កម្ពុជា-​វៀតណាម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​២៦​ចំណុច

ប្រទេស​កម្ពុជា​និង​វៀតណាម​នៅ​ថ្ងៃ​៤ ធ្នូ​នេះ បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​នៃ​កិច្ច​ព្រមព្រៀង​រួម​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​២៦​ចំណុច ដែល​ក្នុង​នោះ​ចំណុច​សំខាន់​មាន​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​គោក​​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ​២០១២ ការ​យល់​ព្រម​ឲ្យ​កម្មករ​វៀតណាម​មក​ធ្វើការ​នៅ​កម្ពុជា​និង​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាំ​ដើម​កៅស៊ូ។

0:00 / 0:00

ក្រោយ​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ ដែល​ហាម​ប្រាម​មិន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ស្តាប់​ផង​នោះ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​គណៈកម្មការ​ចម្រុះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​១១ កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ លោក អ៊ុង សៀន បាន​ថ្លែង​ថា កម្ពុជា​និង​វៀតណាម​ដែល​មាន​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ផាម ហ្កាយឃៀម (Pham Gia Khiem) បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ជាមួយ​កម្ពុជា​លើ​ពិធី​សារ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​គោល​ដៅ​ចំនួន​២៦​ចំណុច។

លោក អ៊ុង សៀន បាន​ថ្លែង​ដូច្នេះ ៖ «យើង​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​រក​ដី​ឲ្យ​បាន​គ្រប់​ចំនួន​១​សែន​ហិកតា​តាម​សំណើ​របស់​វៀតណាម។ សំខាន់​បំផុត​គឺ​ទាក់​ទង​ទៅ​ដល់​បញ្ហា​ព្រំដែន ធ្វើ​ការងារ​នេះ ធ្វើ​យ៉ាងណា​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ឲ្យ​បាន​ចប់​នៅ​ឆ្នាំ​២០១២។ ឧស្សាហកម្ម​ក៏​យើង​មាន​សហ​ប្រតិបត្តិការ​លើ​បញ្ហា​ធ្វើ​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​សេសាន​ទី​២​នោះ»

លោក​បន្ត​ថា កម្ពុជា​ក៍​បាន​ព្រម​ព្រៀង​ផ្តល់​ទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​កើន​ឡើង​រហូត​៣០​ថ្ងៃ ដែល​ពី​មុន​មាន​តែ​រយៈ​ពេល​តែ​១៤​ថ្ងៃ​ទេ និង​ផ្តល់​ទិដ្ឋាការ​ដល់​កម្មករ​វៀតណាម ដែល​មក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា​មាន​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ក៍​នៅ​មាន​ចំណុច​សេស​សល់​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង​ពេញ​លេញ​នៅ​ឡើយ ហើយ​រង់ចាំ​កិច្ច​ពិភាក្សា​គ្នា​លើក​ក្រោយៗ​ទៀត។

លោក អ៊ុង សៀន មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «សំណើ​របស់​វៀតណាម​ដែល​ចង់​ធ្វើ​ការ​ជជែក​គ្នា​នឹង​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​មិន​បង់​ពន្ធ​ត្រួត​គ្នា ហើយ​យើង​គ្រាន់​តែ​កត់​ត្រា​ទុក​នូវ​សំណើ​របស់​វៀតណាម​ទេ»

ការ​ព្រមព្រៀង​ដូច្នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ពន្យល់​ថា កម្ពុជា​កំពុង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​វៀតណាម​យ៉ាង​ខ្លាំង នៅ​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ជាមួយ​ប្រទេស​ថៃ ហើយ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ភាគ​ច្រើន គឺ​ពិត​ជា​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​ការ​ចំណេញ។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​ខ្មែរ​យើង​អត់​ទាន់​មាន​ដី​គ្រប់​ផង ខ្មែរ​យើង​ចេះ​ដាំ​កៅស៊ូ​ដែរ រដ្ឋាភិបាល​យើង​ម៉េច​មិន​ឲ្យ​ខ្មែរ​ដាំ ម៉េច​បាន​ចាំ​ឲ្យ​យួន​ដាំ? បញ្ហា​ដែល​បន្ត​វីសា ធ្វើ​វីសា​ឲ្យ​យួន​ចូល​មក​ធ្វើ​ការ​ស្រុក​ខ្មែរ​រយៈពេល​វែង​អ៊ីចឹង​វា​ជា​ការ​គ្រោះថ្នាក់​ដែរ ព្រោះ​ការងារ​នៅ​ស្រុក​ខ្មែរ យើង​មើល​ទៅ​ប្រទេស​កម្ពុជា​មិន​មែន​ជា​កន្លែង​ទីផ្សារ​ការងារ​ទេ»

ជាមួយ​គ្នា​នឹង​ការ​រិះគន់​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ បាន​ហៅ​ការ​ព្រមព្រៀង​នេះ​ថា ជា​ជោគជ័យ​មួយ​ដ៏​ល្អ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-​វៀតណាម ហើយ​គេ​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​នេះ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត៕