ដោយសារតែការកោតសរសើរនូវស្នាដៃរបស់លោក ញាន ផល្លិក ដែលគេស្គាល់ថា គាត់គឺជាអ្នកដែលអាចបង្កើតរថយន្តមួយរូបដោយខ្លួនឯងនោះ ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកមួយបានសហការគ្នាដាក់ទុនវិនិយោគចំនួន ២០លានដុល្លារជាជំហានដំបូង សម្រាប់ការសាកល្បងផលិតរថយន្តធុនតូចដោយប្រើអាគុយនៅកម្ពុជា។
លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានសម្រេចចិត្តបោះទុនវិនិយោគក្នុងការសាងសង់រោងចក្រផលិតរថយន្តនេះ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្ដើមឈូសឆាយផ្ទៃដី ២០ហិកតា សាងសង់រោងចក្រក្នុងខែមករានេះ ដែលគ្រោងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងរយៈពេល ៦ខែក្រោយ។ លោកស្រីសង្ឃឹមថា រោងចក្រផលិតរថយន្តថ្មីនេះ នឹងអាចផលិតរថយន្តលក់ចូលទៅកាន់ទីផ្សារបានជាសក្តានុពលទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
លោកស្រីបញ្ជាក់ថា តាមគម្រោងក្រុមហ៊ុន រោងចក្រនេះនឹងប្រើកម្លាំងពលកម្មសរុបប្រមាណ ៣០០នាក់ ហើយនឹងអាចផលិតរថយន្តដើរដោយថាមពលអាគុយបានពី ៥០០គ្រឿង ទៅ ១ពាន់គ្រឿងនៅឆ្នាំដំបូង។ រថយន្តដែលត្រូវផលិតឡើងនេះមានពីរប្រភេទ គឺប្រភេទពីរកៅអី និងបួនកៅអី។
លោកស្រី សៀង ចាន់ហេង មានប្រសាសន៍បន្ថែម ៖ «ថវិកាយើងក្នុងស្រុកវា ៨០% ហើយក្រៅប្រទេស ២០%។ គាត់ជាអ្នកហុងកុងទេ តែបច្ចេកវិទ្យាអាល្លឺម៉ង់។ ការដែលយើងរៀបចំគ្រោងបោះទុននេះ យើងថា មានក្ដីសង្ឃឹមហើយ ដាក់ទៅបានជ័យជម្នះហើយ ប៉ុន្តែជាក់ស្ដែងយ៉ាងណានោះ យើងមិនទាន់ហ៊ានសន្និដ្ឋានដែរ»។
ជុំវិញគម្រោងសាងសង់រោងចក្រផលិតរថយន្តធុនតូចប្រើអាគុយឈ្មោះថា រថយន្តអង្គរនេះ មន្ត្រីក្រសួងឧស្សាហកម្មបានស្វាគមន៍។
ប្រធាននាយកដ្ឋានកិច្ចការឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ហេង សោភ័ណ មានប្រសាសន៍ថា គ្មានអ្វីជំទាស់ទេចំពោះការសាងសង់រោងចក្រ ពីព្រោះកម្ពុជា មិនធ្លាប់មានប្រវត្តិផលិតរថយន្តប្រភេទប្រើអាគុយដូចនេះជាលក្ខណៈឧស្សាហកម្មក្នុងទ្រង់ទ្រាយធំពីមុនមកទេ។ លោកថា ការផលិតរថយន្តដែលដើរដោយកម្លាំងអាគុយនេះ ពីព្រោះវាមិនត្រឹមតែអាចកាត់បន្ថយបានការចំណាយខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយសម្រាលបាននូវការប៉ះពាល់ផ្នែកបរិស្ថានផងដែរ។
លោក ហេង សោភ័ណ បន្ថែមថា ៖ «ក្រសួងអត់មានបានឃើញឯកសារដែលគាត់ស្នើសុំនៅឡើយទេ។ ជាធម្មតា ជាគោលនយោបាយរបស់ក្រសួងឧស្សាហកម្ម យើងតែងតែគាំទ្រនូវការបង្កើតរោងចក្រហ្នឹងហើយ ពីព្រោះការបង្កើតរោងចក្រ ធម្មតាវាតែងតែនាំមកការវិនិយោគដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ»។
លោក ញាន ផល្លិក ដែលជាម្ចាស់កម្មសិទ្ធិរថយន្តនេះ និងបច្ចុប្បន្នបម្រើការក្នុងក្រុមហ៊ុនថ្មីនេះ បានឲ្យដឹងថា តួរថយន្តនេះមានទម្ងន់សរុប ៧០០ ទៅ ៨០០គីឡូក្រាម បំពាក់ដោយកម្មវិធីកុំព្យូទ័រ មានសំឡេង ៣ភាសា គឺខ្មែរ ចិន និងអង់គ្លេស សម្រាប់ប្រាប់ទៅកាន់អ្នកប្រើប្រាស់ដែលមិនមែនជាម្ចាស់រថយន្តផ្ទាល់។ រថយន្តនេះអាចបើកបានក្នុងល្បឿន ៦០ ទៅ ៨០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយពេលសាកថ្មម្តងអាចជិះបានចម្ងាយ ៥០០គីឡូម៉ែត្រ។ ចំពោះរថយន្តកៅអី ៤វិញ អាចរត់បានក្នុងល្បឿនពី ១២០ ទៅ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក ញាន ផល្លិក មានប្រសាសន៍បន្ថែម ៖ «សម្ភារៈដែលខ្ញុំយកមកដំឡើងហ្នឹង គឺយើងបានកុម្ម៉ង់ពីបរទេសមក តែយើងដំឡើងនៅក្នុងស្រុកទាំងមូល។ សម្ភារៈហ្នឹងគឺយើងយកតែពុម្ពយកតែដែកយក តែសម្ភារៈមួយចំនួន ដែលយើងគ្មានលទ្ធភាពធ្វើបាន យើងយកមកវាបោះពុម្ពធ្វើនៅស្រុកខ្មែរ»។
លោកបន្តថា ក្រៅពីការរចនាម៉ូតរថយន្តថ្មីនេះ លោកនឹងផលិតឡើងទៅតាមគំរូរថយន្តដែលលោកធ្លាប់បានសាកល្បងផលិតក្នុងពេលកន្លងមក ដោយមានទ្វារអាចស្គេនក្រយៅដៃមនុស្ស ដើម្បីជាការសម្គាល់បានចំនួន ៦០នាក់ ហើយប្រើអេធីអឹម ជំនួសសោ ដើម្បីបញ្ជាម៉ាស៊ីន។ រថយន្តនេះត្រូវបានលោកផលិតដោយដៃលើកដំបូងនៅកម្ពុជា។ រីឯនៅផ្នែកខាងក្នុងរថយន្តវិញ លោកផលិតឡើងដោយមានលក្ខណៈពិសេសជាច្រើនផ្សេងទៀតសម្រាប់ទាក់ទាញអ្នកជិះ។
លោក ញាន ផល្លិក មានប្រសាសន៍ទៀតថា ៖ «កាតនេះដូចគ្នាបេះបិទ ក្មួយឃើញទេ? ទាំងទំហំ ទាំងកម្រាស់ ពណ៌សម្បុរនៅពេលដែលដាក់កាតហ្នឹងចូលទៅ មិនមែនកាតគាត់អត់ចេញទេ។ នេះជាប្រអប់បញ្ជាអេឡិចត្រូនិក ខុសពីឡានជប៉ុន ឡានអាមេរិក នៅពេលស្តាប់ចម្រៀងស្រួលណាស់គឺជា MP3»។
ក្រៅពីលក្ខណៈពិសេសដូចដែលលោកបានរៀបរាប់នេះ លោកថា រថយន្តនេះនឹងធ្វើឲ្យអ្នកជិះមានអារម្មណ៍រីករាយ ប្លែក និងអស់សំណើចពីសំឡេងផ្សេងៗនៅក្នុងពេលបញ្ជារថយន្តផងដែរ ៖ «ពេលដែលយើងបិទទ្វារខ្លាំងវាស្រែក បើកឡានរលាក់ខ្លាំងក៏វាស្រែកដែរ។ ខ្ញុំធ្វើហ្នឹងដើម្បីទាក់ទាញអារម្មណ៍ផង ចង់ឲ្យអស់សំណើចសើចនៅពេលដែលឮសំឡេង ហើយអាចប្ដូរទៅជាភាសាអង់គ្លេស ឬសំឡេងស្ដីឲ្យក៏បានដែរ»។
តែទោះជាយ៉ាងណា លោក ញាន ផល្លិក បានរំឭកថា ទម្រាំផលិតបាន និងធ្វើការច្នៃម៉ូតដូច្នេះ លោកថា ពុំមែនជាការងារងាយស្រួលនោះទេ។ ចាប់តាំងពីឆ្នាំ២០០២មក លោកបានផលិតរថយន្តប្រភេទនេះបាន ៣គ្រឿងហើយក្រោយពីលោកសម្រាករយៈពេល ៥ឆ្នាំមកនោះ ៖ «តាមពិតទៅពិបាកណាស់ ហួសពីការស្មាន។ បើសិនជាការងារហ្នឹងស្រួល ខ្ញុំជឿថា ប្រជាជនខ្មែរជាង ១០លាន មានអ្នកធ្វើច្រើនហើយ តែគ្មានទេ ពីព្រោះការងារនេះវាពិបាកស្មុគស្មាញបំផុត ដែលគេយល់ថា ជាការងារដែលធ្វើដោយដៃបំផុត»។
ទន្ទឹមគ្នានេះ លោកសង្ឃឹមថា នឹងអាចផលិតវាលក់បានយ៉ាងច្រើននៅថ្ងៃអនាគត ហើយមានការគាំទ្រនូវផលិតផលជាស្នាដៃខ្មែរ។
រថយន្តដែលក្រុមហ៊ុនផលិតត្រូវបានផ្សំឡើងដោយសម្ភារៈ និងបរិក្ខារដែលនាំយកមកពីប្រទេសអាល្លឺម៉ង់ ជប៉ុន និងហុងកុង។ ឈ្មោះរថយន្តអង្គរនេះ នៅឆ្នាំ២០១២ ក្រុមហ៊ុននឹងចេញលក់នៅលើទីផ្សារក្នុងប្រទេស ក្នុងតម្លៃប្រមាណ ៥ពាន់ដុល្លារក្នុងមួយគ្រឿង៕
