កម្ពុជា​ចាប់ផ្ដើម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​-ក្រុង ស្រុក​-ខណ្ឌ

មន្រ្តី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ជាង​១​ម៉ឺន​១​ពាន់​នាក់​មក​ពីគ​ណបក្ស​៤ ទូទាំង​ប្រទេស​កម្ពុជា ចូលរួម​បោះឆ្នោត​ជា​លើក​ទី​១ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

0:00 / 0:00

ចៅ​សង្កាត់​អូរឫស្សី​១ ខណ្ឌ​៧មករា ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា សុភិន ថ្លែង​ថា បោះឆ្នោត​ថ្ងៃ​នេះ​នឹង​រើស​យក​ក្រុមប្រឹក្សា​ជាង​៣២០០​នាក់​សម្រាប់​ជួយ​ការងារ​រដ្ឋបាល​របស់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ជា សុភិន បាន​ឲ្យ​ដឹង​ថា ៖ «សង្គម​ជាតិ​យើង​គឺ​មាន​រចនា​សម្ព័ន្ធ​មួយ​ទៀត​សម្រាប់​ជួយ​ដឹកនាំ»

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរឫស្សី២ ខណ្ឌ​៧មករា ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ លោក សូ សុភ័ក្រ្តា បន្ថែម​ថា ៖ «នេះ​គឺ​ជា​ការអនុវត្ត​នយោបាយ​វិមជ្ឈការ​មួយ​ដើម្បី​ផ្ដល់​អំណាច​មក​ថ្នាក់​មូលដ្ឋាន។ ពី​មុន​អំណាច​យើង​គឺ​នៅតែ​ថ្នាក់​កណ្ដាល អត់​បាន​ដល់​មូលដ្ឋាន​ទេ»

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដេប៉ូ១ ខណ្ឌ​ទួលគោក លោក ម៉ៅ ប៊ុនរី ពី​គណបក្ស​សមរង្ស៊ី ថ្លែង​ថា បោះឆ្នោត​ថ្ងៃ​នេះ​ជា​ការពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​កម្ពុជា។

ចៅ​សង្កាត់​រង​ទី​២​នៃ​សង្កាត់​អូរឫស្សី២ លោក ប្លុង សេងហាប់ អះអាង​ថា បោះឆ្នោត​ថ្ងៃ​នេះ​ផ្តល់​សិទ្ធិ​គណបក្ស​សមរង្ស៊ី​មាន​មន្រ្តី​ចូល​ធ្វើការ​នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​មិន​ធ្លាប់​មាន​ពី​មុន។

លោក ប្លុង សេងហាប់ បាន​មាន​ប្រសាសន៍​ថា ៖ «ដែល​អាច​ជួយ​ការងារ​ខ្ញុំ​ជា​ចៅ​សង្កាត់​អី​ហ្នឹង។ ជឿ​ថា​គណបក្ស​ខ្ញុំ​នឹង​មាន​ការរីក​ចម្រើន»

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក អ៊ឹម សួស្តី មាន​ប្រសាសន៍​ថា សកម្មភាព​ព្រឹក​កំពុង​បោះឆ្នោត​គ្មាន​ហិង្សា​កើត​មាន​ទេ។

លោក​ថា​ចំនួន​ក្រុមប្រឹក្សា​ជាង​១​ម៉ឺន​នាក់​នោះ​មាន​សិទ្ធិ​បោះឆ្នោត​ថ្ងៃ​នេះ​មាន​មួយចំនួន​ជាប់​ពន្ធនាគារ​និង​មួយចំនួន​មាន​ជំងឺ ប៉ុន្តែ​សិទ្ធិ​បោះឆ្នោត​ពួក​គេ​នៅ​មាន។

លោក​ថា ពួក​គេ​ត្រូវតែ​មាន​អ្នក​ជួយ​នាំ​មក​ឲ្យ​បោះឆ្នោត​ដោយ​ហិប​ឆ្នោត​មិន​អាច​ដឹក​ទៅ​ឲ្យ​គេ​បោះ​បាន​ទេ ប៉ុន្តែ​លោក​មិន​ទាន់​មាន​តួលេខ​សរុប​ចំនួន​អ្នក​ដែល​អវត្តមាន​ដែល​មិន​បាន​បោះឆ្នោត​នៅ​ឡើយ​ទេ។

លោក អ៊ឹម សួស្ដី បាន​បញ្ជាក់​ថា ៖ «នៅ​ខេត្ត​កំពត​ក៏​ដូច​ជា​ខេត្ត​កំពង់ធំ​មាន​សមាជិក​ក្រុមប្រឹក្សា​ខ្លះ​ដែល​ជាប់​ពន្ធនាគារ ប៉ុន្តែ​សាលក្រម​មិន​ទាន់​ចេញ​ជា​ស្ថាពរ​ទេ ដូច្នេះ​គាត់​មាន​សិទ្ធិ​បោះឆ្នោត។ គាត់​មាន​ឈ្មោះ​ហើយ ប៉ុន្តែ​ត្រូវតែ​ឲ្យ​ខាង​ពន្ធនាគារ​ហ្នឹង​បញ្ជូន​គាត់​មក​បោះឆ្នោត​នៅ​តាម​ការិយាល័យ​នោះ»

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ អះអាង​ថា របាយការណ៍​បណ្តោះ​អាសន្ន​នៅ​ក្រុង​ភ្នំពេញ ចំពោះ​ក្រុមប្រឹក្សា​គណបក្ស​នេះ​បាន​ទៅ​បោះឆ្នោត មិន​មាន​អវត្តមាន​ទេ ប៉ុន្តែ​គណបក្ស​សមរង្ស៊ី​បាន​បាត់​សំឡេង​ឆ្នោត​ជាង​២៦​សំឡេង ទំនង​ជា​ក្រុមប្រឹក្សា​សង្កាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង។

ឯ​អគ្គលេខាធិការ​រង​គណបក្ស នរោត្ដម រណឫទ្ធិ លោក សៅ រ៉ានី ថ្លែង​ថា អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​គណបក្ស​នោះ​បាន​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​គ្មាន​ហិង្សា​មក​លើ​មន្ត្រី​គណបក្ស​នោះ​ឡើយ។

ចំណែក​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី មិន​បាន​លើក​ទូរស័ព្ទ​ឡើយ។ រីឯ​តំណាង​ឬ​អ្នក​នាំ​ពាក្យ​គណបក្ស​នោះ​មិន​អាច​ទាក់ទង​សុំ​យោបល់​បាន​ដែរ៕