លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «បាងកកប៉ុស្ដិ៍ យើងដឹងហើយមិនដែលសួរនាំឲ្យច្បាស់លាស់អីទេ គ្រាន់តែជាឧបករណ៍មួយផ្សព្វផ្សាយដើម្បីបំពេញនូវកាតព្វកិច្ចនិងឥរិយាបថវាតទីហើយនិងឈ្លានពានយើងតែប៉ុណ្ណឹងឯង។ សូមជម្រាបថា ប្រាសាទដែលមានឈ្មោះថា ប្រាសាទតង្វាយ ឬភាសាថៃហ្នឹងអត់មានពាក្យតង្វាយទេ គេថាតង្វាយគឺជាក្របីទៅវិញ ហើយប្រាសាទហ្នឹងទ័ពរបស់យើងបានកាន់កាប់តាំងពីយូរណាស់មកហើយ ប៉ុន្តែកាលហ្នឹងគឺនៅជិតតំបន់យើងកំពុងតែរៀបចំតាមសកម្មភាពរបស់គណៈកម្មការដែនគោកចម្រុះកម្ពុជា-ថៃហ្នឹង កំពុងតែរៀបចំបោះបង្គោលព្រំដែនតំបន់ហ្នឹង ម្ល៉ោះហើយក្នុងតំបន់ហ្នឹងជារបស់កម្ពុជា»។
កាសែតបាងកកប៉ុស្តិ៍បានផ្សាយនៅថ្ងៃទី១៣ កុម្ភៈ ដោយសរសេរថា នាយទាហានថៃបានឲ្យដឹងថា កងទ័ពកម្ពុជាមិនបានកាន់កាប់ប្រាសាទតាក្របីដែលថៃបានអះអាងថា ជារបស់ប្រទេសថៃនោះទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ (១១ កុម្ភៈ)កន្លងទៅ ទាហានកម្ពុជាបានលើកទ័ពចូលតំបន់ប្រាសាទនោះមែន តែក្រោយមកបានដកថយទៅវិញ។
កាសែតបានសរសេរទៀតថា ទ័ពកម្ពុជាបានលើកចូលនោះដោយសារមានការមិនយល់និងច្រឡំ។ជាមួយនោះដែរកាសែតបានសរសេរថា ប្រាសាទតាក្របី ថៃប្រកាសថាជារបស់ប្រទេសថៃ តែត្រូវកម្ពុជាជំទាស់និងជាលទ្ធផលក្រោយមក មានការជជែកគ្នានិងយល់ព្រមជាមួយគ្នាថា មិនមានកងទ័ពប្រទេសណាមួយកាន់កាប់ប្រាសាទតាក្របីនោះទេ។
ប្រទេសកម្ពុជានិងថៃកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំនិងតាមាន់តូច ហើយទំនាក់ទំនងការទូតប្រទេសទាំងពីរក៏មានភាពល្អក់កករដែរ ដោយប្រទេសនីមួយៗបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនមកប្រទេសរៀងៗខ្លួនវិញ។
កាលពីដើមសប្តាហ៍កន្លងមកនេះ ក្នុងពេលធ្វើដំណើរចុះទៅសួរសុខទុក្ខកងទ័ពនៅតាមតំបន់ព្រំដែន លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងសុន្ទរកថាដោយមានពាក្យប្រមាថនាយករដ្ឋមន្រ្តីថៃដោយពាក្យធ្ងន់ៗមួយចំនួន ដូចជាពាក្យថា ឆ្កួត ឡប់ៗ អត់ពូជជាដើម៕
