កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​​បន្ត​ឡើង​លើស​ពី​៥​ឆ្នាំ​ទៅ​មុខ​ទៀត

អ្នកសេដ្ឋកិច្ច​កម្ពុជា និង​អ្នក​សេដ្ឋកិច្ច​បរទេស​បាន​អះអាង​ថា បើ​ទោះ​បី​ជា​វិបត្តិសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី និង​វិបត្តិ​បំណុល​រដ្ឋ​នានា នៅ​ទ្វីប​អឺរ៉ុប កំពុង​មាន​បញ្ហា​​យ៉ាង​យ៉ាង​ណា​ក៏ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា នៅ​មាន​ល្បឿន​អត្រា​កំណើន​នៅ​ថេរ​ដែរ។

0:00 / 0:00

មន្ត្រី​សេដ្ឋកិច្ច រួម​ទាំង​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា បាន​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​កើន​ឡើង​​នៅ​ក្នុង​រយៈពេល​មធ្យម ​​​​ដែល​អាច​មាន​រយៈពេល​​លើស​ពី ៥​ឆ្នាំ​ទៅ​មុខ​ទៀត គិត​ចាប់​​ពី​ឆ្នាំ​២០១២ ឡើង​ទៅ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​បើក​​សន្និសីទ​​អំពី​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១២ ​នៅ​​ទី​ក្រុង​ភ្នំពេញ​ថា ការ​រំពឹង​នៃ​កំណើន​សេដ្ឋកិច្ច​នេះ គឺ​ដោយសារ​កម្ពុជា មាន​​សក្ដានុពល​​លើ​វិស័យ​បី​សំខាន់ ​​ វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍។

លោក ហ៊ុន សែន៖ «ចក្ខុវិស័យ​អនាគត​កម្ពុជា មាន​លក្ខណៈ​ជា​វិជ្ជមាន គឺ​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​​កើន​ពី ៦ ទៅ ៧% ជា​ប្រចាំ​ឆ្នាំ ក្នុង​រយៈពេល​​មធ្យម​ខាង​មុខ។ គេ​រំពឹង​ទុក​ថា កម្ពុជា​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ការ​វិនិយោគ និង​លំហូរ​ឥណទាន​សកល​ក្នុង​ពេល​អនាគត ដែល​កើត​ពី​លក្ខណៈ​អំណោយ​ផល​អាស៊ី ខណៈ​ពេល​​មាន​ការ​ចុះ​ខ្សោយ​តម្រូវ​ការ​ក្នុង​តំបន់​ដទៃ​ទៀត​​នៃ​ពិភព​លោក​នោះ»

នៅ​ឆ្នាំ​២០១១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ចំនួន ៦,៩​ភាគរយ។

ការ​ព្យាករ​ពី​​​អនាគត​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ ត្រូវ​បាន​​​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​​វិទ្យាស្ថាន​​សេដ្ឋកិច្ច​កម្ពុជា យល់​ស្រប។ ក៏​ប៉ុន្តែ​ស្ថាប័ន​ទាំង​ពីរ​នេះ បាន​បញ្ជាក់​ពាក្យ​ថា រយៈពេល​មធ្យម​ខុសៗ​គ្នា ខាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថា រយៈ​ពេល​មធ្យម​អាច​​មាន​ចាប់​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ ខណៈ​វិទ្យាស្ថាន​​សេដ្ឋកិច្ច​កម្ពុជា គិត​ថា រយៈពេល​មធ្យម​​មាន​ចាប់​​ពី ៣ ទៅ ៥​ឆ្នាំ។

លោក ភីធើ ប្រ៊ិមប៊ល (Peter Brimble) នាយក​រង​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ និង​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់ បាន​បញ្ជាក់​ថា កម្ពុជា​អាច​មាន​អត្រា​កំណើន​ចន្លោះ​ពី ៦ ទៅ ៧​ភាគរយ​មែន តែ​​ទន្ទឹម​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើការ​ឲ្យ​បាន​ខ្លាំង​ជាង​សព្វថ្ងៃ ដូច​ជា​បង្កើន​ធនធាន​មនុស្ស​ជាដើម៖ «ខ្ញុំ​គិតថា ៦ ទៅ ៧​ភាគរយ គឺ​ពិត​ជា​វិជ្ជមាន ហើយ​បើ​សិន​កម្ពុជា អាច​រក្សា​លំនឹង​ចំនួន​នេះ​បាន​ក្នុង​រយៈពេល​យូរ។ ខ្ញុំ​គិត​ថា កម្ពុជា​នឹង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​លឿន»

ចំណែក​លោក ឃិន ពិសី អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​​សេដ្ឋកិច្ច​កម្ពុជា ក៏​យល់​ស្រប​ដូច​​មន្ត្រី​ធនាគារ​ពិភពលោក​ដែរ៖ «រយៈពេល​មធ្យម​បុណ្ណឹង ដូច​ជា​មិន​ថី​ទេ ណា​មួយ​យើង​ឃើញ​ថា បរិយាកាស​សេដ្ឋកិច្ច​នៅ​ខាង​ក្រៅ​ទីផ្សារ​នាំ​ចេញ យើង​មិន​​ទាន់​ដើរ​ស្រួល​បួល។ អ៊ីចឹង វា​មិន​អាច​លោត​លើស​ហ្នឹង​ទេ។ បើ​ថា ដើរ​ស្រួល​បួល​បាន​វា​ឡើង​លើស​ហ្នឹង​ដល់ ៨ ឬ ៩​ភាគរយ»

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ បង្ហាញ​ថា អ្នក​វិនិយោគិន​ធំ​ៗ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ​​​​​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី (Malaysia) កូរ៉េ​ខាង​ត្បូង (South Korea) ចិន (China)។

ទោះ​យ៉ាង​ណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ជួប​គ្រោះថ្នាក់ បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​ចំណាត់​ការ​ល្អ ហើយ​ត្រូវ​ឃ្លាំ​មើល​ជា​ប្រចាំ។

ទាក់ទង​នឹង​​ការ​វិនិយោគ​ទុន​បរទេស​នៅ​កម្ពុជា​​នេះ​ដែរ លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹក​ប្រាក់ ៦៣២​លាន​ដុល្លារ កាល​ពី​ឆ្នាំ​ទៅ​មិញ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។