ស្រ្តីខ្មែរមានចំនួនប្រមាណ ៧០នាក់ ដែលតំណាងឲ្យស្ត្រីខ្មែរជាច្រើននាក់ បានជួបជុំគ្នាកាលពីថ្ងៃទី២៧ ខែកក្កដា នៅរាជធានីភ្នំពេញ ដើម្បីប្រកាសជាសាធារណៈឲ្យដឹងថា ពួកគេមានការព្រួយបារម្ភចំពោះសេរីភាពបញ្ចេញមតិ និងការគោរពសិទ្ធិស្ត្រីនៅកម្ពុជា។
នៅក្នុងការជួបជុំគ្នានោះ ក្រុមចលនាស្ត្រីខ្មែរបានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ ដែលមានខ្លឹមសារអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការយកចិត្តទុកដាក់ និងលើកកម្ពស់តួនាទីស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ លើកកម្ពស់សិទ្ធិស្ត្រី លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងលើកកម្ពស់ប្រព័ន្ធតុលាការមួយដែលយុត្តិធម៌។
ក្រុមចលនាស្ត្រីខ្មែរ បានអះអាងថា ពួកគេមានបណ្ដាញទំនាក់ទំនងការងារ និងមានសមាជិកចលនាជាកម្មករ កម្មការិនី អ្នកប្រកបរបរផ្លូវភេទ ស្ត្រីផ្សព្វផ្សាយស្រាបៀ សមាជិកសហគមន៍ អ្នករត់ម៉ូតូឌុប អាជីវករ សិស្ស និស្សិត អ្នកដឹកនាំចលនាសហជីព គ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល។
កញ្ញា ច្រឹក សុភា ជាសកម្មជនមួយរូបរបស់ចលនាស្ត្រីខ្មែរ បានមានប្រសាសន៍នៅថ្ងៃទី២៨ កក្កដា ឲ្យដឹងថា ចលនានេះមានសកម្មភាពតាមទម្រង់ស្ម័គ្រចិត្ត និងមិនទាន់មានរចនាសម្ព័ន្ធច្បាស់លាស់នៅឡើយទេ។
កញ្ញា ច្រឹក សុភា បានរៀបរាប់ឲ្យដឹងអំពីគោលដៅនៃចលនាស្ត្រីខ្មែរនេះថា ៖ «នឹងប្រកាសឲ្យគេដឹងថា បណ្ដាញចលនាស្ត្រីខ្មែរហ្នឹងគឺបង្កើតហើយ ហើយយើងនឹងធ្វើការបន្តទៅទៀត ជុំវិញបញ្ហាអយុត្តិធម៌ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ ការទទួលបានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ។ ការដែលយើងធ្វើនេះមិនមែនគាំទ្រតែលោកស្រី មូរ សុខហួរ ទេ ប៉ុន្តែយើងចង់បង្ហាញថា យើងគាំទ្រស្ត្រីផ្សេងទៀតដែលគាត់មានបញ្ហា ហើយគាត់ហ៊ាននិយាយចេញដូចជាលោកស្រី មូរ សុខហួរ»។
ជាមួយនោះដែរ កញ្ញា ច្រឹក សុភា បានរៀបរាប់អំពីរបៀបរបបការងាររបស់ចលនាស្រ្តីកម្ពុជា ក្នុងការប្រមូលផ្តុំ និងជួបជុំគ្នាថា ៖ «តាមពិតនៅស្រុកយើងអ៊ីចឹង គឺជាទូទៅធ្វើអ្វីបានទាល់តែមានអ្នករៀបចំ ហើយភាគច្រើនគេសួររហូតដល់ថា ធ្វើអីបានទាល់តែមានលុយ។ ខ្ញុំគិតថា ត្រូវ ប៉ុន្តែការធ្វើរបស់យើងនេះយើងមានមែន ប៉ុន្តែមិនមែនម្នាក់ៗទេ ក្រុមស្នួលហ្នឹងមានប្រហែលជា ១០នាក់ ដែលមានបទពិសោធន៍ផ្សេងៗគ្នា ស្ថានភាពផ្សេងៗគ្នា...»។
ស្ត្រីមួយរូបទៀត ឈ្មោះ នាង សុវ៉ាតនា ដែលជាសកម្មជនរបស់ចលនាស្ត្រីខ្មែរ និងជានិស្សិត បានរៀបរាប់អំពីសកម្មភាពរបស់ចលនាថា ៖ «ដើមកំណើតក្រុមចលនាស្ត្រីហ្នឹង គឺយើងជួបគ្នាក្នុងនាមមិត្តភក្ដិ ក្នុងនាមជាអ្នកធ្វើការជាសង្គមស៊ីវិលផង ដែលជាស្ត្រីហ្នឹង យើងជួបជជែកគ្នាទៅ យើងមើលឃើញថា យើងដូចជាមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើក្នុងនាមជាប្រជាពលរដ្ឋ យើងក៏ចាប់ផ្ដើម ប៉ុន្តែយើងអត់មានបានរៀបចំជារចនាសម្ព័ន្ធអីទេ គឺដោយសារតែយើងមានពេលតិច។ យើងធ្វើការផ្សេងៗគ្នាផង យើងរៀនខ្លួនយើងផង...»។
នៅក្នុងការជួបជុំគ្នាកាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះដែរ ចលនាស្រ្តីខ្មែរបានប្រកាសថា បានរៃអង្គាសប្រាក់ពីសមាជិក និងអ្នកគាំទ្រចលនាបានប្រាក់ចំនួន ១៣លាន៨សែនរៀល ដើម្បីជូនលោកស្រី មូរ សុខហួរ សម្រាប់បង់តាមការពិន័យរបស់តុលាការ សម្រេចចូលក្នុងថវិកាជាតិ និងបង់ជំងឺចិត្តឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កញ្ញា នាង សុវ៉ាតនា បានរៀបរាប់ឲ្យដឹងថា ការរៃអង្គាសប្រាក់ជូនលោកស្រី មូរ សុខហួរ នោះមិនមានន័យថា ចលនាស្ត្រីខ្មែរនេះគាំទ្រគណបក្ស សម រង្ស៊ី នោះទេ។
កញ្ញា នាង សុវ៉ាតនា ឲ្យដឹងដូច្នេះ ៖ «និយាយទៅ ពួកខ្ញុំខ្លាចការអនុវត្តច្បាប់ជាក់ស្ដែង ប៉ុន្តែដោយសារតែយើងជានិស្សិតមហាវិទ្យាល័យ យើងបានអាននូវរដ្ឋធម្មនុញ្ញកម្ពុជាយើង យើងបានមើលកម្រិតថា យើងធ្វើបានប៉ុណ្ណា។ ខ្ញុំខ្លួនឯងជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ ហើយខ្ញុំបានរៀនមេរៀនពីលទ្ធិប្រជាធិបតេយ្យ ខ្ញុំបានអានរដ្ឋធម្មនុញ្ញរបស់យើង អ៊ីចឹងខ្ញុំឃើញថា មាត្រាមួយចំនួនអនុញ្ញាតឲ្យយើងធ្វើសកម្មភាពដែលយើងអាចធ្វើបាន...។ ពួកយើងមិនបានរំលោភសិទ្ធិអ្នកដទៃទេ យើងមិនបានបង្ខំគេ ឬមានការបង្គាប់បញ្ជាពីគណបក្សនយោបាយណាមួយទេ...»។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចលនានេះមានលក្ខណៈនយោបាយ និងមិនតំណាងឲ្យស្ត្រីនៅទូទាំងប្រទេសឡើយ។
លោក ទិត សុធា មានប្រសាសន៍ដូច្នេះ ៖ «បើតាមការប្រកាសរបស់លោកជំទាវ មូរ សុខហួរ គឺមានលក្ខណៈជានយោបាយ ពីព្រោះបង្កើតឡើងក្រោយពេលដែលលោកជំទាវ មូរ សុខហួរ ចាញ់ក្ដីសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍»។
អ្នកសម្របសម្រួលចលនាស្ត្រីខ្មែរ បានឲ្យដឹងថា គិតមកទល់ពេលនេះ ចលនាស្ត្រីខ្មែរធ្លាប់បានប្រជុំគ្នា និងបានចេញផ្សាយរបាយការណ៍ជាផ្លូវការចំនួន ៣ដងហើយ៕
