មន្ត្រី​ការបរទេស​ខ្មែរ-​ថៃ​មិន​បាន​ជួប​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​៨ កុម្ភៈ​ទេ

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​ថៃ ដែល​បាន​ចុះ​ផ្សាយ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) ថា បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ជួប​ពិភាក្សា​អំពី​ជម្លោះ​ខ្មែរ-​ថៃ នៅ​ប្រទេស​ទី​បី​នោះ។

0:00 / 0:00

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ថា រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង មិន​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ទេ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នោះ ផ្ទុយ​ទៅ​វិញ ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា​ទេ ដែល​បាន​យក​សំណើ​របស់​លោក កាស៊ីត ភិរម្យ ដើម្បី​ស្នើ​សុំ​ចរចា​ទ្វេ​ភាគី​សា​ជា​ថ្មី​ម្ដង​ទៀត ប៉ុន្តែ​ត្រូវ​បាន​លោក ហោ ណាំហុង បដិសេធ។

លោក កុយ គួង បាន​ថ្លែង​ឲ្យ​ភាគី​ថៃ ដឹង​សា​ជា​ថ្មី​ម្ដង​ទៀត​ថា កម្ពុជា​មិន​ដោះស្រាយ​ទ្វេ​ភាគី​ជាមួយ​ភាគី​ថៃ​ទៀត​ឡើយ ពីព្រោះ​ថា ការ​ដោះស្រាយ​ទ្វេ​ភាគី​ជាមួយ​ថៃ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថៃ​នៅ​តែ​បន្ត​ឈ្លានពាន និង​បាញ់​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ជា​បន្ត​បន្ទាប់។

លោក​បន្ត​ទៀត​ថា ៖ «ភាគី​ថៃ គ្រាន់​តែ​ទន្ទេញ​ឲ្យ​គ្រាន់​តែ​ល្អ​ស្ដាប់​ដូច​សេក​តែប៉ុណ្ណោះ ប៉ុន្តែ​ឆន្ទៈ​ពិត​ប្រាកដ​គឺ​គ្មាន​ទាល់តែ​សោះ។ មាន​ន័យ​ថា ដៃ​ម្ខាង​និយាយ​ថា ដោះស្រាយ​ទ្វេ​ភាគី​ដោយ​សន្តិវិធី ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​ប្រើ​កម្លាំង​កងទ័ព​យោធា​ដឹក​ជញ្ជួន​មក​ដាក់​នៅ​តាម​ព្រំដែន ដោយ​យក​លេស​ថា ធ្វើ​សម​យុទ្ធ តែ​តាម​ពិត​គឺ​យក​មក​ឈ្លាន​ទឹក​ដី​កម្ពុជា»

នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដដែល​នេះ ក្រសួង​ការបរទេស​ខ្មែរ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត ដោយ​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​របស់​លោក សានស៊ីន កែវខាមនីត (Sansin Keokhamnit) អ្នក​នាំ​ពាក្យ​កងទ័ព​ថៃ បាន​និយាយ​នៅ​ក្នុង​កាសែត​បាងកក ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ថា កងទ័ព​កម្ពុជា បាន​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ជា​មូលដ្ឋាន​កងទ័ព ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ទាហាន​ថៃ​នោះ។

លោក កុយ គួង បាន​អះអាង​ថា លោក​វរសេនីយ៍ឯក សានស៊ីន កែវខាមនីត បាន​មួលបង្កាច់​កងទ័ព​កម្ពុជា ដើម្បី​ជា​លេស​នៃ​ការ​ឈ្លានពាន​របស់​ភាគី​ថៃ មក​លើ​ទឹក​ដី​កម្ពុជា​តែប៉ុណ្ណោះ ពីព្រោះ​ថា ប្រាសាទ​ព្រះវិហារ គឺ​ជា​កន្លែង​ទី​សក្ការបូជា និង​ជា​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ ហើយ​នៅ​ទី​នោះ មាន​តែ​ភ្នាក់ងារ​នគរបាល​មួយ​ចំនួន​តូច ដែល​មាន​អាវុធ​ធុន​ស្រាល ដើម្បី​ការពារ​សុវត្ថិភាព​នៅ​បរិវេណ​ប្រាសាទ។

លោក កុយ គួង បន្ថែម​ថា ៖ «ថ្មីៗ​នេះ​ជា​ការ​ពិត គឺ​ថា ខាង​ជំនាញ​ហ្នឹង ផ្នែក​កងទ័ព​គេ​ទៅ​ត្រួត​ពិនិត្យ​មើល​បញ្ហា​គ្រាប់​ផ្សេងៗ ដែល​ខាង​ទាហាន​ថៃ បាញ់​មក​លើ ដូច្នេះ​មាន​តែ​ខាង​កងទ័ព​ទេ​ដែល​មាន​បច្ចេកទេស​ក្នុង​ការ​ពិនិត្យ​មើល​គ្រាប់​ប្រភេទ​អី​នោះ»

សារព័ត៌មាន​ថៃ ដដែល បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ថា យ៉ាង​តិច​ណាស់​មាន​រថយក្រោះ ១០​គ្រឿង ត្រូវ​បាន​គេ​បញ្ជូន​ពី​ទីក្រុង​បាងកក ទៅ​កាន់​តំបន់​ព្រំដែន កាន់កាថារាឡាក់ នៅ​ក្នុង​ខែត្រ​ស៊ីសាកេត ប្រទេស​ថៃ។

អតីត​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​សម្ដេច នរោត្តម សីហនុ បាន​ចេញ​ព្រះរាជ​សារ​មួយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា ប្រទេស​ថៃ នៅ​តែ​មាន​បំណង​ចង់​បាន​ប្រាសាទ​ព្រះវិហារ ដើម្បី​បញ្ចប់​រឿង​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ​នេះ។ ប៉ុន្តែ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​បញ្ចប់​រួច​ទៅ​ហើយ​អំពី​ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​នេះ គឺ​តុលាការ​នេះ​បាន​ប្រកាស​សាលក្រម​នៅ​ឆ្នាំ​១៩៦២ ថា ប្រាសាទ​ព្រះវិហារ​ខ្មែរ​គឺ​ជា​ប្រាសាទ​របស់​ខ្មែរ​តែ​មួយ​គត់។

សារព័ត៌មាន BNO News របស់​ថៃ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​នេះ​ថា នាយក​គ្រប់គ្រង​ទូទៅ​នៃ​អង្គការ​យូណេស្កូ (UNESCO) នឹង​បញ្ជូន​បេសកជន​របស់​ខ្លួន​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ធ្វើការ​ប៉ាន់​ប្រមាណ​ទំហំ​ខូចខាត​នៃ​ប្រាសាទ​នេះ។

លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) នាយក​គ្រប់គ្រង​ទូទៅ​របស់​អង្គការ​យូណេស្កូ បាន​មាន​ប្រសាសន៍​ថា បេតិកភណ្ឌ​ពិភពលោក គឺ​ជា​មរតក​របស់​មនុស្ស​ជាតិ​ទាំង​អស់ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ការពារ​ប្រាសាទ​ព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ជា​ពិសេស។

លោក កុយ គួង បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​កម្ពុជា​ដឹង​ថា គេ​គាំទ្រ​ចំពោះ​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ-​ថៃ​នេះ ហើយ​គេ​នៅ​ចាំ​មើល​បន្ត​ទៀត បើ​សិន​ជា​ប្រធាន​សមាគម​អាស៊ាន​ដោះស្រាយ​មិន​បាន​ទេ គឺ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ គេ​នឹង​កោះ​ប្រជុំ​សម័យ​ប្រជុំ​របស់​ខ្លួន​នៅ​ពេល​ឆាប់ៗ​នេះ៕