លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ចេញសេចក្តីថ្លែងការណ៍នេះជាសាធារណៈលើកឡើងអំពីការដែលសភាជាតិកម្ពុជា គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើមសប្តាហ៍ក្រោយនេះ ដើម្បីដកអភ័យឯកសិទ្ធិសភាពីរូបលោក ដើម្បីផ្តល់ឱកាសឲ្យតុលាការខេត្តស្វាយរៀង ស៊ើបអង្កេតករណីចោទប្រកាន់ដែលថា លោក សម រង្ស៊ី បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយគ្រាន់តែលោកបានដកបង្គោលមួយកាលពីថ្ងៃទី២៥ ខែតុលា ខែមុននេះ ដកចេញពីដីស្រែនៅឃុំសំរោង ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលអាជ្ញាធរខេត្តអះអាងថា នោះជាបង្គោលព្រំដែនខ្មែរនិងវៀតណាម។
ចំណាត់ការរបស់សភាខ្មែរដែលគ្រោងនឹងកោះប្រជុំដើម្បីដកអភ័យឯកសិទ្ធិសភាពីរូបលោក សម រង្សី ធ្វើឡើងនៅបន្ទាប់ពីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) ស្នើកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងមកនេះថា រដ្ឋាភិបាលកម្ពុជាចាត់វិធានការលើលោក សម រង្ស៊ី ព្រោះថា លោកមានចេតនាប្រព្រឹត្តដូច្នោះ ដែលមិនគួរឲ្យអំពើស្រដៀងគ្នានោះកើតមានជាថ្មីទៀតឡើយ ដែលអាចផ្តល់ផលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។
លោក សម រង្ស៊ី បញ្ជាក់ថា ទង្វើរបស់លោកកាលពីថ្ងៃទី២៥ ខែតុលានោះ ធ្វើឡើងក្នុងបំណងគាំទ្ររួមសាមគ្គីជាមួយកសិករខ្មែរ ដែលជាជនរងគ្រោះបាត់បង់ដីធ្លីស្រែចម្ការ ដោយសារការរឹបអូសពីសំណាក់វៀតណាម នៅតាមព្រំដែននៃខេត្តស្វាយរៀងតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ការដែលរដ្ឋាភិបាលកម្ពុជានិងលោក ហ៊ុន សែន នាំគ្នាលើកតម្កើងលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ដែលតុលាការថៃចាត់ថាមានទោស ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្មែរនោះ គឺគ្រាន់តែដើម្បីបង្វែរអារម្មណ៍សាធារណជនឲ្យគិតតែពីបញ្ហាព្រំដែនភាគខាងលិចជាប់ប្រទេសថៃ ភ្លេចគិតដល់ព្រំដែនភាគខាងកើតជាប់នឹងប្រទេសវៀតណាម ព្រោះតែវៀតណាមពូកែប្រើល្បិចនយោបាយ ហើយជំហរលោក ហ៊ុន សែន តែងទោរទន់ទៅរកក្រុងហាណូយ៕