កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ស្ដីពី​កិច្ចការ​គ្រឿង​ញៀន

2009-10-04

អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ទទួល​បាន​ជោគជ័យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៣០​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ស្តីពី​កិច្ចការ​គ្រឿង​ញៀន កាល​ពី​ពេល​ថ្មីៗ​នេះ។

កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៩ ក្នុង​សប្តាហ៍​នេះ​នៅ​ឯ​សណ្ឋាគារ NAGA WORLD នៅ​ទីក្រុង​ភ្នំពេញ។

លោក​ឧត្តមសេនីយ៍​ទោ ភន បូរ៉ាមី ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​ជាន់​ខ្ពស់​អន្តរជាតិ​ពី​ប្រទេស​សមាជិក​សមាគម​អាស៊ាន អ្នក​ដែល​កាន់​កិច្ចការ​គ្រឿង​ញៀន បាន​ចូលរួម​ទាំងអស់​៧៨​នាក់។ ចំណែក​ប្រតិភូ​ខ្មែរ​ចំនួន​៣០​នាក់​ក៏​បាន​ចូលរួម​ដែរ។

កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ឧប​នាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន ដែល​លោក​ក៏​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ផងដែរ។

ចំណែក​លោក​ឧត្តមសេនីយ៍​ឯក មឹក តារា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​នោះ​ផ្ទាល់។

លោក​ឧត្តមសេនីយ៍​ទោ ភន បូរ៉ាមី បញ្ជាក់​បន្ថែម​អំពី​កិច្ច​ប្រជុំ​និង​លទ្ធផល ៖ «នៅ​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​អាស៊ាន​នេះ គឺ​យើង​បាន​ប្រជុំ​ទៅ​តាម​របៀបវារៈ​ជា​ច្រើន ហើយ​នៅ​ក្នុង​នោះ​យើង​សំដៅ​ទៅ​លើ​កិច្ចការ​ជា​គោល​ចំនួន​៥ ដែល​ក្នុង​នោះ​យើង​សំដៅ​ទៅ​លើ​ការងារ​អប់រំ​បង្ការ​និង​ការងារ​ព្យាបាល​និង​ស្ដារ​នីតិ​សម្បទា ការងារ​អនុវត្ត​ច្បាប់ ការងារ​ស្រាវជ្រាវ និង​ការ​កែប្រែ​ដំណាំ​ជំនួស ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​គឺ​តាម​របៀបវារៈ​នីមួយៗ គឺ​ប្រទេស​នីមួយៗ​បាន​ធ្វើ​នូវ​របាយការណ៍​រាយការណ៍​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​ប្រទេស​នីមួយៗ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក។ ជា​រួម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​អន្តរជាតិ​របស់​យើង​នេះ យើង​ទទួល​បាន​នូវ​ចំណុច​ដៅ​សំខាន់ៗ​មួយចំនួន ទី​១ បង្កើន​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​របស់​អាស៊ាន​ទាំង​អស់ និង​បណ្ដា​អង្គការ​អន្តរជាតិ​ពិភពលោក​មួយចំនួន ដែល​ក្នុង​នោះ​យើង​ទទួល​បាន ឃើញ​ថា មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ UNBBC ជាមួយ​នឹង​បណ្ដា​ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​ប្រទេស​ទាំង​អស់​នេះ​យើង​គិត​ថា​ជា​ប្រទេស​ដែល​មាន​អាទិភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​ជួយ​ដល់​បណ្ដា​ប្រទេស​នៅ​អាស៊ាន​របស់​យើង»

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​គ្រោង​ធ្វើ​យុទ្ធនាការ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក

នៅ​មុន​កិច្ច​ប្រជុំ​នោះ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ដាក់​ចេញ​នូវ​គម្រោង​បើក​យុទ្ធនាការ​ថ្នាក់​ជាតិ​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នៃ​ទិវា​បុណ្យ​អុំ​ទូក ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ខាង​មុខ​នេះ។

នៅ​ក្នុង​ទិវា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​នោះ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​គ្រោង​នឹង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​គ្រប់​ទិស​ទី​អ្នក​ទៅ​ចូលរួម​បុណ្យ​អុំ​ទូក ឲ្យ​បាន​យល់​ដឹង​អំពី​គ្រោះថ្នាក់​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

លោក​ឧត្តមសេនីយ​ទោ ភន បូរ៉ាមី ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​កាល​ពី​យប់​មិញ​ថា ៖ «ឥឡូវ​យើង​កំពុង​តែ​ដាក់​ចេញនូវ​យុទ្ធនាការ​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក​របស់​យើង​នៅ​ពេល​ខាង​មុខ​នេះ ហើយ​ទាំង​អស់​នេះ​គឺ​ជា​ការ​ណែនាំ​និង​ការ​ចង្អុល​ទិស​របស់​ប្រមុខ​នៃ​រដ្ឋាភិបាល ហើយ​ជាមួយ​នេះ​ផងដែរ​ក៏​ដូច​ជា​ការ​ចង្អុល​ទិស​ណែនាំ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ដែល​ជា​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​យើង»

លោក នាក់ យុទ្ធា ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ​និង​បង្ការ​គ្រឿង​ញៀន នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា គម្រោង​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​ទិវា​បុណ្យ​អុំ​ទូក​នោះ គឺ​អគ្គលេខាធិការដ្ឋាន​គ្រោង​នឹង​បោះពុម្ព​មួក​និង​អាវយឺត​រាប់​ម៉ឺន​សម្រាប់​ដែល​មាន​ដាក់​ភ្ជាប់​នូវ​សារ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ចែក​ឲ្យ​កីឡាករ​អុំ​ទូក​ប្រណាំង​ជាង​៣០០​ទូក ឲ្យ​កីឡាករ​ពាក់​ក្នុង​ឱកាស​នោះ​ដែរ ព្រោះ​អាជ្ញាធរ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ទស្សនា​មិន​តិច​ជាង​២​លាន​នាក់​ទេ។

លោក​ឧត្តមសេនីយ៍​ទោ ភន បូរ៉ាមី បញ្ជាក់​ថា គ្រឿង​ញៀន​ដែល​កំពុង​ពេញ​និយម​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គឺ​គ្រឿង​ញៀន​សំយោគ​អាតេអេស ដែល​រួម​មាន​មេតំហ្វេតាមីន ថៃ​ហៅ​ថា យ៉ាម៉ា ឬ​យ៉ាបា ខ្មែរ​ហៅ​ថា ម៉ា ឬ​ថ្នាំ​ឆ្កួត និង​ថា តាម​ការ​ប៉ាន់​ប្រមាណ​បណ្តោះ​អាសន្ន​គឺ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​សរុប​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​នេះ​អាច​មាន​ដល់​ជាង​៦​ពាន់​នាក់៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ