កម្ពុជា​រំពឹង​បាន​ចំណូល​ពី​ប្រេង​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ប្រជាជន​ខ្មែរ រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នានា កន្លង​មក​បាន​រំពឹង​ថា ប្រជាជន​កម្ពុជា នឹង​អាច​ក្លាយ​ខ្លួន​ជា​អ្នក​មាន​​​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​តំបន់​អាស៊ី​នេះ ដោយសារ​តែ​គេ​បាន​រក​ឃើញ​ថា កម្ពុជា​មាន​រ៉ែ​ប្រេង និង​ហ្គាស​ធម្មជាតិ​នៅ​បាត​សមុទ្រ និង​ក្រោម​ដី​យ៉ាង​ច្រើន។ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​រ៉ែ​នេះ​មិន​មាន​ច្រើន​ដូច​វិស័យ​កាត់​ដេរ និង​ទេសចរណ៍​ទេ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​រ៉ែ​​ប្រេង​​​​ក្នុង​ឆ្នាំ​ដំបូង​ប្រហែល ១០០​លាន​ដុល្លារ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​​ទាញ​យក​ផល​​រ៉ែ​ប្រេង និង​ហ្គាស​ពី​​បាត​សមុទ្រ​នៅ​ក្នុង​រយៈពេល ១​ឆ្នាំ ឬ ២​ឆ្នាំ​ខាង​មុខ​នេះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​អរ​ផង​ភ័យ​ផង បន្ទាប់​ពី​បាន​ទន្ទឹង​រង់ចាំ​ដំណឹង​នេះ​​​​យ៉ាង​អន្ទះសា​អស់​រយៈពេល​យ៉ាង​យូរ​ឆ្នាំ​រួច​មក។

លោក ហង់ ជួនណារ៉ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បញ្ជាក់​ពី​តួលេខ​នៃ​ការ​ព្យាករ​​​ចុង​ក្រោយ​បង្អស់​នេះ​ថា ៖ «នេះ​គ្រាន់​តែ​ស្មាន​ជា​រួម​លើ​ព័ត៌មាន​ដែល​យើង​មាន។ ថ្ងៃ​ក្រោយ​ហ្នឹង​ព័ត៌មាន​មាន​លក្ខណៈ​ផ្សេង​ទៀត នឹង​អាច​មាន​ការ​ប្រែប្រួល តែ​ក្នុង​​ពេល​នេះ ព័ត៌មាន​ដែល​យើង​មាន​គឺ​ថា ចំណូល​បាន​ពី​ប្រេង​តែម្ដង ជា​មធ្យម ខ្ញុំ​និយាយ​ជា​មធ្យម ព្រោះ​ឆ្នាំ​ដំបូង​អាច​តិចតួច​ទេ ហើយ​ដល់​ពេល​ឆ្នាំ​ក្រោយៗ​ទៅ​អាច​ច្រើន។ អ៊ីចឹង​ក្នុង​រយៈពេល ១០ ទៅ ១៥​ឆ្នាំ​ហ្នឹង គឺ​ចំណូល​ជា​មធ្យម ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គិត​ជា​មធ្យម អ៊ីចឹង​ការ​ប៉ាន់​ស្មាន​មុនៗ ជួនកាល​ព័ត៌មាន​វា​អត់​ពិត​ប្រាកដ»

កន្លង​មក​មាន​ការ​វាយ​តម្លៃ​របស់​​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ក្នុង​រយៈពេល​កន្លង​មក ដូចជា​ធនាគារ​ពិភពលោក (World Bank) អង្គការ​សហប្រជាជាតិ​ផ្នែក​កម្មវិធី​អភិវឌ្ឍន៍ (UNDP) និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) ដែល​បាន​ប៉ាន់​ប្រមាណ​​​ថា ធនធាន​រ៉ែ​ប្រេង​​ធម្មជាតិ​​អាច​មាន​​ចំនួន ២​ពាន់​លាន​ធុង ឬ​បារ៉ែល (Barrels) និង​ហ្គាស​ធម្មជាតិ​ប្រហែល ១០​លាន លាន​ម៉ែត្រ​ត្រីគុណ​នៅ​បាត​​សមុទ្រ។

លោក ជាម យៀប ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​រដ្ឋ​សភា បាន​យល់​ស្រប​​នឹង​តួលេខ​​ប៉ាន់​ប្រមាណ​នេះ ហើយ​អះអាង​បន្ថែម​ថា ៖ «ឃើញ​ថា ឆ្នាំ​ដំបូង​​យើង​អាច​ទាក់ទាញ​បាន​​ជាង ១០០​លាន​ដុល្លារ​អាមេរិក ហើយ​រហូត​ដល់​ឆ្នាំ​២០២២ ឆ្នាំ​២០២៣ យើង​អាច​បាន​ជាង ១​ពាន់​លាន អា​នេះ​ជា​ការ​ប៉ាន់​ស្មាន​ទេ។ ការ​ប៉ាន់ស្មាន​វា​អាច​មាន​ត្រូវ មាន​ខុស មិន​ត្រូវ​ទាំង​អស់​ទេ»

ដំណឹង​នេះ​ត្រូវ​បាន​​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​សាទរ តែ​ទន្ទឹម​នឹង​នេះ ពួកគេ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​​ក្រែង​ប្រជាជន​ខ្មែរ​មិន​បាន​ទទួល​ប្រយោជន៍​នេះ ដោយសារ​តែ​អំពើ​ពុករលួយ និង​ការ​ចាត់ចែង​ផលប្រយោជន៍​​ប្រាក់​ចំណូល​​មិន​មាន​តម្លាភាព។

លោក ម៉ម សម្បត្តិ ប្រធាន​អង្គការ​សម្ពន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​៦ មីនា ថា លោក​រំពឹង​ថា ប្រាក់​ចំណូល​​បាន​មក​ពី​ធនធាន​នេះ នឹង​​ជួយ​លើក​ស្ទួយ​​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ប្រជាជន​ខ្មែរ​បាន​ថ្លៃថ្នូរ និង​ប្រសើរ​ជាង​មុន។

លោក​បន្ត​ថា ៖ «ខ្ញុំ​គិត​ថា ការ​ប៉ាន់​ប្រមាណ វាយ​តម្លៃ​ដំបូង​នេះ វា​អាច​តិច​ជាង​ហ្នឹង វា​អាច​ច្រើន​ជាង​ហ្នឹង។ ក៏​ប៉ុន្តែ​សំខាន់​បំផុត ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​គិត​អំពី​គុណភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ធនធាន​ដំបូង​ដែល​បាន​មក​ពី​ប្រេង និង​ឧស្ម័ន​នេះ។ មាន​ន័យ​ថា យើង​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​យ៉ាងណា​​ដើម្បី​អាច​ឲ្យ​យើង​មាន​លទ្ធភាព​​​គ្រប់គ្រង​ចំណូល​នៅ​ឆ្នាំ​២០១២ និង​ក្រោយ​ឆ្នាំ​២០១២​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ឲ្យ​ប្រជាជន​ខ្មែរ​លោក​​អាច​ទទួល​ផលប្រយោជន៍​ពី​ធនធាន​នេះ​តាម​រយៈ​កែ​លម្អ ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យ​សំខាន់ៗ​ក្នុង​សេដ្ឋកិច្ច​ជាតិ ឧទាហរណ៍​ដូច​ជា វិស័យ​អប់រំ វិស័យ​សុខាភិបាល នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​នូវ​​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ»

ចំណែក​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី ក៏​បាន​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ៖ «យើង​មាន​ការ​ស្នើ​រំឭក​ពី​ម្ចាស់​អំណោយ ជា​ពិសេស​ខាង​ធនាគារ​ពិភពលោក ក៏​ដូចជា​ខាង​អង្គការ​សហប្រជាជាតិ ខាង​អភិវឌ្ឍន៍ ដូចជា UNDP រំឭក​រដ្ឋាភិបាល ក៏​ដូចជា​រំឭក​សភា​អំពី​កាតព្វកិច្ច​របស់​ជាតិ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​ថវិកា​ដែល​បាន​មក​ពី​ប្រេង គេ​បារម្ភ​ថា ប្រេង​ជា​របស់​មួយ​ដែល​យើង​ទទួល​បាន ហើយ​​អាច​អស់​វិញ។ ការ​មិន​គ្រប់គ្រង​ផល​ប្រេង​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​ទៅ​ជា​​ផលវិបាក​ដល់​សង្គម​​​​ធ្ងន់ធ្ងរ ដូចជា​យើង​យក​មក​មិន​បាន​​បម្រើ​វិស័យ​សំខាន់​របស់​ជាតិ»

ទាក់ទង​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ប្រាក់​ចំណូល​នេះ កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង ដូច​ជា​ភ័យ​ហួសហេតុ​ពេក​អំពី​​ប្រាក់​ចំណូល​ប្រេង​នេះ​នៅ​ពេល​ដែល​គេ​មិន​ទាន់​ដឹង​ថា តើ​ទំហំ​​​ធនធាន​ប្រេង​នោះ​មាន​បរិមាណ​​ប៉ុន្មាន​ពិត​ប្រាកដ ដោយ​លោក​បាន​ប្រើ​ពាក្យ​ថា «មិន​ទាន់​ដឹង​ថា មាន​មាស ឬ​ក៏​អត់​ផង ស្រាប់​តែ​នាំ​គ្នា​ភ័យ​ខ្លាច​អត់​ក្រដាស​ខ្ចប់»។

ជា​ទូទៅ​ប្រជាជន​ខ្មែរ និង​អង្គការ​នានា បាន​ដាក់​ក្ដី​រំពឹង​យ៉ាង​មុតមាំ​​ថា ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា អាច​ក្លាយ​ជា​អ្នក​មាន ក្នុង​ពេល​កម្ពុជា ទាញ​យក​រ៉ែ​ប្រេង​ធម្មជាតិ​ដែល​គេ​រំពឹង​ថា នឹង​មាន​នៅ​ឆ្នាំ​ក្រោយ​នេះ។

ក៏​ប៉ុន្តែ​លោក ហង់ ជួនណារ៉ុន ថ្លែង​ថា ប្រាក់​ចំណូល​ប្រេង​នឹង​មិន​មាន​បរិមាណ​ច្រើន​ដូច​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ទេ ព្រោះ​ថា រ៉ែ​ប្រេង​នៅ​សមុទ្រ​ខ្មែរ​មិន​សម្បូរ​ដូច​នៅ​សមុទ្រ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ទេ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​មិន​សូវ​​រំជួល​ចិត្ត​ប៉ុន្មាន​ទេ ព្រោះ​ថា រ៉ែ​​នៅ​ក្រោម​ដី​​ពិបាក​មើល​​ឃើញ​ជាក់​នឹង​ភ្នែក ខុស​ពី​ធនធាន​​គេ​អាច​មើល​ឃើញ​នៅ​លើ​ដី។

លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ដូច្នេះ ៖ «តាម​ពិត​សម្បត្តិ​របស់​យើង សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ហ្នឹង គឺ​ជា​ប្រាសាទ​បូរាណ ឬ​មួយ​ក៏​ធនធាន​កៅស៊ូ ឬ​ក៏​ស្រូវ​អី​ហ្នឹង​ទេ ព្រោះ​ថា អ្វី​ដែល​នៅ​ក្រោម​ដី​យើង​មើល​អត់​ឃើញ​ផង យើង​ចេះ​តែ​ប៉ាន់​ស្មានៗ ហើយ​យើង​​គ្រាន់​តែ​​ចំណាយ​ពេល​​​ធ្វើ​សិក្ខាសាលា ធ្វើ​ស្អីៗ​ហ្នឹង​មិន​ដឹង​ជា​អស់​លុយ​​ប៉ុន្មាន​ទេ...»

លោក​បន្ត​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​មិន​ទាន់​បាន​ទទួល​ប្រាក់​ចំណូល​ពី​ពាណិជ្ជកម្ម​ប្រេង​នៅ​ឡើយ​ទេ គឺ​​​បាន​ត្រឹម​​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​​បង់​​តាម​បែប​​ជា​ប្រាក់​រង្វាន់ ដើម្បី​បាន​ទទួល​ការ​អនុញ្ញាត​ក្នុង​ដំណាក់កាល​​រុករក​ប្រេង​តែប៉ុណ្ណោះ ហើយ​កន្លង​មក​រដ្ឋាភិបាល​​បាន​ទទួល​ប្រាក់​រង្វាន់​នេះ​​​បាន​ប្រហែល ២០​លាន​ដុល្លារ​តែប៉ុណ្ណោះ។ លោក​រំពឹង​ថា ប្រាក់​ចំណូល​​​ខាង​​វិស័យ​ប្រេង​នេះ មាន​ចំនួន​តិចតួច​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់​ចំណូល​ផ្សេងៗ​ទៀត​ ដូចជា​ប្រាក់​ចំណូល​​ផ្នែក​វិស័យ​កាត់ដេរ​ដែល​​មាន​ចំនួន​ជាង ៣​ពាន់​​លាន​ដុល្លារ វិស័យ​ទេសចរណ៍​ចំនួន ១,៧​ពាន់​លាន​ដុល្លារ៕