សេដ្ឋកិច្ច​កម្ពុជា​បន្ត​ឡើង​ខណៈ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ

ក្នុង​ពេល​សេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ប្រទេស​នានា​ជា​ច្រើន​នោះ មន្ត្រី​សេដ្ឋកិច្ច​កម្ពុជា បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​កំណើន។

0:00 / 0:00

លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា នៅ​ក្នុង​ឆ្នាំ​២០១១ សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ដល់ ៧.១% លើស​ឆ្នាំ​២០១០ ដែល​មាន​ត្រឹម​តែ ៦%។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា គឺ​ដោយសារ​ការ​ផលិត​ស្រូវ​កម្ពុជា នៅ​តែ​មាន​កំណើន បើ​ទោះ​បី​ជា​កម្ពុជា ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់ ការ​នាំ​ចេញ​ខោ​អាវ​ដេរ​ស្រាប់​របស់​កម្ពុជា ទៅ​បរទេស​នៅ​តែ​កើន សេវាកម្ម​លើ​វិស័យ​ទេសចរណ៍​មាន​កំណើន​ភ្ញៀវ​ចំនួន​ធនាគារ​នៅ​កម្ពុជា មាន​កំណើន រួម​ជាមួយ​ការ​ផ្ដល់​ប្រាក់​កម្ចី​មាន​ការ​កើន៖ «ចំណុច​សំខាន់​មួយ​ទៀត​របស់​កម្ពុជា គឺ​វិស័យ​ធនាគារ​នេះ យើង​អត់​ប៉ះពាល់​ទេ។ ចំនួន​ធនាគារ​មាន​ការ​កើន​ឡើង វា​ធ្វើ​ឲ្យ​ចំនួន​ប្រាក់​បញ្ញើ​មាន​ការ​កើន​ឡើង​ដែរ គឺ​ដល់​ទៅ ៥.០០០​លាន​ដុល្លារ ហើយ​ការ​ផ្ដល់​ប្រាក់​កម្ចី​ក៏​មាន​ការ​កើន​ឡើង​ដែរ គឺ​ជាង ៤.០០០​លាន​ដុល្លារ។ ដល់​អ៊ីចឹង​ទៅ បើ​យើង​ប្រៀបធៀប​ជាមួយ​វិនិយោគទុន គឺ​មាន​ប្រហែល ៦០០​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ​ប៉ុណ្ណោះ។ អ៊ីចឹង​ចំនួន​ប្រាក់​កម្ចី​របស់​ធនាគារ​នេះ វា​ជួយ​ឲ្យ​កើន​កំណើន​សេដ្ឋកិច្ច​នេះ»

ការ​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កម្មវិធី​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ស្ដីពី​លទ្ធផល​ការ​អង្កេត​ស្ទង់​មតិ​សេដ្ឋកិច្ច និង​សង្គម របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ី របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អេស្កាប់ (ESCAP)។

លោក ដានីញ៉ែល ជុងដាលី (Daniel Jeongdae Lee) មន្ត្រី​ទទួល​ការងារ​សេដ្ឋកិច្ច​របស់​អេស្កាប់ បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ការ​ធ្វើ​អង្កេត​ស្ទង់​មតិ​សេដ្ឋកិច្ច និង​សង្គម របស់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អេស្កាប់ ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​ការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១២។ ការ​ធ្លាក់​ចុះ​នោះ គឺ​ចុះ​ថយ​ពី ៧% នៅ​ឆ្នាំ​២០១១ មក​នៅ​ត្រឹម ៦.៥% នៅ​ឆ្នាំ​២០១២។

ការ​ធ្លាក់​ចុះ​នោះ ដោយសារ​ការ​នាំ​ចេញ​ទំនិញ​មាន​ការ​ចុះ​ថយ តែ​តម្លៃ​ទំនិញ​នៅ​តែ​ខ្ពស់​វិបត្តិ​បំណុល​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ភាព​ពុំ​នឹងន​របស់​សេដ្ឋកិច្ច​អាមេរិក និង​តម្លៃ​ប្រេងឆៅ​ឡើង​ថ្លៃ​ជាដើម។

លោក ហង់ ជួនណារ៉ុន មន្ត្រី​ជាន់​ខ្ពស់​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១២ អាច​មាន​កំណើន​ទៀត ពីព្រោះ​បច្ចុប្បន្ន​កម្ពុជា កំពុង​តែ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​​សេដ្ឋកិច្ច​ឲ្យ​កាន់​ល្អ​ជាង​មុន ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​វិនិយោគិន​បរទេស​មក​បណ្ដាក់​ទុន​កាន់​តែ​ច្រើន​នៅ​កម្ពុជា។ ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ មាន​ដូចជា​កសាង​ផ្លូវ​ថ្មី កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស កសាង​វារីអគ្គិសនី និង​កែ​លំអ​កំពង់ផែ​នៅ​សមុទ្រ​ជាដើម។

លោក យឹម សុវណ្ណ ជា​អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​មែន តែ​ការ​បែង​ចែក​ផល​បាន​ពី​កំណើន​សេដ្ឋកិច្ច​នោះ មិន​បាន​ដល់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ឡើយ៖ «សេដ្ឋកិច្ច​កម្ពុជា កើន​ឡើង​បន្តិច​បន្តួច ប៉ុន្តែ​បើ​យើង​គិត​ពី​កំណើន​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​វិញ គឺ​វា​កើន​ខ្លាំង​ជាង​កំណើន​សេដ្ឋកិច្ច​ទៅ​ទៀត ហើយ​បើ​យើង​គិត​ពី​កំណើន​ប្រជាពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​កើន​ប្រហែល​ពី ២ ទៅ ៣% ក្នុង​១​ឆ្នាំ។ មាន​ន័យ​ថា ជីវភាព​ប្រជាពលរដ្ឋ​ក៏​មិន​មាន​ការ​រីក​ចំរើន​ដែរ ជាពិសេស​ទំនិញ​ឡើង​ថ្លៃ​ខ្លាំង។ ហើយ​បើ​យើង​ពិនិត្យ​មើល​អំពី​ការ​បែងចែក​កំណើន​វិញ​នោះ មាន​អ្នក​មាន​មួយ​ចំនួន​តូច​កាន់​តែ​មាន​ឡើង»

របាយការណ៍​របស់​អេស្កាប់ បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១២ អាច​មាន​កំណើន​ដល់ ៦.៧% ទោះ​បី​ជា​ការ​នាំ​ចេញ​ខោ​អាវ​ទៅ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប មាន​ការ​ប៉ះពាល់​ខ្លះ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។