែនទី​ឧបសម្ព័ន្ធ​១ ដើម្បី​ឈាន​ទៅ​រក​សេចក្តី​សម្រេច​របស់​ខ្លួន។ ផែនទី​ឧបសម្ព័ន្ធ​១​នេះ ភាគី​ថៃ​បាន​ព្រម​ទទួល​យក​ក្នុង​ឆ្នាំ​១៩០៨ យោង​តាម​អនុសញ្ញា​បារំាង​-​សៀម ឆ្នាំ​១៩០៤។

ផែនទី​ឧបសម្ព័ន្ធ​១​នោះ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​អះអាង​បញ្ជាក់​ថា នៅ​ឆ្នាំ​១៩០៨​-​១៩០៩ ថៃ​ពិត​ជា​បាន​យល់ព្រម​ទទួល​យក​ផែនទី​ឧបសម្ព័ន្ធ​១ ថា​ជា​លទ្ធផល​នៃ​ការងារ​កំណត់​ព្រំដែន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​លើ​ផែនទី​នេះ ថា​ជា​ខ្សែ​ព្រំដែន​ដែល​អនុភាព​នៃ​ការ​ព្រម​ទទួល​យក​នោះ​គឺ​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​ទឹក​ដី​កម្ពុជា។

តុលាការ​នេះ​បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​សកម្មភាព​របស់​ខ្លួន​ភាគី​ទាំង​ពីរ គឺ​កម្ពុជា​និង​ថៃ​បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​នេះ ដែល​ពួក​គេ​ព្រមព្រៀង​និង​ចាត់ទុក​ខ្សែ​បន្ទាត់​នេះ​ជា​ខ្សែ​ព្រំដែន។

ដោយ​សំអាង​លើ​ហេតុផល​នេះ តុលាការ​បាន​សន្និដ្ឋាន​ចុង​ក្រោយ​ថា ការ​ព្រម​ទទួល​យក​ផែនទី​ឧបសម្ព័ន្ធ​១ ដោយ​ភាគី​ទាំង​ពីរ គឺ​ជា​ការ​បញ្ចូល​ផែនទី​នេះ​ទៅ​ក្នុង​ដំណើរការ​ដោះស្រាយ​នៃ​អនុសញ្ញា ហើយ​ផែនទី​ដដែល​នេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​ដំណោះស្រាយ​អនុសញ្ញា​នេះ​បាន​ឡើយ ដូច្នេះ​ផែនទី​ឧបសម្ព័ន្ធ​១ មាន​លក្ខណៈ​តម្រូវ​ឲ្យ​អនុវត្ត​តាម។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នោះ បាន​ទាមទារ​ឲ្យ​មាន​ការ​ដូរ​រូប​ផែនទី​ខុស​នោះ​ចេញ និង​ដាក់​ផែនទី​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ជំនួស​វិញ៕