រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកាថា គម្រោងតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ដែលមានប្រទេសទាំង១០ ចូលរួម គេគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ នៅឯមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ទោះបីជាឧបទ្ទវហេតុលើស្ពានកោះពេជ្រដោយការផ្អើលរត់ជាន់គ្នាបានកើតមានជាង ១សប្ដាហ៍កន្លងមកក្តី ក៏គម្រោងរៀបចំតាំងពិព័រណ៍អាស៊ាន គេនៅតែរៀបចំធ្វើដដែល ពីព្រោះថា ឧបទ្ទវហេតុនេះកើតមានដោយចៃដន្យ មិនមែនជាអំពើភេរវកម្មនោះទេ ដូច្នេះលោកគិតថា វាមិនប៉ះពាល់ដល់សតិអារម្មណ៍របស់ភ្ញៀវទេសចរណ៍នោះឡើយ។
លោក ថោង ខុន មានប្រសាសន៍បន្ត ៖ «អន្តរជាតិទាំងអស់គេក៏ចូលរួមមរណទុក្ខចំពោះកម្ពុជាយើង ពីព្រោះករណីហ្នឹងប្រទេសគេមួយចំនួនក៏ធ្លាប់កើតមានដែរ»។
លោក ថោង ខុន បានបញ្ជាក់ថា ស្តង់តាំងពិព័រណ៍លក់ប្រតិបត្តិករទេសចរណ៍នោះមានចំនួន ៥១០ស្តង់ ហើយនិងមានក្រុមហ៊ុនជាង ៤០០ក្រុមហ៊ុនមកពីប្រទេសមួយចំនួននៅលើសាកលលោកនឹងមកទិញ ៖ «កម្ពុជាមានទីភ្នាក់ងារក្នុងស្រុក មានអប្សរា ធួរ មានអាប៉ិច ធួរ វាមានទីភ្នាក់ងារទាំងអស់ដែលនៅកម្ពុជា អ្នកចង់តាំងគេទៅទិញស្តង់តាំងទៅ ហើយអ្នកដែលមកពីក្រៅហ្នឹងគេទៅទិញសោតទស្សនកិច្ចរបស់គេទៅ»។
មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្ដីសម្រេចកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៤ ផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនធនាគារកាណាឌីយ៉ា ដែលមានដៃគូអភិវឌ្ឍន៍មកពីក្រៅប្រទេសឈ្មោះ Oversea Cambodian Investment Cooperation (OCIC) ធ្វើការវិនិយោគដើម្បីអភិវឌ្ឍប្រែក្លាយតំបន់កោះពេជ្រនោះទៅជាទីក្រុងរណប ដែលមានទីតាំងនៅជាប់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០១០ ដែលចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា មានមនុស្សរាប់ម៉ឺននាក់បានទៅដើរលេងនៅទីនោះ ប៉ុន្តែនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ជាយប់ចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ដើរឆ្លងកាត់លើស្ពានពេជ្រ ក៏កើតមានឧបទ្ទវហេតុមានមនុស្សផ្អើលរត់ជាន់គ្នាបណ្ដាលឲ្យមនុស្សចំនួន ៣៥១នាក់ស្លាប់ និង ៣៩៥នាក់ទៀតរបួស។
ក្រោយពីមានឧបទ្ទវហេតុនេះកើតឡើង មានអាជីវករមួយចំនួនបានផ្អាកលក់ដូរនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដោយសារតែគ្មានមនុស្សទៅលេង និងទិញផលិតផលដូចកាលពីមុនទៀត។
អាជីវករឈ្មោះ លីន លី បានលើកឡើងថា លោកបានឈប់លក់ដូរតាំងពីមានព្រឹត្តិការណ៍លើស្ពានកោះពេជ្រកើតឡើង ដោយសារតែគ្មានអតិថិជន ៖ «ខ្ញុំទៅមើលរាល់ថ្ងៃដែរ តែសួរគេទៅ គេថា លក់អត់បាន»។
ទោះជាយ៉ាងនេះក្តី លោក ថោង ខុន បានអះអាងថា នៅថ្ងៃទី១៨ ខែមករា នឹងមានការប្រជុំធំ ដើម្បីបើកកម្មវិធីតាំងពិព័រណ៍នោះ ដែលភ្ញៀវជាតិ និងអន្តរជាតិជាង ១ពាន់នាក់ចូលរួម។ លោក ថោង ខុន បានបន្ថែមថា ក្រៅពីតាំងពិព័រណ៍អាស៊ាន ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន កិច្ចប្រជុំអាស៊ានបូកបី អាស៊ានបូកឥណ្ឌា អាស៊ានបូករុស្ស៊ី និងមានការប្រជុំសមាគមទេសចរណ៍ផ្សេងៗទៀតនៅទីនោះ។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ស្ពានពេជ្រជាកន្លែងសោកនាដកម្មនេះ នឹងបើកឲ្យសាធារណជនប្រើប្រាស់នៅថ្ងៃខាងមុខឆាប់ៗនេះ ហើយក្រុមហ៊ុនកោះពេជ្រនឹងសាងសង់ស្ពាន ៣បន្ថែមទៀត ដែលបច្ចុប្បន្ននេះមជ្ឈមណ្ឌលកោះពេជ្រមានតែស្ពានចំនួនពីរ សម្រាប់ធ្វើចរាចរណ៍ចូល និងចេញ។
លោក ថោង ខុន បានពន្យល់ថា នៅរយៈពេល ១០ខែដើមឆ្នាំ២០១០ មានភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាជាង ២លាននាក់ ដែលមានចំណូលពីភ្ញៀវទេសចរណ៍ទាំងនោះជាង ១.៤០០លានដុល្លារអាមេរិក៕
