ក្នុងសេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីថ្ងៃ៧ ខែកុម្ភៈ បានឲ្យដឹងថា កុមារីម្នាក់អាយុ ៥ឆ្នាំនៅភូមិព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់កាលពីថ្ងៃ៤ ខែកុម្ភៈ បណ្ដាលមកពីជំងឺសួតធ្ងន់ធ្ងរ បន្ទាប់ពីបានឆ្លងមេរោគផ្ដាសាយបក្សី។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ កុមារីនោះបានចាប់ផ្ដើមឈឺដោយមានរោគសញ្ញាគ្រុនក្ដៅ និងក្អក បន្ទាប់មកក៏បានបញ្ជូនមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីព្យាបាលជំងឺ។ វត្ថុវិភាគដែលបានយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រកឃើញថា កុមារីនោះមានមេរោគផ្ដាសាយបក្សី (H5N1) វិជ្ជមាន។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ជំងឺផ្ដាសាយបក្សី (H5N1) គឺជាជំងឺមួយដែលជាធម្មតាចម្លងពីសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តែវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងបន្តតាមដានពិនិត្យមើលរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក និងពិនិត្យមើលជំងឺរលាកផ្លូវដង្ហើម ប្រសិនបើមានការប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ជាពិសេសគឺប្រញាប់ប្រញាល់ទៅជួបបុគ្គលិកសុខាភិបាលជាបន្ទាន់៕
