ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង បានមានប្រសាសន៍បន្ទាប់ពីចេញពីកិច្ចជំនួបកំពូលរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ នៅល្ងាចថ្ងៃទី២២ តុលា ឯទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថា ជាមួយកិច្ចព្រមព្រៀងទាំងនេះកាន់តែបង្ហាញឲ្យឃើញច្បាស់ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងជំនួបនេះប្រធានាធិបតីកូរ៉េ លោក លី ម្យុងបាក់ ក៏បានសន្យាថា នឹងផ្តល់កម្ចីព្រមទាំងជំនួយឥតសំណងយ៉ាងច្រើនដល់កម្ពុជា ដែលរួមមាន ៖ «ឯកឧត្ដម លី ម្យុងបាក់ នឹងពិនិត្យពិចារណាដើម្បីកម្ចី និង ODS ឲ្យកម្ពុជា គឺជំនួយឥតសំណងឲ្យកម្ពុជាបន្តទៀត និងពិចារណាលើបញ្ហានេះ ហើយនិងឲ្យបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចបន្តគម្រោងដែលកំពុងអនុវត្ត ហើយសំខាន់រវាងពីឆ្នាំ២០០៩ ដល់ ២០១៣ កូរ៉េនឹងផ្ដល់ឲ្យ២០០លានដុល្លារដល់កម្ពុជាជាកម្ចីសម្បទាន»។
កិច្ចព្រមព្រៀងទាំង៩ដែលភាគីកម្ពុជានិងកូរ៉េបានចុះហត្ថលេខានោះរួមមាន កិច្ចព្រមព្រៀងស្តីពីបត្យាប័ន, កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីឥណទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០០៩-២០១២, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងស្តីពីការសហការផលិតកម្មវិធីផ្សព្វផ្សាយរវាងក្រសួងព័ត៌មានកម្ពុជាជាមួយគណៈកម្មការទូរគមនាគមន៍នៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃកិច្ចយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានរ៉ែរវាងអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា ជាមួយវិទ្យាស្ថានភូគព្តសាស្ត្រនិងធនធានរ៉ែនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃកិច្ចយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងការដាំព្រៃឈើនិងការប្រែប្រួលអាកាសធាតុរវាងរដ្ឋបាលព្រៃឈើនិងសេវាកម្មព្រៃឈើនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការអប់រំបណ្តុះបណ្តាលស្រាវជ្រាវរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជានិងមហាវិទ្យាល័យកសិកម្មនិងនេសាទជាតិនៃសាធារណរដ្ឋកូរ៉េ, អនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោងវិនិយោគផលិតផលស្រូវសម្រាប់នាំចេញរវាងក្រុមហ៊ុន Green Trade និងអ្នកវិនិយោគកម្ពុជានិងកូរ៉េ តំណាងដោយ ខេធីស៊ីឃ្យុងអាន ខេប៊ល ខំផេនី លីមីតធីត និងធនាគារ គុតគីម និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រេងកាតរវាងអាជ្ញាធរជាតិប្រេងកាតកម្ពុជានិងសាជីវកម្មប្រេងកាតសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសដំណើរទស្សកិច្ចនេះ លោក លី ម្យុងបាក់ ក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី និងជួបមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ៕
