រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍នៅថ្ងៃសុក្រ ទី២ ឧសភានេះ ថារដ្ឋាភិបាលកម្ពុជាជាអ្នកដែលបានផ្តួចផ្តើមគំនិត ក្នុងការបង្កើតសមាគមប្រទេសនាំចេញផលិតផលស្រូវមួយនេះ ដែលយកលំនាំតាមសមាគមប្រទេសផលិតនិងនាំចេញប្រេង ហៅកាត់ថា អូប៉ិច ។
លោក ច័ន្ទ សារុន បានឲ្យដឹងថា ៖ «ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រោះលោកយល់ឃើញថា ប្រទេសផលិតប្រេងគឺអង្គការ អូប៉ិច គេបង្កើតសមាគមប្រទេសដែលនាំចេញប្រេងហ្នឹងបាន ។ ដូច្នេះយើងក៏មានសិទ្ធិបង្កើតសមាគមអ្នកផលិតស្រូវនាំចេញបានដែរ ជាពិសេសក្នុងចំណោមប្រទេសអាស៊ានហ្នឹង មានប្រទេសជាច្រើនដែលជាអ្នកផលិតស្រូវធំៗ ហើយជាអ្នកផ្ដល់ទៅឲ្យពិភពលោក ឧទាហរណ៍ដូចជា ថៃ វៀតណាម ។ល។» ។
បណ្ដាញព័ត៌មាននានាបានផ្សាយថា លោកនាយករដ្ឋមន្ត្រីប្រទេសថៃ បានស្នើឲ្យប្រទេសទាំងប្រាំ គឺកម្ពុជា លាវ វៀតណាម ភូមា និងថៃខ្លួនឯង គួរតែរួបរួមគ្នាជាក្រុម ហើយប្រើប្រាស់ឥទ្ធិពលពីការរួបរួមនេះដើម្បីគ្រប់គ្រងតម្លៃស្រូវលើពិភពលោក ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ច័ន្ទ សារុន បានមានប្រសាសន៍ទៀតថា ការបង្កើតសមាគមនេះគ្មានផលប៉ះពាល់ជាអវិជ្ជមានលើកសិករខ្មែរឡើយ ហើយថាវាគឺជាការលើកទឹកចិត្តឲ្យកសិករខិតខំផលិតស្រូវកាន់តែខ្លាំងឡើង ជួយរកទីផ្សារសម្រាប់ផលិតផលស្រូវរបស់កសិករខ្មែរ និងជួយលើកតម្លៃស្រូវថែមទៀតផង ។
ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក់ លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមបង្កើតសមាគមនេះគឺជាគំនិតល្អ ហើយថាវានឹងជួយចែករំលែក និងផ្សព្វផ្សាយព័ត៌មានស្ដីពីស្ថានភាពទីផ្សាររបស់ផលិតផលស្រូវទូទាំងពិភពលោកទៀតផង ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ «ជាគំនិតមួយល្អហើយ វាអាចល្អសម្រាប់កម្ពុជាយើង ។ ទី១ ទាក់ទងនឹងរឿងការក្ដាប់ពីព័ត៌មាន ពីតម្លៃ ពីស្ថានភាពទីផ្សារស្រូវអង្ករនៅប្រទេសផ្សេងៗ ហើយមួយទៀតយើងអាចដឹងពីស្ថានភាពស្តុកនៅប្រទេសផ្សេងៗទៀត ដែលគេខ្វះខាតប៉ុន្មាន គេលើសប៉ុន្មានអីអ៊ីចឹង ស្រណុកយើងរៀបចំនូវផែនការក្នុងការផលិត ក៏ដូចជាក្នុងការទាក់ទងបញ្ហាកំណត់តម្លៃ ឬក៏យើងអាចរកវិធានការទប់ស្កាត់អីមួយចំនួន ជុំវិញបញ្ហាក្រែងលោវាមានតម្លៃឡើងថ្លៃអីអ៊ីចឹង» ។
យោងតាមអង្គការកសិកម្មនិងស្បៀងអាហារអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសថៃនិងវៀតណាម នាំចេញស្រូវប្រមាណ ៤០%នៃស្រូវនាំចេញសរុបទូទាំងពិភពលោក ។ ប៉ុន្តែលោក ច័ន្ទ សារុន ក៏បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានាំចេញស្រូវចំនួន ២លានតោនយ៉ាងតិចបំផុតក្នុងមួយឆ្នាំ ក្នុងចំណោមស្រូវនាំចេញប្រមាណជិត ៣០លានតោនទូទាំងពិភពលោក ។
ខណៈពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀង ប្រទេសកម្ពុជាក៏បានផ្អាកការនាំចេញស្រូវចំនួនពីរខែ គឺខែមីនានិងមេសា ប៉ុន្តែនៅចុងខែមេសាកន្លងទៅ ប្រទេសកម្ពុជាក៏បានបើកការនាំចេញស្រូវឡើងវិញ នៅតាមបណ្តាខែត្រចំនួនបីដែលជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម គឺខេត្តតាកែវ ព្រៃវែង និងកណ្ដាល ។ ហើយលោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០០៧ ២០០៨ ប្រទេសកម្ពុជាផលិតអង្ករលើសបានប្រមាណជា ១លាន៦សែនតោន ៕
