មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យសាជីវកម្មគ្រាប់ធញ្ញជាតិរបស់ចិន មកសាងសង់ម៉ាស៊ីនទំនើបដើម្បីកែច្នៃផលិតផលកសិកម្ម នៅគ្រាដែលតំណាងរបស់សាជីវកម្មនេះ មកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។
តំណាងសាជីវកម្មគ្រាប់ធញ្ញជាតិរបស់ចិននោះ គឺលោក លូ រេន (Lui Ren) បានមកជួបចរចាជាមួយអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គិត សេង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២។
លោក គិត សេង បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ភាគីចិន និងក្រសួងកសិកម្ម បានបង្ហាញឲ្យដឹងអំពីសក្ដានុពល និងជំនាញកសិកម្មនៅក្នុងកិច្ចចរចានេះ៖ «យើង promote (លើកទឹកចិត្ត) ឲ្យក្រុមហ៊ុនរដ្ឋចិន ឬក៏ឯកជន ក្រុមហ៊ុនឯកជនចិន មកវិនិយោគ កែច្នៃផលិតផលរបស់យើង ហើយនាំចេញទៅចិនវិញ។ យើងមានគោលនយោបាយថា នៅឆ្នាំ២០១៥ ឲ្យសល់ស្រូវ ៤លានតោន ប៉ុន្តែឥឡូវហ្នឹងយើងសល់ស្រូវជាង ៤លានតោនហើយ ប៉ុន្តែវានៅតែកែច្នៃទេ ...ប្រមូលទិញកែច្នៃទេ អាហ្នឹងដែលខ្វះសមត្ថភាព»។
ភាគីចិននៅមិនទាន់បានសម្រេចអ្វីភ្លាមៗទេ ប៉ុន្តែគេមកទស្សនាម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃទំនើបៗមួយចំនួននៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការឲ្យមានម៉ាស៊ីនកែច្នៃដំឡូងមី អង្ករ សណ្ដែកសៀង ពោត និងកៅស៊ូ ជាដើម សំរាប់ការនាំចេញទៅទីផ្សារចិន និងអន្តរជាតិ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានស្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងតែជំរុញឲ្យកសិករប្រើពូជស្រូវចំនួន ១០ប្រភេទ ដើម្បីបង្កើនទិន្នផលស្រូវ៖ «អ៊ីចឹងកត្តាតាំងពីទី១ ពូជ ទី២ ការរៀបចំដី ទី៣ ការថែទាំ ...នេះជាកត្តាចាំបាច់បំផុតក្នុងការបង្កើនទិន្នផលស្រូវ»។
ប្រទេសកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ទៅទីផ្សារអន្តរជាតិ។ ប៉ុន្តែកម្ពុជាកំពុងតែខ្វះខាតម៉ាស៊ីនកិនស្រូវទំនើបៗ និងម៉ាស៊ីនកែច្នៃទំនើបៗនៅឡើយ។ បច្ចុប្បន្នប្រទេសកម្ពុជា មានម៉ាស៊ីនកិនស្រូវខ្នាតអន្តរជាតិចំនួនជាង ១០គ្រឿង និងមានម៉ាស៊ីនកិនស្រូវខ្នាតតូចចំនួនជាង ៣.០០០គ្រឿង។
របាយការណ៍ប្រចាំឆ្នាំ២០១១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទិន្នផលស្រូវនៅឆ្នាំ២០១១ កន្លងទៅនេះ គឺមានចំនួន ៨,៧លាន ប្រៀបធៀបឆ្នាំ២០១០ កន្លងទៅ គឺចំនួនប្រហាក់ប្រហែលគ្នា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ធ្លាប់បានអះអាងថា នៅឆ្នាំ២០១១ កម្ពុជាសល់ស្រូវចំនួនជាង ៤,៣លានតោន គិតជាអង្ករស្មើនឹង ២,៧លានតោនសំរាប់ការនាំចេញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
