កម្ពុជា​គ្រោង​សង់​អគារ​ខ្ពស់​ជាង​គេ​នៅ​អាស៊ី​ក្នុង​ក្រុង​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល និង​ក្រុម​អ្នក​វិនិយោគ កំពុង​សិក្សា​គម្រោង​សាង​សង់​អគារ​មួយ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​អាស៊ី ក្នុង​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១ កញ្ញា នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា អគារ​នោះ​មាន​កម្ពស់ ៥៥៥​ម៉ែត្រ អាច​នឹង​សង់​នៅ​លើ​ទីតាំង​កោះ​ពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «ខ្ញុំ​កំពុង​តែ​មាន​គម្រោង​សាង​សង់​អគារ​មួយ ឲ្យ​វិស័យ​ឯកជន​គេ​ធ្វើ! ៥៥៥​ម៉ែត្រ ដែល​ទាប​ជាង​អគារ​នៅ​ឌូប៉ៃ ហើយ​ដែល​ខ្ពស់​ជាង​អគារ​នានា​នៅ​អាស៊ី។ ខ្ញុំ​គិត​ថា នឹង​ធ្វើ​បាន! ខ្ញុំ​បញ្ជូន​គម្រោង​ប្លង់​នេះ​ទៅ​ឲ្យ​ឯកឧត្ដម​ធនធាន​មនុស្ស ហើយ​និយាយ​ជាមួយ​ឯកឧត្ដម កែប ជុតិមា រួច​ហើយ»

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​នាយក​រដ្ឋមន្ត្រី​មិន​ទាន់​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​នោះ​ជា​នរណា ក្នុង​ដើម​ទុន​វិនិយោគ​ប៉ុន្មាន ហើយ​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ៕