លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ក្រោយពីបានផ្ដល់វិភាគទានដល់ប្រទេសចិន តាមរយៈឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា លោកស្រី Zhang Jin Feng យ៉ាងដូច្នេះ ៖ «ទឹកលុយ១០០ពាន់ដុល្លារនេះមិនជាច្រើនទេ វាគ្រាន់តែជាកាយវិការមួយ ដើម្បីសម្ដែងនូវការរំលែកនូវទុក្ខសោកនូវមរណៈទុក្ខ ចូលរួមចំណែកនូវទុក្ខលំបាករបស់ប្រជាជនចិនក្នុងពេលដែលទទួលរងគ្រោះថ្នាក់រញ្ជួយដីដ៏ធ្ងន់ធ្ងរនេះ» ។
ក្រៅពីនេះអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ទ្រង់ក៏បានចូលរួមវិភាគទានដល់ប្រទេសចិន ជាប្រាក់ចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារថែមទៀត ។
ឆ្លើយតបទៅនឹងវិភាគទានទាំងនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោកស្រី Zhang Jin Feng បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដល់អតីតព្រះមហាក្សត្រ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានរួមចំណែកក្នុងការរំលែកទុក្ខរបស់ប្រទេសចិន ។
លោកស្រី Zhang Jin Feng បានមានប្រសាសន៍ថា ៖ «ចំណុចនេះខ្ញុំត្រូវតែថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ពីព្រោះនៅក្នុងកាលៈទេសៈសព្វថ្ងៃនេះកម្ពុជាស្ថិតនៅក្នុងដំណាក់កាលមួយសំខាន់ ត្រូវតែប្រមូលកម្លាំងដើម្បីសេដ្ឋកិច្ចរបស់ប្រទេសជាតិខ្លួនឯង ក៏ប៉ុន្តែនៅតែដកថវិកាចំនួន១០ម៉ឺនហ្នឹង យើងមិនគិតពីចំនួនទេ យើងគិតពីទំហំដួងចិត្ត យើងទុកជាការគាំទ្រដ៏ខ្លាំងក្លាលេខ១ ចំពោះប្រទេសចិន សូមអរគុណណាស់» ។
លោកស្រីឯកអគ្គរដ្ឋទូតបានបន្ថែមថា តាមការវាយតម្លៃក្រៅផ្លូវការមានប្រជាជនប្រមាណ ១០លាននាក់ និងទីក្រុងចំនួនជាង ១០ នៅក្នុងខេត្តស៊ីឈាន់នោះ បានត្រូវប៉ះពាល់ពីការរញ្ជួយផែនដីលើកនេះ ។
លោកស្រីក៏បានមានប្រសាសន៍ផងដែរថា រហូតមកទល់នឹងពេលនេះ មានមនុស្សស្លាប់ប្រមាណជិត ២ម៉ឺននាក់ ហើយបានសង្គ្រោះមនុស្សពីគំនរបែកបាក់ចំនួនជាង ៦ម៉ឺននាក់ ។ ក្រៅពីនេះនៅមានមនុស្សជិតពីរម៉ឺននាក់ទៀតបាត់ខ្លួន ។
លោកស្រីឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា រដ្ឋាភិបាលចិនបានបញ្ជូនកងទ័ពប្រមាណ១លាននាក់ ហើយនិងយន្តហោះដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ ទៅកាន់កន្លែងរងគ្រោះដោយសាររញ្ជួយផែនដីដែលបានកើតឡើងនៅដើមសប្តាហ៍នេះ ៕
