កម្ពុជា​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​ចិន

ឧបនាយករដ្ឋមន្ត្រី​ខ្មែរ លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រួម​វិភាគទាន​ជំនួយ​សង្គ្រោះ​ជា​ទឹក​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដល់​ប្រទេស​ចិន​ដែល​បាន​រងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ផែន​ដី នៅ​ក្នុង​ខេត្ត​ស៊ីឈាន់​នោះ ។

0:00 / 0:00

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ បាន​មាន​ប្រសាសន៍​ក្រោយពី​បាន​ផ្ដល់​វិភាគទាន​ដល់​ប្រទេស​ចិន តាមរយៈ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Zhang Jin Feng យ៉ាង​ដូច្នេះ ៖ «ទឹក​លុយ​១០០​ពាន់​ដុល្លារ​នេះ​មិន​ជា​ច្រើន​ទេ វា​គ្រាន់តែ​ជា​កាយវិការ​មួយ ដើម្បី​សម្ដែង​នូវ​ការ​រំលែក​នូវ​ទុក្ខសោក​នូវ​មរណៈទុក្ខ ចូលរួម​ចំណែក​នូវ​ទុក្ខ​លំបាក​របស់​ប្រជាជន​ចិន​ក្នុង​ពេល​ដែល​ទទួល​រង​គ្រោះថ្នាក់​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​នេះ»

ក្រៅពីនេះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ទ្រង់ក៏បាន​ចូល​រួម​វិភាគទាន​ដល់​ប្រទេស​ចិន ជាប្រាក់ចំនួន ៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​កាកបាទក្រហម​កម្ពុជា ក៏​បាន​ផ្ដល់​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​ថែមទៀត ។

ឆ្លើយតប​ទៅ​នឹង​វិភាគទាន​ទាំង​នេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Zhang Jin Feng បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដល់អតីតព្រះមហាក្សត្រ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​រួម​ចំណែក​ក្នុង​ការ​រំលែក​ទុក្ខ​របស់​ប្រទេស​ចិន ។

លោកស្រី Zhang Jin Feng បាន​មាន​ប្រសាសន៍​ថា ៖ «ចំណុច​នេះ​ខ្ញុំ​ត្រូវតែ​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ពីព្រោះ​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​នេះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​សំខាន់ ត្រូវតែ​ប្រមូល​កម្លាំង​ដើម្បី​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ខ្លួនឯង ក៏ប៉ុន្តែ​នៅតែ​ដក​ថវិកា​ចំនួន​១០​ម៉ឺន​ហ្នឹង យើង​មិន​គិត​ពី​ចំនួន​ទេ យើង​គិត​ពី​ទំហំ​ដួងចិត្ត យើង​ទុក​ជា​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​លេខ​១ ចំពោះ​ប្រទេស​ចិន សូម​អរគុណ​ណាស់»

លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​បន្ថែម​ថា តាម​ការ​វាយតម្លៃ​ក្រៅ​ផ្លូវការ​មាន​ប្រជាជន​ប្រមាណ ១០​លាន​នាក់ និង​ទីក្រុង​ចំនួន​ជាង ១០ នៅ​ក្នុង​ខេត្ត​ស៊ីឈាន់​នោះ បាន​ត្រូវ​ប៉ះពាល់​ពី​ការ​រញ្ជួយ​ផែនដី​លើក​នេះ ។

លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា រហូតមក​ទល់​នឹង​ពេល​នេះ មាន​មនុស្ស​ស្លាប់​ប្រមាណ​ជិត ២​ម៉ឺន​នាក់ ហើយ​បាន​សង្គ្រោះ​មនុស្ស​ពី​គំនរ​បែក​បាក់​ចំនួន​ជាង ៦​ម៉ឺន​នាក់ ។ ក្រៅពីនេះ​នៅមានមនុស្ស​ជិត​ពីរ​ម៉ឺន​នាក់ទៀត​បាត់​ខ្លួន ។

លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​កងទ័ព​ប្រមាណ​១​លាន​នាក់ ហើយ​និង​យន្តហោះ​ដឹក​ជញ្ជូន​ស្បៀង​អាហារ និង​សម្ភារៈ​ចាំបាច់ ទៅ​កាន់​កន្លែង​រងគ្រោះ​ដោយសារ​រញ្ជួយ​ផែន​ដី​ដែល​បាន​កើត​ឡើង​នៅ​ដើម​សប្តាហ៍​នេះ ៕