ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ

ក្រសួង​សុខាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​ឱសថ​អន់​គុណភាព​ដែល​កំពុង​លក់​ពាសពេញ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អ្នក​ជំនាញ​ខាង​សុខភាព​មក​ពី​ប្រទេស​៥​ក្នុង​តំបន់ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​ឱសថ​ក្លែងក្លាយ​នៅ​ព្រឹក​ថ្ងៃ​១៨ វិច្ឆិកា នា​ទីក្រុង​ភ្នំពេញ។

0:00 / 0:00

អនុ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោក​សាស្រ្តាចារ្យ ស៊ា ហួង បាន​ថ្លែង​តាម​រយៈ​សុន្ទរកថា​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ថា បច្ចុប្បន្ន​នេះ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កំពុង​ចោទ​ជា​បញ្ហា​យ៉ាង​ស្មុគស្មាញ និង​កំពុង​តែ​រីក​រាល​ដាល បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព អាយុ​ជីវិត​របស់​មនុស្ស​ជាតិ និង​ធ្វើ​ឲ្យ​រេចរឹល​ដល់​ខឿន​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​ដទៃ​ទៀត។

លោក​សាស្រ្ដាចារ្យ ស៊ា ហួង បាន​ថ្លែង​ដូច្នេះ ៖ «ការ​រាំង​ស្ទះ​នូវ​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ»

នាយក​ឃ្លាំ​មើល​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ លោកស្រី អានលិស ស៊ូតធឺរី (Anne-lise Sauterey) ដែល​បាន​បង្ហាញ​ជុំវិញ​ផល​លំបាក​ក្នុង​ការ​ទប់​ស្តាត់​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​អនុ​តំបន់​ទន្លេមេគង្គ បាន​បង្ហាញ​ថា នៅ​ប្រទេស​ជឿនលឿន ផល​ប៉ះពាល់​និង​ការ​ខាត​បង់​មាន​ប្រមាណ​១%​ប៉ុណ្ណោះ ចំណែក​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មាន​ដល់​ជាង​១០%។ ដោយ​ឡែក​នៅ​កម្ពុជា ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ចរាចរ ការ​ប្រើប្រាស់ ការ​ផលិត​ឱសថ​ក្លែងក្លាយ មាន​ប្រមាណ​ពី​៣០% ទៅ ៤០%។

លោកស្រី អានលិស ស៊ូតធឺរី មាន​ប្រសាសន៍​ដូច្នេះ ៖ "នេះ​គឺ​អ្វី​មួយ​ដែល​មាន​គ្រោះថ្នាក់ ពីព្រោះ​ប្រទេស​កម្ពុជា​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ទីផ្សារ មាន​កន្លែង​ផលិត និង​ជា​កន្លែង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ដូច្នេះ​នេះ​ជា​កន្លែង​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ក្លែង​បន្លំ​ទាំង​អស់​នោះ"

មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​មក​ពី​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា បច្ចុប្បន្ន​កន្លែង​លក់​ថ្នាំ​ពេទ្យ​មាន​ប្រមាណ​ជា​១.០០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ដែល​ដំណើរ​ការ​ខុស​ច្បាប់ ហើយ​ច្បាប់​បង្រាប​ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់ ប៉ុន្តែ​ការ​បង្រ្កាប​នៅ​តែ​ពុំ​សូវ​មាន​ប្រសិទ្ធភាព ដោយសារ​អ្នក​ដែល​មាន​មុខ​ងារ​ចុះ​អនុវត្ត​ច្បាប់​ទាំង​នោះ គឺ​ជា​អ្នក​បង្កើត​មុខ​របរ​នេះ​ដោយ​ខ្លួន​ឯង។

សិក្ខា​សាលា​ថ្នាក់​តំបន់​ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផលិត​ឱសថ​ក្លែងក្លាយ ដែល​មាន​ការ​ចូល​រួម​ពិភាក្សា​រក​គន្លឹះ​ដោះស្រាយ​នូវ​អ្វី​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ អង្គការ​សុខភាព​ពិភពលោក (WHO) មន្រ្តី​ស្ថានទូត​បារាំង អ្នក​ជំនាញ​សុខុមាលភាព និង​អង្គការ​ពាក់ព័ន្ធ​មក​ពី​ប្រទេស​៥​ផ្សេង​ទៀត រួម​មាន​លាវ វៀតណាម ចិន សិង្ហបុរី ដោយ​ឡែក​មន្រ្តី​សុខាភិបាល​ថៃ អវត្តមាន​ដោយ​ពុំ​មាន​មូលហេតុ។ ចំណែក​កម្ពុជា ក្រៅ​ពី​មន្រ្តី​សុខាភិបាល​ក៏​មាន​មន្រ្តី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ចូល​រួម​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​ដែរ៕