កម្ពុជា​ផ្ដល់​ប្រាក់​ជំនួយ​៥​ម៉ឺន​ដុល្លារ​ដល់​ភូមា

ប្រទេស​កម្ពុជា​បាន​រួម​វិភាគទាន​ប្រាក់​ជំនួយ​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ដល់​ប្រទេស​ភូមា​ដែល​កំពុង​តែ​មាន​មនុស្ស​ស្លាប់ និង​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​គ្រោះថ្នាក់​ខ្យល់​ព្យុះ ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា វិភាគទាន​នោះ​បាន​ផ្តល់​តាមរយៈ​ស្ថានទូត​ភូមា​ប្រចាំ​កម្ពុជា ។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «ប្រាក់​នេះ​វា​មិន​ច្រើន​ទេ ប៉ុន្តែ​សំខាន់​វា​សម្ដែង​នូវ​ទឹក​ចិត្ត កាយវិការ​របស់​កម្ពុជា​សម្ដែង​ដោយ​សាមគ្គីភាព របស់​កម្ពុជា​ជាមួយ​ប្រជាជន​មីយ៉ានម៉ា»

សូម​ជម្រាប​ថា​ចំនួន​អ្នក​ស្លាប់​នៅក្នុង​ប្រទេស​ភូមា ដោយសារ​គ្រោះថ្នាក់​ខ្យល់​ព្យុះ Nargis កាលពី​ថ្ងៃសៅរ៍​កន្លងមក​មាន​ប្រមាណ​ជាង ២​ម៉ឺន​២​ពាន់​នាក់ រីឯ​ចំនួន​អ្នក​បាត់ខ្លួន​មាន​ទៅ​ដល់​ប្រមាណ ៤​ម៉ឺន​១​ពាន់​នាក់​នោះ​ផងដែរ ៕