អ្នក​ឃ្លាំមើល​និយាយ​ពី​ភាព​រសើប​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ពាក្យ​"រដ្ឋប្រហារ"

ក្រុម​អ្នក​ឃ្លាំមើល​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​អាច​កែច្នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ទៅ​ជា​ទំនាស់​ផ្ទៃក្នុង​របស់​កម្ពុជា នា​សម័យ​នោះ​បាន​ទេ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង​ក៏​ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​នោះ គឺ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដែរ។

0:00 / 0:00

ក្រុម​អ្នក​បុញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​និយាយ​ថា ភាព​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ខ្លាច​ការ​ប្រើ​ពាក្យ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ គឺ​ដោយសារ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចង់​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋបាល​របស់​ខ្លួន​នា​សម័យ​នោះ និង​ដើម្បី​បិទ​បាំង​ឧក្រិដ្ឋកម្ម​សម្លាប់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប៉ុណ្ណោះ។

ពី​ប្រទេស​ហ្វាំងឡង់ លោក ប៉ាង សុឃឿន ដែល​ជា​អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និយាយ​ថា ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ ពិត​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យ៉ាង​ពិត​ប្រាកដ ហើយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​ព្យាយាម​មិន​ឲ្យ​ហៅ​ព្រឹត្តិការណ៍​នៅ​ពេល​នោះ​ថា​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ គឺ​ជា​ចេតនា​នយោបាយ​សុទ្ធសាធ។

លោក ប៉ាង សុឃឿន បន្ត​ថា ៖ «គឺ​ថា​ផ្ដួល​រំលំ​សម្ដេច​ក្រុម​ព្រះ ដែល​ពេល​នោះ​លោក​ជា​នាយករដ្ឋមន្ត្រី​ទី​១ ហើយ​លើក​បន្តុប​ឯកឧត្ដម អ៊ឹង ហួត ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ រឿង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា កាឡៃ​មក​ថា​ជា​ព្រឹត្តិការណ៍​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​ធ្វើ​ឲ្យ​ឧក្រិដ្ឋកម្ម​លោក ហ៊ុន សែន ក្លាយ​ជា​សកម្មភាព​ស្រប​ច្បាប់​ទៅ​វិញ ដើម្បី​សម្រប​ទៅ​នឹង​ការ​ធានា​អះអាង​របស់​គាត់​ដែល​លោក ហ៊ុន សែន និយាយ​ថា គាត់​ធ្វើ​នេះ​ដើម្បី​រក្សា​នូវ​ស្ថានភាព​នយោបាយ និង​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា»

របាយការណ៍​របស់​លោក ថូម៉ាស ហែមមើប៊ើក (Thomas Hammerberg) បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ដែល​បាន​ដាក់​ជូន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) បាន​សរសេរ​យ៉ាង​ច្បាស់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ទី​៦ ឆ្នាំ​១៩៩៧ គឺ​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

របាយការណ៍​នោះ​ក៏​បាន​សរសេរ​ផង​ដែរ​ថា កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​ច្រើន ត្រូវ​បាន​សម្លាប់​នៅ​ក្រៅ​ច្បាប់ ហើយ​ជន​ដៃដល់​មិន​ត្រូវ​បាន​នាំ​យក​មក​ផ្តន្ទាទោស​ឡើយ។

លោក ប៉ាង សុឃឿន ថ្លែង​ថា ការ​ខិតខំ​កែ​កាឡៃ​របស់​រដ្ឋាភិបាល​កម្ពុជា អំពី​ថ្ងៃ​រដ្ឋប្រហារ​ឲ្យ​ទៅ​ជា​ជម្លោះ​ផ្ទៃក្នុង​នេះ គឺ​ដោយសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាច​មាន​ការ​កាត់​ទោស​ណា​មួយ​លើ​រូប​លោក​នៅ​ពេល​របប​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​លោក​ដួល​រលំ ៖ «សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​បង្វែរ​ទៅ​ជា​វិបត្តិ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល អ៊ីចឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​ហ្នឹង​មិន​អាច​ទទួល​នូវ​ការ​កាត់​ទោស​ណា​មួយ​ទេ បើ​សិន​ជា​មាន​ការ​ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​នោះ​ជា​ព្រឹត្តិការណ៍​ទំនាស់​ផ្ទៃ​ក្នុង​រវាង​រដ្ឋាភិបាល​កម្ពុជា​មែន»

ក្រសួង​ព័ត៌មាន​របស់​កម្ពុជា បាន​ចេញ​លិខិត​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​ហាម​អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ទូរទស្សន៍ គេហទំព័រ កាសែត ទស្សនាវដ្តី ឬ​ព្រឹត្តិបត្រ​ទាំង​អស់​នៅ​កម្ពុជា ឲ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ ដោយសារ​ការ​ប្រើ​ពាក្យ​​រដ្ឋ​ប្រហារ​នេះ​អាច​នាំ​ឲ្យ​សាធារណជន​ទូទៅ​​​យល់​ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​នៅ​ពេល​នោះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ស្នើ​នៅ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ទៅ​គ្រប់​បណ្ដាញ​សារព័ត៌មាន​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយឲ្យ​បាន​ត្រឹមត្រូវ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ទៅ​តាម​សភាពការណ៍​ពិត​របស់​កម្ពុជា។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ រួម​ទាំង​អន្តរជាតិ​ទាំង​អស់​កុំ​ចាញ់​បោក​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​លាក់លៀម​ឧក្រិដ្ឋកម្ម​ឆ្នាំ​១៩៩៧ នោះ។

លោក​បន្ថែម​ថា ៖ «ដូច​ជា​មេដឹកនាំ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ការ​កាប់​សម្លាប់​ក្រុម​នយោបាយ​ម្ខាង​ទៀត ហើយ​ទី​បំផុត​ទៅ​ចៅក្រម ឬ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​អន្តរជាតិ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ថា ជា​ការ​ប្រព្រឹត្ត​នូវ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ ដូច្នេះ​តែ​កាលណា​យើង​ទាំង​អស់​គ្នា​ទទួល​ស្គាល់​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​មាន​ន័យ​ថា យើង​ទាំង​អស់​គ្នា​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក ហ៊ុន សែន រួច​ផុត​ពី​ការ​ថ្កោល​ទោស​ពី​តុលាការ​អន្តរជាតិ​នៅ​ថ្ងៃ​ខាង​មុខ»

របាយការណ៍​ពិសេស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧ បាន​សរសេរ​ថា កងទ័ព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ដើម្បី​ទម្លាក់​អាវុធ​ក្រុម​យោធា​នៅ​ទី​បញ្ជា​ការដ្ឋាន​កងទ័ព​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​តាំងក្រសាំង ក្បែរ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ហើយ​ដែល​មាន​ការ​តប​ត​វិញ​ដោយ​កងទ័ព​របស់​លោក ញឹក ប៊ុនឆៃ។

របាយការណ៍​នោះ​ក៏​បាន​សរសេរ​ផង​ដែរ​ថា លោក ហ៊ុន សែន បាន​បញ្ជា​មនុស្ស​ជំនិត​របស់​លោក​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ពេល​នោះ​មាន​លោក ហុក ឡងឌី ជា​អ្នក​ដឹក​កម្លាំង​នគរបាល​ក្រសួង​មហាផ្ទៃ លោក គៀម សាវុធ ដឹក​នាំ​កម្លាំង​កងរាជអាវុធហត្ថ លោក នេត សាវឿន ដឹកនាំ​កម្លាំង​អង្គរក្ស ហើយ​លោក កែវ ពង់ និង​លោក ភន់ ភាព អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ដែល​ចុះ​ចូល​ជាមួយ​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​អតីត​ទ័ព​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​កម្លាំង​ទ័ព​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​ព្រឹត្តិការណ៍​ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ពិត​ប្រាកដ។ ប៉ុន្តែ​លោក​បាន​ចោទ​ប្រកាន់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​ជា​អ្នក​ដឹកនាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ដើម្បី​ទម្លាក់​រដ្ឋបាល​របស់​លោក​ទៅ​វិញ។

សូម​អញ្ជើញ​ស្ដាប់​ប្រសាសន៍​របស់​លោក​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៧ ៖ «រឿង​ផ្ទុះ​អាវុធ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា គេ​ចោទ​ថា រដ្ឋ​ប្រហារ ឬ​ក៏​ស្អី ខ្ញុំ​មិន​ជំទាស់​នឹង​ពាក្យ​គេ​ថា រដ្ឋប្រហារ​ទេ មិន​ជំទាស់ ព្រោះ​គេ​ប្រើ​ពាក្យ​រដ្ឋ​ប្រហារ​ក៏​ត្រឹមត្រូវ​ម្យ៉ាង ប៉ុន្តែ​សួរ​ថា នរណា​អ្នក​ធ្វើ​រដ្ឋប្រហារ? ការ​នាំ​កងទ័ព​ខ្មែរ​ក្រហម​ចូល​មក​ភ្នំពេញ ការ​ចល័ត​កងទ័ព​រាប់​រយ​នាក់​ពី​ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ចូល​មក​ភ្នំពេញ ការ​នាំ​ចូល​អាវុធ​រាប់​តោន និង​អាវុធ​ខុស​ច្បាប់​ផ្សេង​ទៀត​ជាង ១​ម៉ឺន​ដើម តើ​នរណា​ធ្វើ​រដ្ឋប្រហារ? ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ ឬ រណឫទ្ធិ ធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​បរាជ័យ?»

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch លោក ប៊្រែត អាដាម (Brad Adams) ដែល​ជា​អ្នក​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​ក្នុង​ហេតុការណ៍​ថ្ងៃ​ទី​៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហាម​មិន​ឲ្យ​ប្រើ​ពាក្យ​រដ្ឋប្រហារ ដោយសារ​ពាក្យ​រដ្ឋប្រហារ​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​មាន​ឈ្មោះ​មិន​ល្អ។

លោក ប៊្រែត អាដាម មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រឹត្តិការណ៍​ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យ៉ាង​ពិតប្រាកដ វា​គ្មាន​ការ​សង្ស័យ​ទេ​ចំពោះ​បញ្ហា​នេះ។ លោក ហ៊ុន សែន បាន​រៀបចំ​គម្រោង​វាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធ​ដើម្បី​ឡើង​កាន់​អំណាច។ គាត់​បាន​ប្រើ​កម្លាំង​យោធា​ដក​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ហើយ​លើក​បន្តុប​លោក អ៊ឹង ហួត ឲ្យ​ឡើង​កាន់​អំណាច​បណ្ដោះអាសន្ន មិន​តែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ដែល​នាំ​ឲ្យ​មាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។ បញ្ហា​នេះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​សរសេរ​ក្នុង​របាយការណ៍​ខ្លួន​យ៉ាង​លម្អិត។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​ជាមួយ​ក្រុម​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ ហើយ​វា​គ្មាន​ការ​សង្ស័យ​អ្វី​នោះ​ឡើយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ។ អ្វី​ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​គេ​ប្រើ​ពាក្យ​ថា រដ្ឋប្រហារ គឺ​ដោយសារ​បញ្ហា​នោះ​វា​ជា​ការ​ពិត ហើយ​ការ​ពិត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ឈ្មោះ​អាក្រក់»

លោក​ថ្លែង​បន្ត​ថា ចាប់​តាំង​ពី​រដ្ឋប្រហារ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ កាល​ពី​ឆ្នាំ​១៩៩៧ មក កម្ពុជា​បាន​ផ្លាស់ប្ដូរ​អ្វី​ទាំង​អស់​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ខិតខំ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​បែប​គណបក្ស​តែ​មួយ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា ដោយសារ​មាន​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​អភិវឌ្ឍន៍​ឈាន​មុខ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​បញ្ចប់​ជម្លោះ​នៅ​ពេល​នោះ​បាន​នាំ​ឲ្យ​កម្ពុជា មាន​ការ​រីក​ចម្រើន និង​សន្តិសុខ​ក្នុង​សង្គម ៖ «ទី​១ អ្នក​ក្រៅ​ស្រុក​ដែល​បង្កើត​ពាក្យ​ហ្នុង គេ​អត់​ស្គាល់​នូវ​អ្វី​ដែល​កើត​ឡើង​នូវ​ការ​ពិត​នោះ​ទេ។ ភាសា​របស់​រាជរដ្ឋាភិបាល​បាន​ជម្រាប​ជូន​ថា អា​នេះ​គ្រាន់​តែ​ជា​វិបត្តិ ទំនាស់​ផ្ទៃ​ក្នុង​របស់​រាជ​រដ្ឋាភិបាល​ទេ។ ទាំង​អស់​គ្នា​ស្គាល់​ច្បាស់​ហើយ​ថា ស្អី​ទៅ​ជា​រដ្ឋប្រហារ? ប៉ុន្តែ​ដោយសារ​ការ​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ ទទួល​បាន​ការ​អភិវឌ្ឍ ទទួល​បាន​អ្វី​ៗ​ដែល​យើង​ឃើញ​សព្វថ្ងៃ​ហ្នឹង ហ្នឹង​គឺ​ជា​លទ្ធផល​បន្ទាប់​ពី​យើង​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​បញ្ចប់​នោះ​ឯង»

ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក ផៃ ស៊ីផាន លោកស្រី មូរ សុខហួរ ដែល​ជា​អតីត​ទីប្រឹក្សា​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ឆ្នាំ​១៩៩៧ មាន​ប្រសាសន៍​ថា រដ្ឋប្រហារ​គឺ​ជា​រដ្ឋប្រហារ ហើយ​កម្ពុជា​មិន​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ដ៏​ពិត​ប្រាកដ​នេះ​បាន​ឡើយ។

លោកស្រី​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ខិតខំ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ្លេច​បទ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​គណបក្ស​ប្រជាជន​បាន​ឡើយ ហើយ​ថា ការ​ហាម​មិន​ឲ្យ​មាន​អ្នក​និយាយ​អំពី​ពាក្យ​រដ្ឋប្រហារ​នេះ វា​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ៖ «អ្នក​ដែល​ទទួល​រង​គ្រោះ​ដោយ​រដ្ឋប្រហារ​នេះ ដូច​ជា​លោក ហូ សុខ ហើយ​អ្នក​ដទៃ​ទៀត រហូត​ដល់​ពេល​នេះ​មិន​ទាន់​បាន​ទ​នេះ រដ្ឋាភិបាល​កម្ពុជា ចង់​បំបិទ​ចោល។ មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ មិន​អាច​រដ្ឋាភិបាល​រៀងរាល់​ពេល​ចេះ​តែ​បញ្ជា ហើយ​គំរាម​កំហែង​មិន​ឲ្យ​ប្រជាពលរដ្ឋ​និយាយ​អ៊ីចេះ គិត​របៀប​នេះ។ តើ​ជា​លទ្ធិប្រជាធិបតេយ្យ​ទេ? តើ​គេ​ហៅ​ថា ការ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​ជូន​អ្នក​រង​គ្រោះ​ទេ? តើ​ឈាន​ទៅ​រក​សន្តិភាព​បាន​ទេ? មិន​បាន​ទេ មិន​មែន​ជា​ការ​អភិវឌ្ឍ​ទេ​របៀប​នេះ»

ចំណែក​អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចង់​ផ្លាស់ប្ដូរ​ពី​ស​ទៅ​ខ្មៅ ពី​ខ្មៅ​ទៅ​ស ជា​ការ​ធម្មតា​ទេ​សម្រាប់​ក្រុម​អ្នក​ឈ្នះ ៖ «ដូច​ជា​ឃោរឃៅ​ពេក។ ដូច​ជា​សម្លាប់​លោក ហូ សុខ នៅ​ក្នុង​បន្ទប់​មួយ​នៃ​ក្រសួង​មហាផ្ទៃ ហើយ​និង​សម្លាប់​អ្នក​ឯ​ទៀតៗ ដូច​យក​ទៅ​ដាក់​នៅ​ពេជ្រនិល​អី​អ៊ីចឹង មាន​ចង​ដៃ​មាន​អី គឺ​សម្លាប់​ហ្នឹង​មាន​ភាព​ឃោរឃៅ។ ប៉ុន្តែ​ធម្មតា​ទេ ប្រវត្តិសាស្ត្រ​សរសេរ​ដោយ​អ្នក​ឈ្នះ»

ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​ពី​ប្រទេស​បារាំង ឯ​ណោះ​វិញ បាន​មាន​ប្រសាសន៍​ថា ការ​ពិត​ជា​ការ​ពិត ហើយ​ពិភពលោក​ទាំង​មូល​ទទួល​ស្គាល់​ថា ស្ថានការណ៍​នៅ​ពេល​នោះ​ជា​ទម្រង់​នៃ​ការ​ធ្វើ​រដ្ឋប្រហារ ៖ «ពីព្រោះ​ថា ពាក្យ​ថា​រដ្ឋប្រហារ​ហ្នឹង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។ ការ​ពិត​ហ្នឹង​គឺ​ថា គណបក្ស​មួយ​ដែល​ចាញ់​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ប្រើ​អំណាច​ដើម្បី​កម្ចាត់​គណបក្ស​មួយ​ទៀត​ដែល​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣​នោះ។ ពេល​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​កង​ទ័ព គាត់​បញ្ជា​ផ្ទាល់។ បញ្ជា​កងទ័ព ឬ​អង្គភាព​ខ្លះ​នៃ​កងទ័ព​ដែល​ចម្រុះ​គណបក្ស​ប្រជាជន​ទៅ​វាយ​ប្រហារ​កម្ទេច​កងទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច»

ទស្សនាវដ្ដី​សេដ្ឋកិច្ច​ចុង​បូព៌ា (Far Eastern Economic Review) ដែល​រាយការណ៍​ដោយ​លោក ណេត ថេយ័រ (Nate Thayer) បាន​ចុះ​ផ្សាយ​ថា ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បន្តិច​មក យ៉ាង​ហោច​ណាស់​មាន​ទាហាន​របស់​ព្រះអង្គម្ចាស់​ប្រមាណ​ជាង ៦០០​នាក់ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ទាហាន​ប្រមាណ​ជាង ២០០​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ។

សេចក្ដី​រាយការណ៍​នោះ​ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា ទាហាន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រមាណ ៣០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ដោយ​បង្ខំ​ឲ្យ​ផឹក​ទឹក​លូ ហើយ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​គេ​បាន​រក​សាកសព​នៅ​តាម​ជ្រលង​ភ្នំ​ពេជ្រនិល នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ និង​ខ្លះ​ទៀត​ស្លាប់​អណ្ដែត​នៅ​តាម​ទឹក​ផង​ដែរ។

ទស្សនាវដ្ដី​សេដ្ឋកិច្ច​ចុង​បូព៌ា​ក៏​បាន​ចុះ​ផ្សាយ​ថា លោក​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ទីប្រឹក្សា​យោធា​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ផ្ទះ​របស់​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ទារុណកម្ម និង​សម្លាប់​ចោល​ដោយ​លោក ហ៊ីង ប៊ុនហៀង ប្រធាន​អង្គរក្ស​របស់​លោក ហ៊ុន សែន។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហូ សុខ ត្រូវ​បាន​សម្លាប់​ដោយ​លោក ហុក ឡងឌី អតីត​អគ្គនាយក​ស្នងការ​នគរបាល​ជាតិ។

ក្រោយ​ពី​កងទ័ព​របស់​លោក ហ៊ុន សែន ឈ្នះ​ក្នុង​ការ​ដណ្ដើម​អំណាច​ភ្លាមៗ​នោះ​មក គេ​ឃើញ​រថពាសដែក ឬ​ឡាន​ធំ​ដឹក​របស់​ជ័យភណ្ឌ​ជា​ច្រើន មាន​ម៉ូតូ របស់​របរ​ប្រើប្រាស់ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​របស់​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៕