កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ

ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១១​នេះ។

ក្រុម​សកម្មជន​បរិស្ថាន​បាន​ស្នើ​ឲ្យ​សមាជិក​នៃ​កិច្ចប្រជុំ​នេះ​គិតគូរ​ជា​ចម្បង​លើ​ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ ដែល​កំពុង​មាន​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី និង​ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​គម្រោង​អភិវឌ្ឍន៍​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៃ​បណ្ដា​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើការ​សម្រេច​ចិត្ត​លើ​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ដើម្បី​បន្ត​កិច្ច​សហការ​ផ្នែក​បរិស្ថាន​របស់​តំបន់​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣ ដែល​ប្រារព្ធ​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ២៨ កក្កដា។

កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​អភិរក្ស​បរិស្ថាន​ទន្លេ​មេគង្គ បាន​អបអរ​សាទរ​ចំពោះ​កិច្ច​ប្រជុំ​នេះ ហើយ​សង្ឃឹម​ថា នឹង​ផ្ដល់​ជា​ប្រយោជន៍​ដល់​ការ​ចូល​រួម​អភិវឌ្ឍ​ទន្លេ​មេគង្គ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​នេះ។

​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​បរិស្ថាន​នៃ​អង្គការ​សេប៉ា លោក តឹក វណ្ណរ៉ា មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ​គួរ​តែ​ពិនិត្យ​លើ​បញ្ហា​មួយ​ចំនួន​ជា​អាទិភាព​ក្នុង​ការ​កសាង និង​ស្ដារ​ឡើង​វិញ​នូវ​ការ​ខូចខាត​បរិស្ថាន​នៅ​អាង​ទន្លេ​មេគង្គ​នេះ ៖ «បញ្ហា​សំខាន់​មួយ​ទៀត​ទាក់​ទង​នឹង​បញ្ហា​មេ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន ទន្លេ​មេគង្គ​គួរ​តែ​ត្រូវ​ដាក់​បញ្ចូល ហើយ​ធ្វើការ​ពិភាក្សា​ដើម្បី​ឲ្យ​មាន​ផែនការ​មេ​សម្រាប់​ប្រទេស​ទាំង​៤ ឬ​ប្រទេស​ទាំង ៦​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ផែនការ​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ បរិស្ថាន​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាជន​ដែល​កំពុង​រស់​នៅ​ពឹង​អាស្រ័យ​ផ្ទាល់​ទៅ​លើ​ធនធាន​ទន្លេ​មេគង្គ ដែល​ពួកគាត់​កំពុង​រស់​នៅ​ហ្នឹង»

លោក​បន្ត​ថា ចំណុច​ចាំបាច់​ដូចជា​បញ្ហា​បរិស្ថាន​ទឹក​ដែល​កំពុង​មាន​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​វារីអគ្គិសនី ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​គម្រោងការ​អភិវឌ្ឍ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​សឹក​រេចរឹល​តំបន់​ព្រៃ​ទឹក​ភ្លៀង ព្រៃ​ជម្រាល​នៅ​តំបន់​មាត់​អាង​ទន្លេ​មេគង្គ។ បញ្ហា​សេដ្ឋកិច្ច​គេ​គួរ​តែ​គិតគូរ​អភិវឌ្ឍ​លើ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ និង​កុំ​ឲ្យ​មាន​ការ​គំរាមកំហែង​ពី​គម្រោង​អភិវឌ្ឍន៍​ធំៗ​នានា។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន )Hillary Clinton) បាន​សម្ដែង​នូវ​ក្ដី​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​អាង​ទន្លេ​មេគង្គ ដែល​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សហគមន៍​នៅ​តំបន់​នោះ ដូចជា​បរិស្ថាន សុខាភិបាល ការ​អប់រំ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជាប់​នឹង​ដង​ទន្លេ​មេគង្គ លើក​ទី​៤ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១១ លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ស្នើ​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​ទន្លេ​មេគង្គ សូម​ឲ្យ​ផ្អាក​ធ្វើការ​ពិចារណា​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​រយៈ​សិន​រហូត​មាន​ការ​សិក្សា​ថ្មី​មួយ​ច្បាស់លាស់​ជាង​ពេល​បច្ចុប្បន្ន​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឲ្យ​ដឹង​ដែរ​ថា បណ្តា​ប្រទេស​ជា​សមាជិក​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បាន​ចូល​រួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​បរិស្ថាន​ថ្នាក់​តំបន់​តាម​រយៈ​កម្មវិធី​ស្នូល និង​​បាន​ផ្ដួចផ្ដើម​ច្រក​របៀង​អភិរក្ស​ជីវចម្រុះ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ កម្មវិធី​នេះ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ ៣០​លាន​ដុល្លារ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១១​នេះ។

គម្រោង​មួយ​នេះ​បាន​ផ្ដល់​ថវិកា​រួម​គ្នា​ពី​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​សហប្រតិបត្តិការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​គាំទ្រ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

នាយក​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក គូណូ សេនហ្កា (Kunio Senga) មាន​ប្រសាសន៍​ថា មហា​អនុ​តំបន់​ទន្លេ​មេគង្គ គឺ​ជា​អនុ​តំបន់​ដែល​មាន​ភាព​រស់​រវើក​ផ្នែក​សេដ្ឋកិច្ច​ជាង​គេ​ជាមួយ​ពិភពលោក។

ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ រួម​មាន កម្ពុជា ចិន ឡាវ ភូមា ថៃ និង​ប្រទេស​វៀតណាម៕