សហគមន៍​ខ្មែរ​​ស្នើ​​ឲ្យ​រដ្ឋាភិបាល​កែប្រែ​កិច្ច​ព្រមព្រៀង​បញ្ជូន​ជន​អន្តោប្រវេសន៍

សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​ឡើង​វិញ ដើម្បី​រក​ដំណោះស្រាយ​ណា​មួយ​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្ដូរ ឬ​កែ​សម្រួល​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​បញ្ជូន​ត្រឡប់​ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​នៅ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​វិញ។

បុគ្គលិក​អង្គការ The United Communities Southeast Philadelphia ក្នុង​រដ្ឋ​ផេនស៊ីលវានៀ (Pennsylvania) សហរដ្ឋ​អាមេរិក លោក សេង ដេវីដ (Seng David) បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក រួម​នឹង​តំណាង​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​នេះ បាន​ដាក់​សំណើ​ទៅ​លោក​នាកយរដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈ​ក្រុម​មន្ត្រី​ការទូត​របស់​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ រក​យុទ្ធសាស្ត្រ​ថ្មី ធ្វើការ​ចរចា​កែប្រែ​គោលការណ៍​បញ្ជូន​ជន​អន្តោប្រវេសន្ត​ខ្មែរ​ចេញ​ពី​សហរដ្ឋ​អាមេរិក។

លោក សេង ដេវីដ មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ហើយ​បាន​បញ្ជូន​ទៅ​ឲ្យ​លោក អ៊ុជ បូរិទ្ធ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតុន (Washington)។ ពួកគាត់​បាន​ទទួល ហើយ​ថា​បាន​យល់​ព្រម​នឹង​ពិនិត្យ​មើល​នូវ​សំណុំ​រឿង និង​ឯកសារ​ដែល​ខ្ញុំ​បាន​បញ្ជូន​ទៅ​ឲ្យ​គាត់​ហ្នឹង គាត់​នឹង​យក​ទៅ​ឲ្យ​សម្តេច​នាយក​ដើម្បី​ឲ្យ​លោក​ពិចារណា​សា​ថ្មី​ឡើង​វិញ អំពី​រឿង​យក​ប្រជាជន​ខ្មែរ​យើង​ពី​សហរដ្ឋ​អាមេរិក​នេះ​ទៅ»

ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក លោក ហែម ហេង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​របាយការណ៍​ស្នើ​សុំ​អន្តរាគមន៍​ពី​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាឌែលហ្វីយ៉ា (Philadelphia) ហើយ​ព្រម​ទាំង​បាន​បញ្ជូន​ពាក្យ​ស្នើ​នោះ​ទៅ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​រាល់​ដែរ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​អំពី​ចម្លើយ​យ៉ាង​ណា​នោះ​នៅ​ឡើយ​ទេ។

លោក ហែម ហេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​បាន​បញ្ជូន​ទៅ​ភ្នំពេញ​ហើយ ព្រោះ​គេ​បាន​សរសេរ​ទៅ​សម្តេច។ ខ្ញុំ​អត់​មាន​យោបល់​ទេ​អា​ហ្នឹង ទាល់​តែ​ចាំ​រាជ​រដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច។ ឯកឧត្តម អ៊ុជ បូរិទ្ធ ឲ្យ​ខ្ញុំ​ផ្ញើ​លិខិត​ហ្នឹង​ទៅ ប៉ុន្តែ​អត់​ទាន់​មាន​យោបល់​យ៉ាង​ម៉េច​ទេ។ មិន​ដឹង​ទេ​អា​ហ្នឹង ប្រសិន​បើ​យល់​ឃើញ​ថា អា​ហ្នឹង​ធ្វើ​ទៅ​វា​ខាត​បង់ អា​ហ្នឹង​គេ​អាច​ធ្វើ​វិសោធនកម្ម​ទៅ​ណា។ ប៉ុន្តែ​ខ្ញុំ​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច»

ចាប់​តាំង​ពី​ឆ្នាំ​២០០២ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ការ​ទទួល​យក​ជន​អន្តោប្រវេសន៍​ខ្មែរ ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​នៅ​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​វិញ​នោះ​មក មាន​មនុស្ស​ចំនួន ២៣៦​នាក់​ហើយ​ត្រូវ​គេ​បញ្ជូន​មក​កម្ពុជា។

មនុស្ស​ប្រមាណ ១.២៦៤​នាក់​ទៀត កំពុង​ស្ថិត​ក្នុង​បញ្ជី​អាជ្ញាធរ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក ដែល​កំពុង​ត្រៀម​បញ្ជូន​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ នៅ​ពេល​ខាង​មុខ។

លោក សេង ដេវីដ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​គេ​បញ្ជូន​កាន់​តែ​ច្រើន​ថែម​ទៀត​ចេញ​ពី​សហរដ្ឋ​អាមេរិក នោះ​នឹង​ធ្វើ​ឲ្យ​សំឡេង​របស់​ជាតិ​សាសន៍​ខ្មែរ​ទន់​ខ្សោយ នៅ​ពេល​ណា​ពួក​គេ​ចង់​ចូល​រួម​តស៊ូ​មតិ​កែប្រែ​គោលនយោបាយ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ណា​មួយ ដែល​មិន​ផ្តល់​ប្រយោជន៍​ដល់​ខ្មែរ​នោះ។

លោក សេង ដេវីដ មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​កាល​ណា​យើង​យក​ប្រជាជន​យើង​អស់​ទៅ វា​អត់​មាន​ផល​ចំណេញ​ទេ​សម្រាប់​ប្រទេស​កម្ពុជា​សោះ ហើយ​បើ​យើង​ទុក​ខ្មែរ​ឲ្យ​នៅ​ទី​នេះ យ៉ាង​ហោច​ណាស់​ក្នុង​ម្នាក់​ក៏​អាច​រក​លុយ​បាន​ផ្ញើ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ខែ ១០០​ដុល្លារ ក៏​អាច​បន្ធូរ​នូវ​ជីវភាព​បាន​ដែរ ដូច្នេះ​វា​ជា​រឿង​មួយ​មាន​ប្រយោជន៍​ជាង​បើ​សិន​ជា​ទុក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នេះ»

ចំណែក​លោក ល័ក្ខ និស្ស័យ ដែល​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​អន្តោប្រវេសន៍​ប្រចាំ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​របស់​សហគមន៍​ខ្មែរ​ប្រចាំ​ទីក្រុង​ហ្វីឡាឌែលហ្វីយ៉ា ដែល​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការ​ចរចា​ឡើង​វិញ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អំពី​ករណី​បញ្ជូន​ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ ឬ​ស្រាល​នោះ។

លោក ល័ក្ខ និស្ស័យ យល់​ឃើញ​ដូច្នេះ ៖ «គំនិត​របស់​ខ្ញុំ​ក៏​យល់​អ៊ីចឹង​ដែរ ហ៊ុន សែន ត្រូវ​តែ​មាន​ការ​ចរចា​ជាមួយ​ស្ថានទូត ឬ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកាំង​ហ្នឹង ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ឡើង​វិញ អត់​ត្រូវ​ឲ្យ​មាន​នៅ​អ៊ីចឹង​រហូត​ត​ទៅ​ទៀត​ទេ ពីព្រោះ​វា​អត់​ត្រឹមត្រូវ​ទេ​អា​ហ្នឹង​ណា។ អា​នេះ​ជា​រឿង​នៃ​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ខ្មែរ​យើង​ម្ដង​ទៀត​ហើយ វា​មិន​ច្រើន​ទេ តែ​វា​ក៏​មាន​ចំនួន​ធំ​ដែរ។ វា​ធ្វើ​ឲ្យ​យើង​ដែល​នៅ​ជុំវិញ​ហ្នឹង​ក៏​មាន​ការ​ឈឺ​ចាប់​ដែរ»

ក្រុម​អ្នក​វិភាគ​អំពី​បញ្ហា​អន្តោប្រវេសន៍​បាន​លើក​ឡើង​ថា គោលការណ៍​នៃ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ​នោះ គួរ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​មនុស្ស​ធម៌​ជាង​នេះ ដោយ​មិន​មាន​ការ​បំបែក​បំបាក់​ប្រពន្ធ​កូន ឬ​សាច់​ញាតិ​បង​ប្អូន​នោះ​ឡើយ។

លោក ត្រាវីស ផេគ័រ (Travis Packer) ជំនួយ​ការ​ខាង​ការ​ស្រាវជ្រាវ​គោល​នយោបាយ​របស់​មជ្ឈមណ្ឌល​គោលនយោបាយ​អន្តោប្រវេសន៍ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន បាន​មាន​ប្រសាសន៍​ថា ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​ការ​កែប្រែ​គោលនយោបាយ​បញ្ជូន​ជន​អន្តោប្រវេសន៍​ទៅ​ស្រុក​កំណើត​វិញ ពលរដ្ឋ​ទាំង​នោះ​គួរ​ជំរុញ​ទៅ​ក្រុម​តំណាង​រាស្ត្រ​ដែល​នៅ​ប្រចាំ​ក្នុង​រដ្ឋ​របស់​ពួកគេ ដើម្បី​យក​ទៅ​ជជែក​ពិភាក្សា ស្វែង​រក​សំឡេង​គាំទ្រ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។

លោក ត្រាវីស ផេគ័រ មាន​ប្រសាសន៍​ថា ៖ «សហរដ្ឋ​អាមេរិក​កំពុង​បន្ត​បញ្ជូន​ត្រឡប់​ជន​អន្តោប្រវេសន៍​ដែល​ធ្លាប់​មាន​ទោស​ទៅ​កាន់​ស្រុក​កំណើត​របស់​គេ​វិញ គួរ​ធ្វើ​ឡើង​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជាង​នេះ។ ច្បាប់​បញ្ជូន​ត្រឡប់​ទៅ​វិញ​នោះ គួរ​ធ្វើ​ឡើង​ឲ្យ​មាន​លើក​លែង​ថែម​ទៀត​ដល់​មនុស្ស ឧទាហរណ៍​ដូច​អ្នក​ខ្លះ​មាន​ការងារ មាន​គ្រួសារ ហើយ​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ពួក​គេ​មិន​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ដោយសារ​អ្នក​ទាំង​នោះ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់​មាន​ឯកសារ​ត្រឹមត្រូវ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក នៅ​តែ​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ដដែល»

លោក ត្រាវីស មាន​ប្រសាសន៍​ថា ដើម្បី​ផ្លាស់​ប្តូរ​គោលការណ៍​បញ្ជូន​ជន​អន្តោប្រវេសន៍​នេះ​បាន លុះ​ត្រា​តែ​មាន​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​ភាគ​ច្រើន​លើស​ពី ៥០​នាក់​ឡើង​ទៅ ទើប​អាច​ធ្វើការ​អនុម័ត​កែប្រែ​បាន។

ជុំវិញ​បញ្ហា​នេះ ក្រុម​សង្គម​ស៊ីវិល​នៅ​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អន្តោប្រវេសន៍​ទាំង​អស់​ប្រញាប់​ចូល​សញ្ជាតិ​អាមេរិក ដើម្បី​ទប់​ទល់​នឹង​ច្បាប់​អន្តោប្រវេសន៍ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅ​ប្រទេស​ដើម​នោះ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើការ​ឃុំ​ខ្លួន និង​ចាប់​បញ្ជូន​ត្រឡប់​ជន​អន្តោប្រវេសន៍​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​ធ្ងន់ ទាំង​ស្រាល​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ​មាន​ចំនួន​ច្រើន​ជាង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី ចច ប៊ូស (George W. Bush) បើ​ទោះ​បី​ជា​លោក​ប្រធានាធិបតី អូបាម៉ា ធ្លាប់​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​មុន​ពេល​លោក​ជាប់​ជា​ប្រធានាធិបតី​ក៏ដោយ៕