មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឲ្យដឹងថា រដ្ឋបាលជលផលមានផែនការផលិតប្រហុកឲ្យបានចំនួនរវាង ៥ម៉ឺនតោន ទៅ ៦ម៉ឺនតោនសម្រាប់ឆ្នាំ២០១១ ក្រោយពីបានប្រមូលផលត្រីសរុបនៅឆ្នាំ២០១០ កន្លងទៅនេះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផល បានឲ្យដឹងថា ការបង្កើនបរិមាណផលិតប្រហុកបែបនេះ គឺដោយសារតែប្រជាពលរដ្ឋមានកំណើនច្រើន និងមានសេចក្ដីត្រូវការច្រើនជាងឆ្នាំមុនៗ។ កាលពីឆ្នាំ២០០៩ កន្លងទៅ កម្ពុជាបានផលិតប្រហុកបានចំនួន ៥ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក ណៅ ធួក បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មានសហគមន៍ប្រជាពលរដ្ឋចិញ្ចឹមត្រីទឹកសាបចំនួន ៦៥០សហគមន៍ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនទិន្នផលត្រី។
លោក ណៅ ធួក មានប្រសាសន៍ទៀតថា ៖ «ដោយសារតែយើងបានបង្រ្កាបបទល្មើសនេសាទបានច្រើន ឃើញថា ត្រីនៅច្រើនណាស់ នៅក្នុងបឹងទន្លេសាប គ្រាន់តែថា វាមិនចុះមក ដោយសារតែធាតុអាកាសមិនល្អ។ រដូវនេះមិនភ័យនឹងខ្វះប្រហុកទេ ហើយសូមអញ្ជើញមកធ្វើប្រហុកហ្នឹង។ បើមេឃល្អ បើធាតុអាកាសល្អ សូមអញ្ជើញមកធ្វើប្រហុកក្នុង២ ឬ ៣ថ្ងៃទៀត។ អាចថា ក្នុងម្ដុំថ្ងៃទី១១ ខែមករា ទៅ។ ត្រីហ្នឹងអាចនឹងត្រូវច្រើន ចាប់ពីថ្ងៃទី១១ ១២ ១៣ ១៤ ខែមករា»។
របាយការណ៍បូកសរុបនៅឆ្នាំ២០១០ កន្លងមកនេះ បានឲ្យដឹងថា កម្ពុជាប្រមូលបានផលត្រីទឹកសាបសរុបចំនួន ៤៥០ពាន់តោន កើនលើសឆ្នាំ២០០៩ កន្លងទៅ ដែលមានចំនួន ៣៩៥ពាន់តោន ដោយសារតែរដ្ឋបាលជលផល បានបំផុសឲ្យប្រជាពលរដ្ឋឲ្យបង្កើតស្រះចិញ្ចឹមត្រីបានចំនួនជាង ៦ម៉ឺនស្រះ តាំងពីខែកក្កដា ឆ្នាំ២០០៩មក ដើម្បីកុំឲ្យប្រជាពលរដ្ឋពឹងផ្អែកខ្លាំងពេកលើត្រីក្នុងបឹងធម្មជាតិ ដូចជាបឹងទន្លេសាប និងទន្លេមេគង្គ។
ប្រធានស្ដីទីនៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល នៅក្នុងប្រទេសកម្ពុជា លោក ឱម សាវ៉ាត បានមានប្រសាសន៍ថា លោកនៅមិនទាន់ឯកភាពទាំងស្រុងលើការគ្រោងទុកនេះបានទេ ដោយសារតែភាពជាក់ស្ដែង ផលត្រីទឹបសាបកំពុងតែខ្សត់ជាងឆ្នាំមុនៗ ៖ «ឆ្នាំនេះដោយសារមានយុទ្ធនាការបង្ក្រាបបទល្មើសនេសាទច្រើន ហើយត្រីមានមួយចំនួនដែរ ក៏ប៉ុន្តែយើងមិនរំពឹងថា មានច្រើនរហូតទៅដល់ដូចការប៉ាន់ប្រមាណទុករបស់នាយកដ្ឋានជលផល»។
របាយការណ៍ប្រចាំឆ្នាំ២០១០ កន្លងមកនេះ បានបង្ហាញថា អាជ្ញាធររដ្ឋបាលជលផលបានបង្រ្កាបបទល្មើសនេសាទបានចំនួនជាង ៦.៦០០ករណី ច្រើនជាងឆ្នាំ២០០៩ កន្លងទៅ ហើយយុទ្ធនាការបង្ក្រាបបទល្មើសនេសាទកំពុងតែបន្តនៅទ្បើយ។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ តំណាងសហគមន៍អ្នកនេសាទចំនួនជាង ៥០០នាក់ បានមកជួបប្រជុំគ្នានៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផល បានឯកភាពគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនានា នៅឆ្នាំក្រោយៗទៀត ដើម្បីរក្សាផលត្រីទឹកសាប និងទឹកប្រៃ ឲ្យបានច្រើន នៅគ្រាដែលកម្ពស់ទឹកទន្លេសាប និងទន្លេមេគង្គ មានកម្រិតទាបជាងឆ្នាំមុនៗរវាង ១ម៉ែត្រ ទៅ ២ម៉ែត្រ ដែលធ្វើឲ្យត្រីមិនអាចពងកូនបានច្រើន។
សេចក្ដីរាយការណ៍ និងការសិក្សាស្រាវជ្រាវបានឲ្យដឹងថា សកម្មជនការពារបរិស្ថានបានបន្ទោសថា កម្ពស់ទឹកទន្លេមេគង្គទាប គឺបណ្ដាលមកពីប្រទេសចិន បានសាងសង់ទំនប់ទឹកវារីអគ្គិសនីជាង ១០កន្លែង នៅភាគខាងលើនៃទន្លេមេគង្គ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានបន្ទោសថា គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុសាកល៕