លោក ស៊ឹង ប៊ុណ្ណា ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុជាតិកម្ពុជា និងជានាយកក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីហ្គ្រូប មានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នចាប់ផ្តើមមានចលនាបណ្តើរៗហើយនៅតាមខេត្តក្រុងដែលមានសេដ្ឋកិច្ចលូតលាស់ ព្រោះគេឃើញមានចលនានៃការទិញលក់ជាបណ្តើរៗវិញហើយ។
លោក ស៊ឹង ប៊ុណ្ណា បានបញ្ជាក់ថា ប្រសិនបើសេដ្ឋកិច្ចកម្ពុជាមានកំណើនពីរឆ្នាំជាប់ៗគ្នា តម្លៃទីផ្សារអចលនទ្រព្យនេះចាប់ពី២ទៅ៣ឆ្នាំទៀតនឹងមានហាងឆេងល្អ ប៉ុន្តែមិនទាន់ឡើងដល់កម្រិតដូចមុនដែលប្រទេសកម្ពុជាជួបវិបត្តិហិរញ្ញវត្ថុនោះទេ។
លោក ស៊ឹង ប៊ុណ្ណា បានឲ្យដឹងដូច្នេះ ៖ «ឥឡូវនេះតំបន់មួយចំនួនគឺវាដល់បាត ពេលតំបន់ដល់បាតគឺមានអ្នកទិញ ហើយអ្នកទិញរើសតំបន់ បានន័យថា តំបន់ណាដែលដល់បាតពិតប្រាកដ ហើយតំបន់ណាដែលមានចំណូល។ ចលនារបស់ដីធ្លីវាអ៊ីចឹង បានន័យថា ទាល់តែដល់បាត ហើយវាធ្វើចលនាមួយរយៈ មួយឆ្នាំឬពីរឆ្នាំទើបវាចាប់ផ្ដើមមានឱកាស វាចាប់ផ្ដើមឡើងវិញ»។
លោក ងី តាយី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអន្តរក្រសួងដើម្បីគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុមានប្រសាសន៍ថា តាមការកត់សម្គាល់ក្នុងនាមខ្លួនលោកជាអ្នកសេដ្ឋកិច្ចមួយរូបឃើញថា តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន គឺមានសញ្ញារស់ឡើងវិញហើយ។
លោក ងី តាយី មានប្រសាសន៍ដូច្នេះ ៖ «ឃើញថារើបៗ ការដ្ឋានទាំងឡាយមានបើកវិញ អាហ្នឹងគ្រាន់តែជាសញ្ញាមួយអាចជាការចាប់ផ្ដើមដែរ។ ទស្សនៈនៅក្នុងសេដ្ឋកិច្ចមានឃើញខាងសំណង់ចាប់ផ្ដើមហើយ ហ្នឹងបន្តិចទៀតមានផលប៉ះពាល់ទៅដល់ការទិញ ការសាងសង់ ការនាំចូល។ល។»។
លោក ចំរើន ឆើត ជាឈ្មួញកណ្តាលដើរទិញដីស្តុកនិងលក់ដីមានលំនៅ នៅខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោកកប់អស់ដើមទុនក្នុងការទិញដីស្តុកទុកលក់កាលពីមុនកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក ចំរើន ឆើត មានប្រសាសន៍ថា ៖ «ដីកប់ច្រើនណាស់ខ្ញុំ បើសិនជាមានហាងឆេង លក់ដីគេមិនដាច់លក់ដីយើង បើសិនជាត្រូវចេះតែលក់ទៅ»។
លោក ស៊ឹង ប៊ុណ្ណា ដែលជានាយកក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅទីក្រុងភ្នំពេញ បានឲ្យវិទ្យុអាស៊ីសេរីដឹងពីតម្លៃទីផ្សារដីនៅតំបន់សំខាន់ៗមួយចំនួននៅភ្នំពេញ ដូច្នេះ ៖ «នៅតំបន់បឹងកេងកង ដែលពីដើមពី២.៥០០ ទៅ៣.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឥឡូវនេះនៅសល់ត្រឹម១.៥០០ ឬ១.៨០០ក្នុងមួយម៉ែត្រការ៉េ ហើយបើផ្លូវធំៗ ដូចផ្លូវមុនីវង្សពីដើមមក យើងរហូតទៅដល់៤.០០០ ឬក៏៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឥឡូវហ្នឹងនៅសល់ត្រឹមតែ២.០០០ ឬក៏២.៥០០ទេក្នុងមួយម៉ែត្រការ៉េ»។
អ្នកវាយតម្លៃអចលនវត្ថុជាតិកម្ពុជាបានឲ្យដឹងថា នៅក្នុងចំណោមក្រុមហ៊ុនស្របច្បាប់ធំៗ រកស៊ីលើវិស័យអចលនទ្រព្យនៅកម្ពុជា ចំនួន៨០ក្រុមហ៊ុននោះ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនស្របច្បាប់ជាង៤០ត្រូវបានបិទទ្វារឈប់ដំណើរការ ដោយសារតែវិបត្តិហិរញ្ញវត្ថុដែលកម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
អ្នកសេដ្ឋកិច្ចធនាគារពិភពលោកបានចេញរបាយការណ៍មួយនៅដើមខែវិច្ឆិកានេះថា សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ-២% ក្នុងឆ្នាំ២០០៩នេះ ប៉ុន្តែបានវាយតម្លៃថា នឹងកើនឡើង៤%វិញនៅដើមឆ្នាំ២០១០៕
