មន្ត្រីខេត្តសៀមរាបនៃប្រទេសកម្ពុជានិងមន្ត្រីខេត្តឡាំដុងរបស់ប្រទេសវៀតណាម បានចុះហត្ថលេខារួមគ្នាមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ឧសភា លើកំណត់ហេតុនៃកិច្ចប្រជុំផ្តួចផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅរកការបើកឲ្យមានជើងហោះហើរផ្ទាល់ពីខេត្តឡាំដុងមកខេត្តសៀមរាប និងធ្វើពាណិជ្ជកម្មវិនិយោគសម្រាប់ពេលអនាគតខាងមុខ ។
អភិបាលរងខេត្តឡាំដុងរបស់វៀតណាម លោក ង្វ៉ាង ស៊ីសឺង បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីចុះហត្ថលេខានៅឯសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡាំដុងដែលមានវិស័យទេសចរណ៍រីកចម្រើនកំពុងសម្លឹងឃើញខេត្តសៀមរាបនៃប្រទេសកម្ពុជាដែលវិស័យទេសចរណ៍ កំពុងតែរីកចម្រើនដែរនោះ ប្រសិនបើមានជើងហោះហើរកាន់តែឆាប់កាន់តែប្រសើរដែលរំពឹងថា ភ្ញៀវទេសចរណ៍នឹងកើនឡើងទាំងសងខាង ។
លោក ង្វ៉ាង ស៊ីសឺង បានមានប្រសាសន៍ថា ៖ "សៀមរាប ខេត្តឡាំដុង ទីក្រុងដាឡាដ គឺជាតំបន់មួយដែលមានវិស័យទេសចរណ៍រីកចម្រើន រីឯខេត្តសៀមរាប ក៏មានទេសចរណ៍រីកចម្រើនដែរ ដូច្នេះហើយបើសិនយើងបើកជាហូរហែគោលដៅហ្នឹង គឺបង្កើននូវចំនួនភ្ញៀវទេសចរណ៍ទាំងសងខាង" ។
លោក ង្វ៉ាង ស៊ីសឺង បានមានប្រសាសន៍ទៀតថា ក្រៅពីចង់ឲ្យមានការហោះហើរផ្ទាល់ពីខេត្តឡាំដុង វៀតណាម មកខេត្តសៀមរាបប្រទេសកម្ពុជា គឺខេត្តទាំងពីររវាងវៀតណាមនិងកម្ពុជាមានគម្រោងផ្នែកពាណិជ្ជកម្មដោយត្រៀមនាំចេញនិងនាំចូលកសិផល បន្លែ កាហ្វេ និងផ្ទាំងគំនូរសម្រាប់ទីផ្សារផងដែរ ។
ចំណែកអភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធិ បានមានប្រសាសន៍ថា ការចុះហត្ថលេខារវាងអភិបាលខេត្តសៀមរាប និងអភិបាលរងខេត្តឡាំដុង វៀតណាម គឺគ្រាន់តែជាកំណត់ហេតុនៃការផ្តួចផ្តើមគំនិតនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅពេលខាងមុខលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាគោលការណ៍ ដើម្បីបន្តសម្ព័ន្ធមេត្រីភាពក្នុងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ប៉ុន្តែខេត្តត្រូវរង់ចាំនិងបញ្ជូនឯកសារទៅក្រសួងមហាផ្ទៃ ដើម្បីសម្រេចជាផ្លូវការក្នុងការអនុវត្តសម្ព័ន្ធមេត្រីភាពនោះសិនទើបដំណើរការបាន ។
លោក ប៊ុន ថារិទ្ធិ បានមានប្រសាសន៍ថា ៖ «គឺការចុះហត្ថលេខារវាងអភិបាលខេត្តសៀមរាប និងអភិបាលរងខេត្តឡាំដុង គ្រាន់តែគេហៅថា ជាកំណត់នៃការផ្ដួចផ្ដើមគំនិត ក្នុងកិច្ចសហប្រតិបត្តិការនៅពេលខាងមុខនេះជាមួយគ្នា នូវវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ក្រោយពីយើងបានចុះហត្ថលេខាលើកំណត់ហេតុ ផ្ដើមគំនិតនេះហើយ យើងស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីគេសុំគោលការណ៍សម្រេចពីរដ្ឋាភិបាល» ។
លោក ប៊ុន ថារិទ្ធិ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចចុះហត្ថលេខាជាមួយគ្នារវាងមន្ត្រីខេត្តសៀមរាបនិងមន្ត្រីខេត្តឡាំដុង ស្តីពីគំនិតផ្តួចផ្តើមខាងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនោះ មានក្រុមហ៊ុនផ្នែកទេសចរណ៍និងកសិផលចំនួនជាង១០មកពីប្រទេសវៀតណាម កំពុងស្វែងរកដៃគូវិនិយោគ ។
បើតាមមន្ត្រីខេត្តឡាំដុងរបស់ប្រទេសវៀតណាមឲ្យដឹងថា ខេត្តសៀមរាបនៃប្រទេសកម្ពុជាកំពុងមានភាពទាក់ទាញខ្លាំងទៅលើវិស័យទេសចរណ៍ប្រាសាទបូរាណដោយកាលពីឆ្នាំ២០០៧កន្លងមក មានអ្នកទេសចរណ៍ជនជាតិវៀតណាមជិត១សែននាក់បានមកទស្សនាខេត្តសៀមរាបនេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
រ៉ុង ឈុន ស្នើនាយករដ្ឋមន្ត្រីជួយបញ្ចុះតម្លៃប្រេងឥន្ធនៈ
ពាក់កណ្ដាលឆ្នាំ២០០៨ បនល្បែងណាហ្កាចំណេញជាង២៥លានដុល្លារ
ក្រុមហ៊ុនម៉ូតូយ៉ាម៉ាហារបស់ជប៉ុនមកដំឡើងរោងចក្រនៅស្រុកខ្មែរ
កម្ពុជានឹងទទួលផលពីប្រេងក្នុងបាតសមុទ្ទនៅឆ្នាំ២០១១
ការជំរុញការធ្វើពាណិជ្ជកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា
អតិផរណាកើនដល់២៥%ក្នុងឆមាសទី១ ឆ្នាំ២០០៨
រដ្ឋាភិបាលកំពុងពិចារណាអនុញ្ញាតឲ្យបរទេសទិញផ្ទះល្វែងនៅស្រុកខ្មែរបាន
កាសែតក្នុងស្រុក៖ ប្រ៊ូណេចរចាសុំទិញអង្ករពីប្រទេសកម្ពុជា
ស.រ.អា.សម្រេចផ្ដល់ជំនួយគាំទ្រវិស័យសុខាភិបាលនិងអប់រំនៅកម្ពុជា