ទីផ្សារ​អចលនវត្ថុ​នៅ​កម្ពុជា​មាន​ចលនា​បណ្ដើរៗ​ឡើង​វិញ

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​ជាតិ​កម្ពុជា​បាន​អះអាង​ថា តម្លៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចលនា​បណ្តើរៗ​ហើយ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​មួយចំនួន។

លោក ស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​ជាតិ​កម្ពុជា និង​ជា​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ប៊ុណ្ណា​រៀលធី​ហ្គ្រូប មាន​ប្រសាសន៍​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​ចាប់​ផ្តើម​មាន​ចលនា​បណ្តើរៗ​ហើយ​នៅ​តាម​ខេត្ត​ក្រុង​ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់ ព្រោះ​គេ​ឃើញ​មាន​ចលនា​នៃ​ការ​ទិញ​លក់​ជា​បណ្តើរៗ​វិញ​ហើយ។

លោក ស៊ឹង ប៊ុណ្ណា បាន​បញ្ជាក់​ថា ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា តម្លៃ​ទី​ផ្សារ​អចលនទ្រព្យ​នេះ​ចាប់​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​នឹង​មាន​ហាងឆេង​ល្អ ប៉ុន្តែ​មិន​ទាន់​ឡើង​ដល់​កម្រិត​ដូច​មុន​ដែល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ទេ។

លោក ស៊ឹង ប៊ុណ្ណា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឥឡូវ​នេះ​តំបន់​មួយ​ចំនួន​គឺ​វា​ដល់​បាត ពេល​តំបន់​ដល់​បាត​គឺ​មាន​អ្នក​ទិញ ហើយ​អ្នក​ទិញ​រើស​តំបន់ បាន​ន័យ​ថា តំបន់​ណា​ដែល​ដល់​បាត​ពិត​ប្រាកដ ហើយ​តំបន់​ណា​ដែល​មាន​ចំណូល។ ចលនា​របស់​ដីធ្លី​វា​អ៊ីចឹង បាន​ន័យ​ថា ទាល់​តែ​ដល់​បាត ហើយ​វា​ធ្វើ​ចលនា​មួយ​រយៈ មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ទើប​វា​ចាប់​ផ្ដើម​មាន​ឱកាស វា​ចាប់​ផ្ដើម​ឡើង​វិញ»

លោក ងី តាយី អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ​មាន​ប្រសាសន៍​ថា តាម​ការ​កត់​សម្គាល់​ក្នុង​នាម​ខ្លួន​លោក​ជា​អ្នក​សេដ្ឋកិច្ច​មួយ​រូប​ឃើញ​ថា តម្លៃ​ទី​ផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​មាន​សញ្ញា​រស់​ឡើង​វិញ​ហើយ។

លោក ងី តាយី មាន​ប្រសាសន៍​ដូច្នេះ ៖ «ឃើញ​ថា​រើបៗ ការដ្ឋាន​ទាំង​ឡាយ​មាន​បើក​វិញ អាហ្នឹង​គ្រាន់​តែ​ជា​សញ្ញា​មួយ​អាច​ជា​ការ​ចាប់​ផ្ដើម​ដែរ។ ទស្សនៈ​នៅ​ក្នុង​សេដ្ឋកិច្ច​មាន​ឃើញ​ខាង​សំណង់​ចាប់​ផ្ដើម​ហើយ ហ្នឹង​បន្តិច​ទៀត​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​ទិញ ការ​សាងសង់ ការ​នាំ​ចូល​។ល។»

លោក ចំរើន ឆើត ជា​ឈ្មួញ​កណ្តាល​ដើរ​ទិញ​ដី​ស្តុក​និង​លក់​ដី​មាន​លំនៅ នៅ​ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​ថា លោក​កប់​អស់​ដើម​ទុន​ក្នុង​ការ​ទិញ​ដី​ស្តុក​ទុក​លក់​កាល​ពី​មុន​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

លោក ចំរើន ឆើត មាន​ប្រសាសន៍​ថា ៖ «ដី​កប់​ច្រើន​ណាស់​ខ្ញុំ បើ​សិន​ជា​មាន​ហាងឆេង លក់​ដី​គេ​មិន​ដាច់​លក់​ដី​យើង បើ​សិន​ជា​ត្រូវ​ចេះ​តែ​លក់​ទៅ»

លោក ស៊ឹង ប៊ុណ្ណា ដែល​ជា​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ពី​តម្លៃ​ទី​ផ្សារ​ដី​នៅ​តំបន់​សំខាន់ៗ​មួយ​ចំនួន​នៅ​ភ្នំពេញ ដូច្នេះ ៖ «នៅ​តំបន់​បឹងកេងកង ដែល​ពី​ដើម​ពី​២.៥០០ ទៅ​៣.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ឥឡូវ​នេះ​នៅ​សល់​ត្រឹម​១.៥០០ ឬ​១.៨០០​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​បើ​ផ្លូវ​ធំៗ ដូច​ផ្លូវ​មុនីវង្ស​ពី​ដើម​មក យើង​រហូត​ទៅ​ដល់​៤.០០០ ឬ​ក៏​៥.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ឥឡូវ​ហ្នឹង​នៅ​សល់​ត្រឹម​តែ​២.០០០ ឬ​ក៏​២.៥០០​ទេ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ»

អ្នក​វាយ​តម្លៃ​អចលនវត្ថុ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ស្រប​ច្បាប់​ធំៗ រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ចំនួន​៨០​ក្រុមហ៊ុន​នោះ យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​ស្រប​ច្បាប់​ជាង​៤០​ត្រូវ​បាន​បិទ​ទ្វារ​ឈប់​ដំណើរ​ការ ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

អ្នក​សេដ្ឋកិច្ច​ធនាគារ​ពិភពលោក​បាន​ចេញ​របាយការណ៍​មួយ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​-២% ក្នុង​ឆ្នាំ​២០០៩​នេះ ប៉ុន្តែ​បាន​វាយ​តម្លៃ​ថា នឹង​កើន​ឡើង​៤%​វិញ​នៅ​ដើម​ឆ្នាំ​២០១០៕